ជាតិ
បទវិភាគ
​​​ន​យោ​បាយ​ជាតិ​
អ្នក​ទី៣
27, Mar 2015 , 5:16 pm        
រូបភាព
លោកស្រី ពុង ឈីវកេក ប្រធានអង្គការ​ លីកាដូ ដែល​គណបក្ស​ជាប់ឆ្នោតទាំងពីរ​បាន​គាំទ្រ​ឲ្យក្លាយជា​បេក្ខជន​ទី​៩​ ក្នុង​ គ.ជ.ប ថ្មី
លោកស្រី ពុង ឈីវកេក ប្រធានអង្គការ​ លីកាដូ ដែល​គណបក្ស​ជាប់ឆ្នោតទាំងពីរ​បាន​គាំទ្រ​ឲ្យក្លាយជា​បេក្ខជន​ទី​៩​ ក្នុង​ គ.ជ.ប ថ្មី
លិខិត​មិត្ត​អ្នកអាន
ដោយ ធូ វាសនា  រស់នៅ​រតនគិរី
[email protected]


អត្ថបទ​នេះ​សរសេរ​ជាពិសេស​ជួន​លោកស្រី ពុង ឈី​វ​កេក ដែល​ត្រូវបាន​ជ្រើសរើស​ជា​អ្នក​ទី៣ ក្នុង​សមា​សភាព​អ្នកដឹកនាំ គ.ជ.ប។ យើង​ក្រលេកមើល​កាល២០ឆ្នាំមុន ឬថា កាលពី៥អាណត្តិ​មុន។ ក្រៅពី​ការរៀបចំ​ការបោះឆ្នោត ដោយ​អង្គការ​សហ​ប្រជា​ជាតិ​នៅ​ឆ្នាំ៩៣ គឺ​គ្មាន​ការបោះឆ្នោត​ណាមួយ ដែល​ភាគឺ​អ្នកចាញ់​សុខចិត្ត​ទ​ទួល​នោះទេ។ នេះ​នៅ​មិន​គិតពី​ការ​ឡាំប៉ារបស់​គណបក្ស​ប្រជាជននៅ​ឆ្នាំ១៩៩៣ រហូត​ទាល់តែ​បានដំណែង​ជា​នាយករដ្ឋមន្ត្រីទី​២ផង។


តាំងពី​ការបោះឆ្នោត​រៀបចំឡើង​ដោយ គ.ជ.ប ខ្មែរ​មក ទំនុកចិត្ត​ពី​គ្រប់ភាគី​ចូលរួម​ការបោះឆ្នោត រួមទាំង​ប្រជារាស្ត្រ​ខ្មែរ គណបក្សនយោបាយ​ខ្មែរ និង អ្នកចូលរួម​សង្កេតការណ៍ ពួកគេ​មិនដែល​បាន​ស្ងប់ចិត្ត​ម្តង ណា​ឡើយ។ ជាក់ស្តែង បើ​យើង​សង្កេតមើល​របាយការណ៍​អ្នកសង្កេតការណ៍​បោះឆ្នោត មិនដែល​មានការ​បោះឆ្នោត​ណាមួយ ដែល​អ្នក សង្កេតការណ៍​អន្តរជាតិ​ទ​ទូល​យកបាន​នោះទេ។ តែ​ទោះជា​ទទួល ឬ​មិន​ទទួលយកបាន ក៏ត្រូវ​តែ​ទ​ទូល ព្រោះនេះ ជា​ព្រហ្ម​លិខិត។

មាន​ពាក្យ​មួយ​និយាយថា «សង្ឃឹម ឬ មិន​សង្ឃឹម គឺ​ត្រូវតែ​រស់។ រស់ ឬ មិន​រស់ ក៏​ត្រូវតែ​សង្ឃឹម»។

ថ្វីដ្បិតតែ​ច្បាប់បោះឆ្នោត​ថ្មី​មិនបាន​ល្អឥតខ្ចោះ មិនបាន​ដូច​ការចង់បាន​មួយរយ​ភាគរយ តែ​ត្រូវតែ​ទ​ទូល​ស្គាល់​ចំណុច​ដែល​ល្អ។ ដោយ​មិនបាច់​លើកឡើង​ច្រើន យើង​លើក យកតែ​ចំណុច​ល្អ ២ចំណុច​ប៉ុណ្ណោះ។
ទី១) បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី ថ្វីដ្បិតតែ ត្រូវ​ប្រើ​បញ្ជី​ចាស់​ជា​គោល គឺ​វា​គ្មានអ្វី​ទាស់ខុស​នោះទេ ដូច​ពាក្យចាស់​លោក​ពោលថា មាន​របស់​មិន​ប្រើ ដូចជា​ខ្ជះខ្ជាយ​ពេក។
ទី២) សមាសភាព​គ.ជ.ប គឺមាន​អ្នក​ទី៣ ជា​អ្នក​ដែល​ត្រូវបាន​រើស​ដោយ​ការព្រមព្រៀង​នៃ​បក្ស​ទាំងពីរ។ អ្វីដែល​ពិសេស​នោះ គឺ​ការព្រមព្រៀង​រើស​វីរៈនារី​ម្នាក់​ដែល​ធ្លាប់ជួយ​ជ្រោមជ្រែង​អោយមាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺ លោកស្រី ពុង ឈីវកេក។

ទម្រាំ​មកដល់​ចំណុច​នេះ ឈាម​វីរៈជន​ខ្មែរ ហូរ​មិនតិច​ទេ មិនថាតែ​បក្សនយោបាយ ឬ​សកម្មជន​សង្គម​ស៊ីវិល រួមទាំង​បក្ស​កាន់អំណាច​ផងដែរ ដែល​ទ្រាំទ្រ​លេប​ថ្ម​លេប​គ្រួស រង​ការ​ជេរ​ត្មះតិះដៀល​ពី​គ្រប់​មជ្ឈដ្ឋាន។ ភាពជូរចត់​បែបនេះ ថ្វីដ្បិតតែ មិន​ដូច​ជំនាន់ ប៉ុលពត តែ​បានធ្វើអោយ​ប្រជារាស្ត្រ​ខ្មែរ អ្នកនយោបាយ បញ្ញវន្ត ស៊ី​មិន​ឆ្ងាញ់ ដេកលក់​មិន​ស្រួល​នោះទេ។ គឺអាច​និយាយបានថា៖ អ្នកចាញ់ ចាញ់​ដោយ មិន​អស់ចិត្ត ហើយ​អ្នកឈ្នះ ក៏​ឈ្នះ​ទាំង​មិនមាន​កិត្តិយស។

អ្វីដែល​ល្អ​នៅក្នុង​ច្បាប់​នេះ គឺ​ចាញ់​ក៏ដោយ ឈ្នះ​ក៏ដោយ គឺ​មិនអោយ​បាតុកម្ម​តវ៉ា។ គឺ​បង្ខំ​អោយ​បក្សនយោបាយ​ទាំងអស់ តាំង​ចិត្តជា​អ្នកលេង។ បើ​លេង​កុំ​ខឹង បើ​ខឹង​កុំ​លេង។ តែ​លទ្ធផល​នៃ​ការបោះឆ្នោត ទ​ទូល​យកបាន ឬ មិន​ទ​ទូល​យកបាន គឺ​អាស្រ័យ​លើ ការសម្រេច​របស់​គ.ជ.ប ដែលមាន​សមាសភាព​អ្នក​ទី៣ ជា​អ្នកអារកាត់ ព្រោះ​មិនអាច​ពឹង​លើ ឆន្ទៈ​ស្នេហា​ជាតិ របស់​អ្នកតំណាង​បក្សនយោបាយ​នោះទេ។ គេ​ជ្រក​ក្រោម​ដើមឈើ​របស់គេ ច្បាស់​ជា​ស្រោច​ទឹក​ដើមឈើ​គេ​ហើយ ឯ​ដើមឈើ​ដែល​រាស្ត្រ​ជ្រក គឺ​មិនអាច​ពឹង​អ្នកផ្សេង​មក​ស្រោច​ទឹក​នោះទេ។ ឬ​អាច​និយាយបានថា អ្នក​ទី៣នេះ គឺជា​តំណាង​សំឡេង​របស់​រាស្ត្រ១៥លាន​នាក់ នៅក្នុង​សមរភូមិ គ.ជ.ប​នេះ។ ដូច្នេះ បើ​គ្មាន​អ្នក​ទី៣ ដែល​អាច​ជឿទុកចិត្ត​បានទេ ទោះជា​ច្បាប់ ហាម​មិនអោយ តវ៉ា​ក៏​រាស្ត្រ​នៅតែ​ចេញមក​តាមផ្លូវ​តវ៉ា​ដែរ។

គ្រាន់តែ​និយាយត្រួសៗប៉ុណ្ណេះ យើង​ដឹង​ហើយ អ្នក​ទី៣សំខាន់​ប៉ុណ្ណា សំរាប់​ជ្រោង​ទឹកចិត្ត​រាស្ត្រ​ខ្មែរ និង​ថែរក្សា​ស្ថេរភាព​នយោបាយ​របស់​ខ្មែរ​ក្រោយពេល​បោះឆ្នោត។ តែថ្មីៗនេះ លោកស្រី បែរជា​បង្ហាញ​ភាពស្ទាក់ស្ទើរ​ក្នុងការ​ធ្វើជា​តំណាង​របស់​រាស្ត្រ​ខ្មែរ ក្នុង​សមាសភាព គ.ជ.ប នេះ​ទៅវិញ។ រឿងនេះ​ធ្វើអោយ​រាស្ត្រ​ខ្មែរ ជាពិសេស គឺ​បញ្ញវន្ត មានការ​ព្រឺព្រួច ភ័យអរៗ បុក​ពោះ បះ​រោម​គ្រប់គ្នា។ ខ្លាច​តែ​លោកស្រី បោះបង់​ឱកាស​នេះ​ចោល គឺ​ច្បាស់​ជា​ដូច ដាំបាយ​ពុះ​ក្រុកៗហើយ បែរជា​ក្រឡាច់​ចង្ក្រាន ចាក់​បាយ​ទាំង​ឆ្នាំង​ចោល​នោះទេ។
ក្នុងនាម​ជា​រាស្ត្រ​ខ្មែរ យើងខ្ញុំ​យល់​ពី​ទុក​កង្វល់​របស់លោក​ស្រី ខ្លាច​ធ្វើ​កិច្ច​ការមិន​បានល្អ មិនបាន​បំពេញ​តាម​ឆន្ទៈ​របស់​រាស្ត្រ។ យើង​ក៏​មើលឃើញ​ដែរ​ថា លោកស្រី​មិន​ដាច់ចិត្ត​បោះបង់​ឱកាស​ជ្រោមជ្រែង​សុខសន្តិភាព​លើក​ទី២ ដែលជា​សន្តិភាព​ផ្លូវចិត្ត ជួន​ប្រជារាស្ត្រ​ខ្មែរ​នោះទេ គ្រាន់តែ​ត្រូវ​ប្រយ័ត្នប្រយែង​អោយ​ខ្លាំង​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន។ មុន​ចូល​សមរភូមិ ត្រូវតែ​រៀបចំ​ផែនការ​រាក់​ជ្រៅ​អោយបាន​ល្អិតល្អន់ គឺជា​រឿង​ត្រឹមត្រូវ។ តែ​ខ្ញុំ​សូម​ជម្រាប​លោកស្រី​ថា ទោះ​ជាមួយ​ជំហាន​ដាច់​ក្បាល ក៏​លោកស្រី​ត្រូវតែ​ចូល​សមរភូមិ​នេះដែរ។

ដូច្នេះ ជូន​យោបល់​ដល់​លោកស្រី​ថា៖ មុននឹង​ចេញ​សេចក្តីថ្លែងការណ៍ គួរតែ​សូម​ជួប​មេដឹកនាំ​បក្ស​ទាំងពីរ (សជ និង ប្រជ) រួមទាំង​គាល់​ព្រះមហាក្សត្រ (បើ​អាចទៅរួច) បង្ហាញ​ពី​កង្វល់ និង​ទាមទា​អ្វីដែល​លោកស្រី គិតថា ត្រឹមត្រូវ និង ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ខ្មែរ។

អ្វីដែល​ខ្ញុំ​បារម្ភ ក៏ដូចជា​ប្រជាជន​ខ្មែរ​មួយចំនួន​ដែរ គឺថា៖ ខ្លាច​លោកស្រី​បោះបង់​ឱកាស​នេះ ដោយ​សម្រេច មិន​ចូល​សមរភូមិ។
លោកស្រី អាច​ពិចារណា​លើ​ពីរ​ចំណុច៖
ទី១) គឺថា លោកស្រី មាន​អាទិភាព ដោយសារ​មេដឹកនាំ​បក្ស​ទាំងពីរ បាន​អញ្ជើញ​លោកស្រី មក​ធ្វើជា​អាជ្ញាកណ្តាល។ ដូច្នេះ លោកស្រី មាន​ទឹកមាត់ប្រៃ ក្នុងការ​និយាយ​ជាមួយ មេដឹកនាំ​បក្ស​ទាំងពីរ។ ទោះ​ទាមទារ​មិនបាន​ទាំងស្រុង តែ​លោកស្រី បានបង្ហាញ​ប្រាប់​ជនរួមជាតិ​ថា លោកស្រី​បាន​ប្រឹងប្រែង អស់​លទ្ធភាព​ហើយ។ តែបើ​លោកស្រី មិន​ពិភាក្សា​ជាមួយ​មេបក្ស​ទាំងពីរ​នោះទេ ដោយ​គ្រាន់តែ​ចេញ​សេចក្តីថ្លែងការណ៍ ហើយ​សំរេច​មិន​ចូលរួម​ជា​អ្នក​ទី៣ នៅ​គណៈ​ដឹកនាំ គ.ជ.ប​នេះ គឺ​មានន័យថា លោកស្រី​បោះបង់​ឱកាស ជួយសង្គ្រោះ​នគរ​ទាំងមូល ដែលមាន​ជីវិត ប្រជាជន ១៥លាន​នាក់។

ទី២) ឧបមា​ថា សំណូមពរ​លោកស្រី មិនត្រូវ​បាន​បក្ស​ទាំងពីរ​ពិចារណា​ទៅ​ចុះ។ បើជា​ខ្ញុំ ខ្ញុំ​នឹង​រុញអោយ​ដល់​ជញ្ជាំង។ គឺថា ក) ខ្ញុំ​នឹង​ចេញ​សេចក្តីថ្លែងការណ៍​បង្ហាញ ពី​ចំណុច​អវិជ្ជមាន​នៃ​ច្បាប់ និង​អ​ឆន្ទៈ​នៃ​ផ្នែក​នយោបាយ​របស់​បក្ស​ទាំងពីរ។ ខ) ខ្ញុំ​នឹង​ចូលកាន់​តំណែង​នេះ ហើយ​ប្រឹងប្រែង​ធ្វើជា​អ្នក​ឯករាជ្យ វិនិច្ឆ័យ​តាម​លក្ខណៈ​បច្ចេកទេស តាម​គោលការណ៍​យុ​ត្តិ​ធ​ម៏ សច្ចៈ​ធម៌ ទោះជា​មួយ​ជំ​ហ៊ាន​ដាច់​ក្បាល​ក៏ដោយ។

កាលៈទេសៈ​នេះ ទោះ​លោកស្រី​ជ្រើសរើស​ក៏ដោយ មិន​ជ្រើសរើស​ក៏ដោយ ចូល​ក៏ដោយ មិន​ចូល​ក៏ដោយ ក៏​ប្រវត្តិសាស្ត្រ បាន និង​កំពុង​កត់​ឈ្មោះ​លោកស្រី​បាត់ទៅហើយ។ គឺ​នៅសល់តែ ការ​កត់ចូល​ឆន្ទៈ​លោកស្រី​ចូលក្នុង​បញ្ជី​ប៉ុណ្ណោះ។

សូម​អភ័យទោស​ផង ដែល​ទម្លាក់​អ​ម្រែ​ក​ដ៏​ធ្ងន់ធ្ងរ​លើ​លោកស្រី។ តែ​នរណា អោយ​លោកស្រី ក្លាយខ្លួនជា ទី​សង្ឃឹម​ដល់​រាស្ត្រ​ខ្មែរ​ធ្វើ​អី? តើន​រណា​អោយ​លោកស្រី កើត​មកជា​រាស្ត្រ​ខ្មែរ មានគុណ​ធម៌ សច្ចៈ​ធម៌ ព្រហ្ម​វិហារធម៌​ក្នុង​ខ្លួន​ធ្វើ​អី? លោកស្រី​ក៏​ដឹង​ហើយ​ថា រាស្ត្រ​ខ្មែរ​ខ្វះ​ភាពកក់ក្តៅ​ពី​អ្នកដឹកនាំ និង​ពី​អ្នកនយោបាយ ជាច្រើន​ទស្សវត្ស​មកហើយ។ បើ​លើក​នេះ លោកស្រី​មិន​អើពើ​ទេ លទ្ធផល គឺ​ពិតជា​ពិបាក​ស្មាន​ណាស់។

សូម​លោកស្រី ពិចារណា​អោយបាន​ល្អិតល្អន់ យក​ផលប្រយោជន៍​រាស្ត្រ​ជាធំ។ អ្នកស្រី​ត្រូវ​ចាំ​ថា រាស្ត្រ​ខ្មែរ នៅ​ខាង​លោកស្រី​ជា​រឿង​រហូត ទោះជា​មានរឿង​អ្វី​ក៏ដោយ អោយតែ​លោកស្រី​ឈរ​នៅ​ខាង​រាស្ត្រ​ខ្មែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com