ជាតិ
សុខភាព
នៅ​ឆ្នាំ២០១៥នេះ កម្ពុជា លុបបំបាត់ ជំងឺ​ក​ញ្ជ្រិ​ល ទាំងស្រុង
27, Mar 2015 , 8:15 pm        
រូបភាព
ដោយ: ថ្មីៗ

 

ភ្នំពេញ៖អង្គការ​សុខភាព ពិភពលោក (WHO) បានប្រកាស​ឲ្យ​ដឹង នៅ​ថ្ងៃ​សុក្រ​នេះ​ថា​កម្ពុជា​បាន​លុបបំបាត់​ជំងឺ​ក​ញ្ជ្រិ​ល​ទាំងស្រុង នៅក្នុង​ឆ្នាំ២០១៥នេះ ។



សេចក្ដីប្រកាស​ព័ត៌មាន​របស់​អង្គការ​សុខភាព ពិភពលោក (WHO) បាន​បន្ដថា គណៈកម្មការ​វាយតម្លៃ នៃ​ការបំបាត់​ជំងឺ​ក​ញ្ជ្រិ​ល​របស់​អង្គ ការ​សុខភាព​ពិភពលោក បាន​ទទួលស្គាល់ថា កម្ពុជា​បាន​បំបាត់​ជំងឺ​ក​ញ្ជ្រិ​ល​ទាំងស្រុង ។ ហើយ​ចាប់តាំងពី​ឆ្នាំ២០១១មក មន្ទី​ពិសោធន៍​បាន​កត់សម្គាល់ថា មិនបាន​រកឃើញ​ករ​ណី​ជំងឺ​ក​ញ្ជ្រិ​ល​នៅ​កម្ពុជា​ឡើយ ។

សេចក្ដីប្រកាស​ដដែល​ប​ន្ថែ​ម​ថា កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៤ គណៈកម្មាធិការ​នេះ ក៏បាន​សន្និដ្ឋានថា ប្រទេស​កម្ពុជា​បានសម្រេច​បំបាត់​ការឆ្លង​មេរោគ​ក​ញ្ជ្រិ​ល​អស់​រយៈពេល ៣៦ខែ​រួចមកហើយ និង​មានលទ្ធភាព​ស្នើ​ឲ្យ​មានការ វាយតម្លៃ​ដោយ​គណៈកម្មាធិការ​វាយតម្លៃ របស់​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់។

លោក​វេជ្ជបណ្ឌិត Dong ilAhnតំណាង​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​ប្រទេស​កម្ពុជា​បាន​អបអរសាទរ ចំពោះ​រាជរដ្ឋាភិបាល ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ឆ្ពោះទៅរក​ការបំបាត់​ជំងឺ​ក​ញ្ជ្រិ​ល​ក្នុង​រយៈពេល​ជាច្រើន ទសវត្សរ៍​កន្លងមក ។ លោក​បានបញ្ជាក់​បន្ថែម​ថា « ជំហាន​បន្ទាប់​របស់​យើង គឺ​ត្រូវ​ពង្រឹង​ការតាមដាន​ជំងឺ និង​រក្សា​ឲ្យ​បាន​នូវ​ភាព សុំា​ក្នុងចំណោម​ប្រជាជន​កម្ពុជា​ឲ្យ​បាន​ខ្ពស់​ជានិច្ច » ។


ប្រទេស​កម្ពុជា បាន​ចូលរួម​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ខាងលិច ចំនួន ៦ប្រទេស​ផ្សេងទៀត រួមមាន​ប្រទេស​អូស្ត្រាលី ប្រទេស​ប្រ៊ុយណេ ដា​រូ​សា​ឡឹម ប្រទេស​ជប៉ុន ទីក្រុង​ម៉ា​កាវ (សាធារណរដ្ឋ​ប្រជា​មាន​តិ​ចិន) ប្រទេស​ម៉ុង​ហ្គោ​លី និង​សាធារណរដ្ឋ កូរ៉េ ដែលជា​ប្រទេស​សម្រេច​បានជា​ស្ថាពរ​នូវ​ស្ថានភាព​គ្មាន​ជំងឺ​ក​ញ្ជ្រិ​ល ។ជំងឺ​ក​ញ្ជ្រិ​ល​ជា​ជំងឺឆ្លង​ខ្លាំងជាងគេ​បំផុត នៅ​ទូទាំង​ពិភពលោក ដោយបាន​សម្លាប់​មនុស្ស​ប្រមាណ​ជា ៤០០នាក់ ជា រៀងរាល់ថ្ងៃ ដែល​ភាគច្រើន​ជា​កុមារ​ដែលមាន​អាយុ​ក្រោម ៥ឆ្នាំ ឬ ១៦នាក់ បាន​ស្លាប់​ជា​រៀងរាល់​ម៉ោង ៕



© រក្សាសិទ្ធិដោយ thmeythmey.com