ជាតិ
បទវិភាគ
គួរលុបចោលគំនិតដែលថា អ្នករិះគន់ គឺជាបន្លាក្នុងកែវភ្នែក ជាខ្មាំង ឬក្រុមប្រឆាំង!
×
ភ្នំពេញ៖ ការរិះគន់ពិតជាមានសារៈសំខាន់ណាស់ចំពោះការកែលម្អកំហុសឆ្គងរបស់បុគ្គល និងស្ថាប័ន ពីព្រោះថា គ្មានមនុស្សណាម្នាក់ ឬស្ថាប័នណាមួយអាចជៀសផុតពីកំហុសឆ្គង ឬការខ្វះចន្លោះឡើយ ទោះបីដោយចេតនា ឬអចេតនាក្ដី។ ក៏ប៉ុន្តែ ការរិះគន់ត្រូវតែរបៀបសមស្រប និងប្រកបដោយគោលបំណងល្អ ឬហៅថាការរិះគន់ស្ថាបនា។ ឯអ្នកត្រូវគេរិះគន់វិញ ក៏មិនត្រូវត្រូវចាត់ទុកអ្នករិះជាសត្រូវ ឬជាខ្មាំងរបស់ខ្លួនដែរ គួរចាត់ទុកពួកគេជាអ្នករួមចំណែកក្នុងការកែលម្អកំហុសឆ្គងរបស់ខ្លួន។
ការរិះគន់ មានន័យថាជាការត្រួតពិនិត្យមើលការងាររបស់អ្នកណាម្នាក់ (ឬក្រុមណាមួយ) ឬការពិភាក្សា ឬការផ្ដល់យោបល់លើអ្វីមួយ ពោលគឺសំដៅយកការវាយតម្លៃជាលាយលក្ខណ៍អក្សរ ឬការផ្សព្វផ្សាយអំពីអ្វីមួយ ជាធម្មតា វាជាការងារប្រកបដោយប្រឌិតញ្ញាណ ដែលមានការផ្ដល់យោបល់ ឬការវាយតម្លៃអំពីគុណភាពល្អ ឬអាក្រក់របស់អ្វីមួយ។ នៅក្នុងសង្គម មានការយល់ខុសៗគ្នាអំពីសារៈសំខាន់នៃការរិះគន់នេះ អ្នកខ្លះយល់ថាវាមានតម្លៃគួរត្រូវបានគេគាំទ្រនិងលើកកម្ពស់ទាំងផ្លូវច្បាប់និងសីលធម៌ អ្នកខ្លះទៀតយល់ថា វាមិនមានតម្លៃទេ ផ្ទុយទៅវិញ វានាំឱ្យមានជម្លោះ មានភាពច្របូកច្របល់ និងរាំងស្ទះដល់ការងារ ជាដើម។
យោងតាមពិនិត្យអង្កេត និងការវិភាគ យើងបានមើលឃើញថា ក្នុងការអនុវត្តជាក់ស្តែង ការរិះគន់មានបីប្រភេទ គឺការរិះគន់ស្ថាបនា ការរិះគន់ឈ្នានីស ឬការរិះគន់បំផ្លិចបំផ្លាញ និងការរិះគន់ដើម្បីរិះគន់។
១) ការរិះគន់ស្ថាបនា គឺជាការផ្ដល់យោបល់ ឬការវាយតម្លៃអំពីគុណភាពល្អ ឬអាក្រក់របស់អ្វីមួយ ឬការងាររបស់អ្នកណាម្នាក់ ឬក្រុមណាមួយ ដោយផ្អែកលើការសិក្សា ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ គ្រប់ជ្រុងជ្រោយ ដើម្បីឈានទៅដល់ការវាយតម្លៃអំពីចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈម ព្រមទាំងបង្ហាញពីដំណោះស្រាយសមស្របមួយចំនួនចំពោះបុគ្គល ឬស្ថាប័នដែលត្រូវបានគេរិះគន់នោះ។
២) ការរិះគន់ឈ្នានីស ឬការរិះគន់បំផ្លិចបំផ្លាញ គឺជាជាការផ្ដល់យោបល់ ឬការវាយតម្លៃអំពីគុណភាពរបស់អ្វីមួយ ឬការងាររបស់អ្នកណាម្នាក់ ឬក្រុមណាមួយ ដោយផ្អែកតែលើផ្នែកអវិជ្ជមាន និងចំណុចខ្សោយ រួមទាំងមានការមួលបង្កាច់ ការប្រឌិតរឿង ការលាបពណ៌ និងការបំផ្លើសការណ៍ពិត ក្នុងន័យច្រណែន ឬចង់ផ្ដួលរំលំដៃគូប្រជែងរបស់ខ្លួន។ ការរិះគន់ប្រភេទនេះ មិនបានបង្ហាញពីដំណោះស្រាយសមស្របណាមួយចំពោះបុគ្គល ឬស្ថាប័នដែលត្រូវបានគេរិះគន់នោះទេ។
៣) ការរិះគន់ដើម្បីរិះគន់ គឺជាការផ្ដល់យោបល់ ឬការវាយតម្លៃអំពីគុណភាពរបស់អ្វីមួយ ឬការងាររបស់អ្នកណាម្នាក់ ឬក្រុមណាមួយ ដោយផ្អែកលើបុរេនិច្ឆ័យ គ្មានទិន្នន័យ គ្មានព័ត៌មាន គ្មានសុភនិច្ឆ័យ និងគ្មានមូលដ្ឋានច្បាស់លាស់ ដោយគ្រាន់តែថាតាមនឹកឃើញ ថាតាមអារម្មណ៍ ឬអាចនិយាយបានថាជាប្រភេទនៃការរិះគន់បែបទម្លាប់ ឬសភាវគតិ ពោលគឺអ្វីមួយត្រូវក៏រិះគន់ អ្វីមួយខុសក៏រិះគន់ឱ្យតែអ្វីនោះមិនស្របនឹងឆន្ទៈ អារម្មណ៍ ឬទស្សនៈរបស់ខ្លួន។
ជាសន្និដ្ឋាន ការរិះគន់ប្រភេទទី២និងទី៣ យើងមិនគួរទទួលយកទេ ពីព្រោះវាមិនបានផ្ដល់មូលដ្ឋានត្រឹមត្រូវ ច្បាស់លាស់ និងរឹងមាំ សម្រាប់ឱ្យអ្នកត្រូវគេរិះគន់យកទៅកែលម្អកំហុស ឬចំណុចខ្វះចន្លោះរបស់ខ្លួនបានទេ ឬអាចនិយាយបានថា វាមិនមានភាពចាំបាច់ចំពោះសង្គមឡើយ។
ផ្ទុយទៅវិញ ការរិះគន់ប្រភេទទី១ មានភាពចាំបាច់សម្រាប់កំណែទម្រង់សង្គម ដែលបុគ្គល ឬស្ថាប័នគួរ ឬត្រូវតែទទួលយក ពីព្រោះវាបានផ្ដល់យោបល់ ឬការវាយតម្លៃអំពីគុណភាពពិត តាមលក្ខណៈវិទ្យាសាស្ត្រ ដែលអ្នកត្រូវគេរិះគន់អាចយកទៅប្រើប្រាស់ដើម្បីកែលម្អកំហុសឆ្គង ឬចន្លោះប្រហោងដែលខ្លួនមានកន្លងមក។ ហេតុនេះ បុគ្គល ឬស្ថាប័នដែលមានកំហុសឆ្គង ត្រូវតែហ៊ានទទួលយកការណ៍ពិត និងទទួលយកការរិះគន់ប្រភេទទី១នេះ ព្រមទាំងត្រូវជម្រុះចោលគំនិតដែលយល់ថា អ្នករិះគន់គឺជាបន្លាក្នុងកែវភ្នែក អ្នករិះគន់គឺជាខ្មាំង ជាក្រុមប្រឆាំង និងជាសត្រូវរបស់ខ្លួនដែលត្រូវតែកំចាត់ចោល។ ប៉ុន្តែ អ្នករិះគន់ ក៏មិនត្រូវប្រកាន់របៀបរិះគន់បែបទី២និងទី៣ដែរ៕
ដោយ សច្ចវិទូ
© រក្សាសិទ្ធិដោយ thmeythmey.com