ជាតិ
បទ គាន់​ដូ​មាសស្នេហ៍ របស់លោក ស៊ីន ស៊ី​សាមុត មានកំណើត​ពី​អ៊ីតាលី
30, Sep 2015 , 3:17 pm        
រូបភាព
ដោយ: ថ្មីៗ
ប្រិយមិត្ត​អ្នក​ស្តាប់​ជាទី​មេត្រី​នៅ​ថ្ងៃ​ពុធ​នេះ​លោក សុខឿន នឹង​ជំរាបជូន​ប្រិយមិត្ត​អ្នក​ស្តាប់ អំ​ពីបទ​ចម្រៀង​អ៊ីតាលី​មួយ​បទ​ដែលមាន​ចំណងជើង​ថា «Quando, Quando, Quando» និង​បទ​ចម្រៀង​ខ្មែរ​ដែលមាន​ចំណងជើង​ថា«គាន់​ដូ​មាសស្នេហ៍» របស់លោក ស៊ីន ស៊ីសា​មុត ។



សំឡេង



Quando, Quando, Quando នេះ ជា​ចំណងជើង​នៃ​បទ​ចម្រៀង​ដែល​លោកអ្នក​កំពុង​ស្តាប់​នៅពេលនេះ។ ចំណងជើង​នេះ មានន័យ​ជា​ភាសា​ខ្មែរ​ថា ពេលណា ពេលណា ពេលណា។  Quando, Quando, Quando គឺជា​បទ​ចម្រៀង​ដ៏​ពេញនិយម​របស់​អ៊ីតាលី ដែល​ត្រូវបាន​ប្រគំ​ឡើងជា​ចង្វាក់​បូ​សាណូ​វ៉ា (Bossa nova) ។


    Quando, Quando, Quando ប្រសូត​ឡើង​ដោយ​ស្នាដៃ​និពន្ធ​ទំនុកច្រៀង​របស់​កវី​អ៊ីតាលី​ឈ្មោះ​អាល់​ប៊ើ​តូ ថិ​ស្តា (Alberto Testa) និពន្ធ​បទ​ភ្លេង និង​ច្រៀង ដោយ​អ្នកចម្រៀង​ឈ្មោះ តូ​នី រ៉េ​នី​ស (Tony Renis)។ បទ​ចម្រៀង​នេះ បានចេញ​លក់​នៅ​ឆ្នាំ ១៩៦២ ។

នៅ​ឆ្នាំ ១៩៦២ ដដែល បទ​ចម្រៀង​នេះ​ត្រូវបាន​ទំនុក​ជា​ភាសា​អង់គ្លេស​ដោយ​កវី ឈ្មោះ អ៊ើ​វីន ដ្រេ​ក ( Ervin Drake) និង​ច្រៀង​ដោយ​អ្នកចម្រៀង​អាមេរិកាំង​ឈ្មោះ ភែ​ត ប៊ូ​ន (Pat Boone)។ ជា​បន្តបន្ទាប់ បទ​ចម្រៀង Quando, Quando, Quando ត្រូវបាន​អ្នក ចម្រៀង​ជាច្រើន​នាក់​យកទៅ​ច្រៀង​ជា​ភាសាជាតិ​របស់ខ្លួន។ ក្នុងចំណោម​អ្នក​ដែល​ច្រៀង​បទ​នេះ​ជា​ភាសា​អង់គ្លេស អ្នកចម្រៀង​ប៉ប់ ឈ្មោះ អ៊ីង​ហ្គឹ​ល​ប៊ើ​ត ហាំ​ផឹ​ឌី​ង ( Engelbert Humperdinck) ទទួលបាន​ប្រជាប្រិយភាព​ជាង។


ទាំង​បទ​ចម្រៀង​ជា​ភាសា​អ៊ីតាលី និង បទ​ចម្រៀង​ជា​ភាសា​អង់គ្លេស សុទ្ធតែ​បាន​ច្រៀង រៀបរាប់​អំពី អារម្មណ៍​របស់​បុរស​ម្នាក់ ដែល​បាន​ឃ្លាត​ចាក​ពី​នារី​ជាទី​ស្រឡាញ់​របស់ខ្លួន។ បុរស​នោះ រង់ចាំ​ពេលវេលា​ណាមួយ​ដែល​នារី​ជាទី​ស្រឡាញ់​ត្រឡប់​មករក​ខ្លួន​វិញ ដើម្បី​ផ្តើម​ស្នេហ៍​ជាថ្មី។ 

នៅ​កម្ពុជា​ឯណេះ​វិញ នៅ​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ ១៩៦០ ផលិតកម្ម​ខេមរា​ថាស បានចេញ លក់​បទ​ចម្រៀង​នេះ​ជា​ភាសា​ខ្មែរ ។ បទ​នេះ​និពន្ធ​ទំនុកច្រៀង​ជាថ្មី ដោយ​លោក ទេព សុខុម និង ច្រៀង​ដោយ​លោក ស៊ីន ស៊ី​សាមុត។

បទ​ចម្រៀង​នេះ មាន​ចំណងជើង​ថា គាន់​ដូ​មាសស្នេហ៍។ ផ្ទុយ​ពីបទ​ចម្រៀង​ជា​ភាសា​អ៊ីតាលី និង អង់គ្លេស បទ​ចម្រៀង​នេះ​បាន​ច្រៀង​រៀបរាប់ អំពី​សម្រស់​នារី​ម្នាក់​ដែល​ស្រស់ ស្អាត​គ្មាន​គូ​ផ្ទឹម។ សម្រស់​នេះ បាន​ទាក់ទាញ​ទឹកចិត្ត​កវី និងប្រុសៗគ្រប់​ប្រាណ​អោយ​លង់​ស្នេហ៍​នឹង​នាង។ ប៉ុន្តែ យុវជន​យើង បែរជា​យល់ថា នារី​នោះ​នៅ​ខ្ពស់​ហួស​ឆ្ងាយ​នឹង​ឈោង​ចាប់​ទៅវិញ។

ប្រជាប្រិយភាព​របស់​ប​ទ​ចម្រៀង Quando, Quando, Quando បាន​រសាត់​ឆ្លង​សតវត្សរ៍ អស់​រយៈពេល៥៣ហើយ។  បទ​ចម្រៀង​នេះ ត្រូវបាន​គេ​កែសម្រួល​និង ផលិត​ឡើងវិញ ជា​ភាសា​ប៉​ទុយ​ហ្គា​ល់ ភាសា​អាល្លឺម៉ង់ ភាសា​ប៉​តូ​រី​កូ ភាសា​អ៊ី​ស្តូ​នៀ ភាសា​វៀតណាម ជាដើម។ បទ​ចម្រៀង​ទាំងនោះ ត្រូវបាន​ផលិត​ដើម្បី​ដាក់លក់ ចាក់ផ្សាយ​តាម​វិទ្យុ ទូរទស្សន៍ និង ដាក់បញ្ចូល​ក្នុង​ខ្សែភាពយន្ត​ផងដែរ។ 





Tag:
 ​ចម្រៀង
  លោក ឃុត សុខឿន
© រក្សាសិទ្ធិដោយ thmeythmey.com