ជាតិ
យុវជនរៀបចំពិព័រណ៍«ស្នាដៃ និងអនាគត» ដើម្បីលើកកម្ពស់វប្បធម៌ខ្មែរ
×
យុវជនមួយក្រុម ដែលមានឈ្មោះថា« រីកសាយ» នឹងរៀបចំពិព័រណ៍មួយ ស្តីពី«ស្នាដៃ និងអនាគត លើកទីបី» រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៨-២៩ខែមីនា ចុងសប្តាហ៍នេះ នៅឯសាលមហោស្រពចតុមុខ។
លោក ឡោ វុឌ្ឍី ប្រធានក្រុមរីកសាយ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃនេះថា៖«ពិព័រណ៍ ស្នាដៃ និងអនាគត លើកទីបីនេះ រៀបចំឡើងដើម្បីបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសជំរុញឲ្យយុវជនខ្មែរចូលរួមថែរក្សា លើកតម្កើងសិល្បៈវប្បធម៌របស់ខ្លួន និងចូលរួមទប់ស្កាត់លំហូរចូលវប្បធម៌បរទេស ព្រមទាំង ផ្តល់ឱកាសឲ្យយុវជនបានបញ្ចេញនូវស្នាដៃ ទេពកោសល្យ និងមានគំនិតច្នៃប្រឌិតខាងផ្នែកសិល្បៈ របស់ខ្លួនផងដែរ។
លោក ឡោ វុឌ្ឍី បន្តថា ពិព័រណ៍នេះ ផ្តោតសំខាន់ជាងគេ គឺល្ខោនខោល ដោយសារតែសព្វថ្ងៃនេះយុវជនខ្មែរហាក់មិនសូវចាប់អារម្មណ៍ និងមានចំណេះតិចតួចពីសិល្បៈខ្មែរមួយនេះ និងមានអ្នកចេះដឹង និងហាត់រៀនតិចតួចបំផុត។ ដូច្នេះតាមរយៈពិព័រណ៍នេះ អាចផ្តល់ចំណេះដឹងបន្ថែមទៀតដល់យុវជន។
ពិព័រណ៍ ស្នាដៃ និងអនាគតលើកទី៣ ដែលនឹងចាប់ផ្តើមនៅ ថ្ងៃសៅរ៍ស្អែកនេះ មានការដាក់តាំងស្នាដៃរបស់និស្សិតមកពីសាកលវិទ្យាល័យនានា និងស្តង់ស្នាដៃផ្សេងទៀតជាង៦០ស្តង់។ ក្រៅពីនោះក៏មានការលេងល្បែងប្រជាប្រិយ និងរាំរែក កម្មវិធីពិភាក្សាតទល់រវាងយុវជន លើប្រធានបទវប្បធម៌ ព្រមទាំងការសម្តែងសិល្បៈប្រពៃណីខ្មែរចម្រុះរួមមាន ជារបាំអប្សរា របាំក្រម៉ា របាំសហសម័យ ការបង្ហាញម៉ូដសម្លៀកបំពាក់ច្នៃពីប្លាស្ទិក និងក្រដាសជាដើម ជាពិសេសគឺការសម្តែងល្ខោនខោល។
© រក្សាសិទ្ធិដោយ thmeythmey.com