ជាតិ
បទវិភាគ
នយោបាយជាតិ
លោកស្រី ពុង ឈីវកេក ប្រធានអង្គការ លីកាដូ ដែលគណបក្សជាប់ឆ្នោតទាំងពីរបានគាំទ្រឲ្យក្លាយជាបេក្ខជនទី៩ ក្នុង គ.ជ.ប ថ្មី
× លិខិតមិត្តអ្នកអាន
ដោយ ធូ វាសនា រស់នៅរតនគិរី
[email protected]
អត្ថបទនេះសរសេរជាពិសេសជួនលោកស្រី ពុង ឈីវកេក ដែលត្រូវបានជ្រើសរើសជាអ្នកទី៣ ក្នុងសមាសភាពអ្នកដឹកនាំ គ.ជ.ប។ យើងក្រលេកមើលកាល២០ឆ្នាំមុន ឬថា កាលពី៥អាណត្តិមុន។ ក្រៅពីការរៀបចំការបោះឆ្នោត ដោយអង្គការសហប្រជាជាតិនៅឆ្នាំ៩៣ គឺគ្មានការបោះឆ្នោតណាមួយ ដែលភាគឺអ្នកចាញ់សុខចិត្តទទួលនោះទេ។ នេះនៅមិនគិតពីការឡាំប៉ារបស់គណបក្សប្រជាជននៅឆ្នាំ១៩៩៣ រហូតទាល់តែបានដំណែងជានាយករដ្ឋមន្ត្រីទី២ផង។
តាំងពីការបោះឆ្នោតរៀបចំឡើងដោយ គ.ជ.ប ខ្មែរមក ទំនុកចិត្តពីគ្រប់ភាគីចូលរួមការបោះឆ្នោត រួមទាំងប្រជារាស្ត្រខ្មែរ គណបក្សនយោបាយខ្មែរ និង អ្នកចូលរួមសង្កេតការណ៍ ពួកគេមិនដែលបានស្ងប់ចិត្តម្តង ណាឡើយ។ ជាក់ស្តែង បើយើងសង្កេតមើលរបាយការណ៍អ្នកសង្កេតការណ៍បោះឆ្នោត មិនដែលមានការបោះឆ្នោតណាមួយ ដែលអ្នក សង្កេតការណ៍អន្តរជាតិទទូលយកបាននោះទេ។ តែទោះជាទទួល ឬមិនទទួលយកបាន ក៏ត្រូវតែទទូល ព្រោះនេះ ជាព្រហ្មលិខិត។
មានពាក្យមួយនិយាយថា «សង្ឃឹម ឬ មិនសង្ឃឹម គឺត្រូវតែរស់។ រស់ ឬ មិនរស់ ក៏ត្រូវតែសង្ឃឹម»។
ថ្វីដ្បិតតែច្បាប់បោះឆ្នោតថ្មីមិនបានល្អឥតខ្ចោះ មិនបានដូចការចង់បានមួយរយភាគរយ តែត្រូវតែទទូលស្គាល់ចំណុចដែលល្អ។ ដោយមិនបាច់លើកឡើងច្រើន យើងលើក យកតែចំណុចល្អ ២ចំណុចប៉ុណ្ណោះ។
ទី១) បញ្ជីឈ្មោះបោះឆ្នោតថ្មី ថ្វីដ្បិតតែ ត្រូវប្រើបញ្ជីចាស់ជាគោល គឺវាគ្មានអ្វីទាស់ខុសនោះទេ ដូចពាក្យចាស់លោកពោលថា មានរបស់មិនប្រើ ដូចជាខ្ជះខ្ជាយពេក។
ទី២) សមាសភាពគ.ជ.ប គឺមានអ្នកទី៣ ជាអ្នកដែលត្រូវបានរើសដោយការព្រមព្រៀងនៃបក្សទាំងពីរ។ អ្វីដែលពិសេសនោះ គឺការព្រមព្រៀងរើសវីរៈនារីម្នាក់ដែលធ្លាប់ជួយជ្រោមជ្រែងអោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺ លោកស្រី ពុង ឈីវកេក។
ទម្រាំមកដល់ចំណុចនេះ ឈាមវីរៈជនខ្មែរ ហូរមិនតិចទេ មិនថាតែបក្សនយោបាយ ឬសកម្មជនសង្គមស៊ីវិល រួមទាំងបក្សកាន់អំណាចផងដែរ ដែលទ្រាំទ្រលេបថ្មលេបគ្រួស រងការជេរត្មះតិះដៀលពីគ្រប់មជ្ឈដ្ឋាន។ ភាពជូរចត់បែបនេះ ថ្វីដ្បិតតែ មិនដូចជំនាន់ ប៉ុលពត តែបានធ្វើអោយប្រជារាស្ត្រខ្មែរ អ្នកនយោបាយ បញ្ញវន្ត ស៊ីមិនឆ្ងាញ់ ដេកលក់មិនស្រួលនោះទេ។ គឺអាចនិយាយបានថា៖ អ្នកចាញ់ ចាញ់ដោយ មិនអស់ចិត្ត ហើយអ្នកឈ្នះ ក៏ឈ្នះទាំងមិនមានកិត្តិយស។
អ្វីដែលល្អនៅក្នុងច្បាប់នេះ គឺចាញ់ក៏ដោយ ឈ្នះក៏ដោយ គឺមិនអោយបាតុកម្មតវ៉ា។ គឺបង្ខំអោយបក្សនយោបាយទាំងអស់ តាំងចិត្តជាអ្នកលេង។ បើលេងកុំខឹង បើខឹងកុំលេង។ តែលទ្ធផលនៃការបោះឆ្នោត ទទូលយកបាន ឬ មិនទទូលយកបាន គឺអាស្រ័យលើ ការសម្រេចរបស់គ.ជ.ប ដែលមានសមាសភាពអ្នកទី៣ ជាអ្នកអារកាត់ ព្រោះមិនអាចពឹងលើ ឆន្ទៈស្នេហាជាតិ របស់អ្នកតំណាងបក្សនយោបាយនោះទេ។ គេជ្រកក្រោមដើមឈើរបស់គេ ច្បាស់ជាស្រោចទឹកដើមឈើគេហើយ ឯដើមឈើដែលរាស្ត្រជ្រក គឺមិនអាចពឹងអ្នកផ្សេងមកស្រោចទឹកនោះទេ។ ឬអាចនិយាយបានថា អ្នកទី៣នេះ គឺជាតំណាងសំឡេងរបស់រាស្ត្រ១៥លាននាក់ នៅក្នុងសមរភូមិ គ.ជ.បនេះ។ ដូច្នេះ បើគ្មានអ្នកទី៣ ដែលអាចជឿទុកចិត្តបានទេ ទោះជាច្បាប់ ហាមមិនអោយ តវ៉ាក៏រាស្ត្រនៅតែចេញមកតាមផ្លូវតវ៉ាដែរ។
គ្រាន់តែនិយាយត្រួសៗប៉ុណ្ណេះ យើងដឹងហើយ អ្នកទី៣សំខាន់ប៉ុណ្ណា សំរាប់ជ្រោងទឹកចិត្តរាស្ត្រខ្មែរ និងថែរក្សាស្ថេរភាពនយោបាយរបស់ខ្មែរក្រោយពេលបោះឆ្នោត។ តែថ្មីៗនេះ លោកស្រី បែរជាបង្ហាញភាពស្ទាក់ស្ទើរក្នុងការធ្វើជាតំណាងរបស់រាស្ត្រខ្មែរ ក្នុងសមាសភាព គ.ជ.ប នេះទៅវិញ។ រឿងនេះធ្វើអោយរាស្ត្រខ្មែរ ជាពិសេស គឺបញ្ញវន្ត មានការព្រឺព្រួច ភ័យអរៗ បុកពោះ បះរោមគ្រប់គ្នា។ ខ្លាចតែលោកស្រី បោះបង់ឱកាសនេះចោល គឺច្បាស់ជាដូច ដាំបាយពុះក្រុកៗហើយ បែរជាក្រឡាច់ចង្ក្រាន ចាក់បាយទាំងឆ្នាំងចោលនោះទេ។
ក្នុងនាមជារាស្ត្រខ្មែរ យើងខ្ញុំយល់ពីទុកកង្វល់របស់លោកស្រី ខ្លាចធ្វើកិច្ចការមិនបានល្អ មិនបានបំពេញតាមឆន្ទៈរបស់រាស្ត្រ។ យើងក៏មើលឃើញដែរថា លោកស្រីមិនដាច់ចិត្តបោះបង់ឱកាសជ្រោមជ្រែងសុខសន្តិភាពលើកទី២ ដែលជាសន្តិភាពផ្លូវចិត្ត ជួនប្រជារាស្ត្រខ្មែរនោះទេ គ្រាន់តែត្រូវប្រយ័ត្នប្រយែងអោយខ្លាំងបំផុតតាមដែលអាចធ្វើទៅបាន។ មុនចូលសមរភូមិ ត្រូវតែរៀបចំផែនការរាក់ជ្រៅអោយបានល្អិតល្អន់ គឺជារឿងត្រឹមត្រូវ។ តែខ្ញុំសូមជម្រាបលោកស្រីថា ទោះជាមួយជំហានដាច់ក្បាល ក៏លោកស្រីត្រូវតែចូលសមរភូមិនេះដែរ។
ដូច្នេះ ជូនយោបល់ដល់លោកស្រីថា៖ មុននឹងចេញសេចក្តីថ្លែងការណ៍ គួរតែសូមជួបមេដឹកនាំបក្សទាំងពីរ (សជ និង ប្រជ) រួមទាំងគាល់ព្រះមហាក្សត្រ (បើអាចទៅរួច) បង្ហាញពីកង្វល់ និងទាមទាអ្វីដែលលោកស្រី គិតថា ត្រឹមត្រូវ និង ផ្តល់ផលប្រយោជន៍ដល់ប្រជាជនខ្មែរ។
អ្វីដែលខ្ញុំបារម្ភ ក៏ដូចជាប្រជាជនខ្មែរមួយចំនួនដែរ គឺថា៖ ខ្លាចលោកស្រីបោះបង់ឱកាសនេះ ដោយសម្រេច មិនចូលសមរភូមិ។
លោកស្រី អាចពិចារណាលើពីរចំណុច៖
ទី១) គឺថា លោកស្រី មានអាទិភាព ដោយសារមេដឹកនាំបក្សទាំងពីរ បានអញ្ជើញលោកស្រី មកធ្វើជាអាជ្ញាកណ្តាល។ ដូច្នេះ លោកស្រី មានទឹកមាត់ប្រៃ ក្នុងការនិយាយជាមួយ មេដឹកនាំបក្សទាំងពីរ។ ទោះទាមទារមិនបានទាំងស្រុង តែលោកស្រី បានបង្ហាញប្រាប់ជនរួមជាតិថា លោកស្រីបានប្រឹងប្រែង អស់លទ្ធភាពហើយ។ តែបើលោកស្រី មិនពិភាក្សាជាមួយមេបក្សទាំងពីរនោះទេ ដោយគ្រាន់តែចេញសេចក្តីថ្លែងការណ៍ ហើយសំរេចមិនចូលរួមជាអ្នកទី៣ នៅគណៈដឹកនាំ គ.ជ.បនេះ គឺមានន័យថា លោកស្រីបោះបង់ឱកាស ជួយសង្គ្រោះនគរទាំងមូល ដែលមានជីវិត ប្រជាជន ១៥លាននាក់។
ទី២) ឧបមាថា សំណូមពរលោកស្រី មិនត្រូវបានបក្សទាំងពីរពិចារណាទៅចុះ។ បើជាខ្ញុំ ខ្ញុំនឹងរុញអោយដល់ជញ្ជាំង។ គឺថា ក) ខ្ញុំនឹងចេញសេចក្តីថ្លែងការណ៍បង្ហាញ ពីចំណុចអវិជ្ជមាននៃច្បាប់ និងអឆន្ទៈនៃផ្នែកនយោបាយរបស់បក្សទាំងពីរ។ ខ) ខ្ញុំនឹងចូលកាន់តំណែងនេះ ហើយប្រឹងប្រែងធ្វើជាអ្នកឯករាជ្យ វិនិច្ឆ័យតាមលក្ខណៈបច្ចេកទេស តាមគោលការណ៍យុត្តិធម៏ សច្ចៈធម៌ ទោះជាមួយជំហ៊ានដាច់ក្បាលក៏ដោយ។
កាលៈទេសៈនេះ ទោះលោកស្រីជ្រើសរើសក៏ដោយ មិនជ្រើសរើសក៏ដោយ ចូលក៏ដោយ មិនចូលក៏ដោយ ក៏ប្រវត្តិសាស្ត្រ បាន និងកំពុងកត់ឈ្មោះលោកស្រីបាត់ទៅហើយ។ គឺនៅសល់តែ ការកត់ចូលឆន្ទៈលោកស្រីចូលក្នុងបញ្ជីប៉ុណ្ណោះ។
សូមអភ័យទោសផង ដែលទម្លាក់អម្រែកដ៏ធ្ងន់ធ្ងរលើលោកស្រី។ តែនរណា អោយលោកស្រី ក្លាយខ្លួនជា ទីសង្ឃឹមដល់រាស្ត្រខ្មែរធ្វើអី? តើនរណាអោយលោកស្រី កើតមកជារាស្ត្រខ្មែរ មានគុណធម៌ សច្ចៈធម៌ ព្រហ្មវិហារធម៌ក្នុងខ្លួនធ្វើអី? លោកស្រីក៏ដឹងហើយថា រាស្ត្រខ្មែរខ្វះភាពកក់ក្តៅពីអ្នកដឹកនាំ និងពីអ្នកនយោបាយ ជាច្រើនទស្សវត្សមកហើយ។ បើលើកនេះ លោកស្រីមិនអើពើទេ លទ្ធផល គឺពិតជាពិបាកស្មានណាស់។
សូមលោកស្រី ពិចារណាអោយបានល្អិតល្អន់ យកផលប្រយោជន៍រាស្ត្រជាធំ។ អ្នកស្រីត្រូវចាំថា រាស្ត្រខ្មែរ នៅខាងលោកស្រីជារឿងរហូត ទោះជាមានរឿងអ្វីក៏ដោយ អោយតែលោកស្រីឈរនៅខាងរាស្ត្រខ្មែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com