ជាតិ
បទវិភាគ
តើអាស៊ាន អាចក្លាយជាសហគមន៍ពេញលេញបានដែរឬទេនៅចុងឆ្នាំ២០១៥នេះ?
×
ភ្នំពេញ៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) គឺជាសម្ព័ន្ធមិត្តតំបន់នៃប្រទេសឯករាជ្យចំនួនដប់ក្នុងតំបន់ អាស៊ីអាគ្នេយ៍។ អាស៊ានត្រូវបានគេបង្កើតឡើងក្នុងអំឡុងសង្គ្រាមវៀតណាម ដែលមានបំណងធ្វើជាតំណាងឱ្យការផ្សះផ្សារថ្មីមួយរវាងម៉ាឡេស៊ីនិងសិង្ហបុរី។ គោលបំណងសំខាន់ៗនៃអង្គការនេះ ដែលត្រូវបានគេរៀបរាប់នៅក្នុងសេចក្ដីប្រកាសទីក្រុងបាងកក(១៩៦៧) គឺបង្កើនល្បឿនការរីកចម្រើនខាងសេដ្ឋកិច្ច និងលើកកម្ពស់សន្តិភាពនិងស្ថិរភាពតំបន់ រួមទាំងធ្វើសហប្រតិបត្តិការលើបញ្ហាសេដ្ឋកិច្ច សង្គមនិងវប្បធម៌ និងយកចិត្តទុកដាក់លើគ្នាទៅវិញទៅមករវាងប្រទេសជាសមាជិក។ ទោះបីជាយ៉ាងនេះក៏ដោយ ក៏អាស៊ានមិនអាចសម្រេចបានតាមគោលបំណង របស់ខ្លួនដែរ អ្វីដែលអាស៊ានធ្វើបានគឺសមាហរណម្មផ្នែកខាងក្រៅរបស់ខ្លួនតែប៉ុណ្ណោះ។
កិច្ចប្រជុំអាស៊ានក្នុងខែកក្កដា ឆ្នាំ១៩៩៤ មានទំនោរទទួលស្គាល់នូវភាពចាំបាច់នៃការរឹតចំណងផ្ទៃក្នុងឱ្យកាន់តែជិតស្និទ្ធ ពង្រីកសមាជិកភាពឱ្យកាន់តែធំ និងពង្រីកតួនាទីឱ្យកាន់តែធំនៅក្នុងសន្តិសុខតំបន់ ក្រោយសករាជសង្គ្រាមត្រជាក់។ ឆ្លើយតបទៅនឹងទំនោរនេះ យន្តការមួយចំនួន ដូចជា វេទិកាតំបន់អាស៊ាន គណៈកម្មការសម្របសម្រួលការសន្ទនារវាងប្រទេសសមាជិកអាស៊ាន និងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ខ្លួន ត្រូវបានបង្កើតឡើងដើម្បីពិភាក្សានិងលើកកម្ពស់បញ្ហាមួយចំនួន ដូចជា ការដោះស្រាយទំនាស់ ការអភិវឌ្ឍសន្តិសុខនិង កាលានុវត្តភាពពាណិជ្ជកម្ម។ ក្នុងឆ្នាំបន្ទាប់មកទៀត សន្ធិសញ្ញាស្ដីពីតំបន់គ្មានអាវុធបរមាណូនៅអាស៊ីអាគ្នេយ៍ត្រូវបានគេបង្កើតឡើង។
យោងទៅតាមការពិនិត្យ និងការវិភាគជារួមទៅលើយន្តការ រចនាសម្ព័ន្ធ គោលបំណង មុខងារ ចក្ខុវិស័យ និងបេសកកម្មរបស់អាស៊ាន យើងអាចនិយាយបានថា ថ្វីបើអង្គការតំបន់នេះមិនទាន់មានលក្ខណៈពេញលេញ និងរឹងមាំដូចអ៊ីយូក៏ដោយ ក៏វាជាការចាប់ផ្ដើមមួយ និងការប្ដេជ្ញាចិត្តដ៏សំខាន់របស់ខ្លួនដែរ។ ជាក់ស្ដែង ដូចអ្វីដែលលើកឡើងនៅក្នុងទស្សនៈវិស័យអាស៊ានឆ្នាំ២០២០ «យើងជាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលរបស់អាស៊ាន ជួបប្រជុំគ្នាថ្ងៃនេះនៅគូឡាឡាំពួ ដើម្បីបញ្ជាក់ឡើងវិញនូវការប្ដេជ្ញាចិត្តរបស់យើង ចំពោះគោលដៅ និង គោលបំណងរបស់សមាគមនេះ ដែលយើងបានសរសេរនៅក្នុងសេចក្ដីប្រកាសទីក្រុងបាងកកថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ជាពិសេស ដើម្បីលើកកម្ពស់សហប្រតិតបត្តិការតំបន់នៅអាស៊ីអាគ្នេយ៍តាមរយៈស្មារតីនៃសមភាព និង ភាពជាដៃគូ ហើយតាមរយៈនេះនឹងរួមចំណែកធ្វើឱ្យមានសន្តិភាព ការអភិវឌ្ឍ និងភាពរុងរឿងនៅក្នុងតំបន់...»
អ្វីទាំងអស់ដែលយើងបានឃើញនៅក្នុងយន្តការ រចនាសម្ព័ន្ធ គោលបំណង មុខងារនិងការប្ដេជ្ញាចិត្តនៅក្នុងទស្សនវិស័យអាស៊ានឆ្នាំ២០២០ យើងអាចវាយតម្លៃបានថា ពេលអនាគត អាស៊ាននឹងអាចក្លាយទៅជាអង្គការតំបន់មួយដ៏រឹងមាំដូចអ៊ីយូដែរ។ ប៉ុន្តែ បច្ចុប្បន្ននេះ អាស៊ាននៅមានការខ្វះចន្លោះជាច្រើន ពោលគឺអាស៊ានបានឈានដល់ត្រឹមតែសមាហរណកម្មផ្នែកខាងក្រៅរបស់ខ្លួនប៉ុណ្ណោះ មានន័យថា រដ្ឋទាំងអស់ដែលមានទីតាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានក្លាយមកជាសមាជិករបស់សមាគមអាស៊ានរួចហើយ។ ប៉ុន្តែ អាស៊ានមិនទាន់សម្រេចបាននូវសមារណកម្មផ្នែកខាងក្នុងនៅឡើយទេ មានន័យថា ទម្លាប់ ផ្នត់គំនិត និងទស្សនៈនយោបាយរបស់មេដឹកនាំនៃបណ្ដាប្រទេសជាសមាជិកអាស៊ានមិនទាន់ខិតចូលជិតគ្នា មិនទាន់យោគយល់គ្នា មិនទាន់គោរពគ្នា និង មិនទាន់មានស្មារតីសហគមន៍ នៅឡើយ។
យោងទៅតាមបច្ចុប្បន្នភាពរបស់អាស៊ាន យើងអាចវិនិច្ឆ័យបានថា ឧបសគ្គដែលរារាំងមិនទាន់ឱ្យប្រទេសអាស៊ានអាចធ្វើសមាហរណកម្មផ្នែកខាងក្នុង(ផ្នែកស្មារតី)បានជោគជ័យនោះ គឺបណ្ដាលមកពី៖
1. នៅមានការរើសអើងរវាងប្រទេសសមាជិកអាស៊ានចាស់ និងប្រទេសសមាជិកអាស៊ានថ្មី
2. និន្នាការនយោបាយរបស់ប្រទេសជាសមាជិកអាស៊ានមានភាពខុសគ្នា ឬផ្ទុយគ្នា
3. មូលដ្ឋានសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និងធនធានមនុស្សនៃប្រទេសសមាជិកអាស៊ាននៅមានគម្លាតគ្នាឆ្ងាយនៅឡើយ
4. កង្វះការយោគយល់គ្នា កង្វះស្មារតីសហគមន៍ និងកង្វះស្មារតីឯកភាព៖ នៅមានវិវាទលើបញ្ហាព្រំដែន ការបាញ់សម្លាប់ជនស៊ីវិលដែលឆ្លងដែនខុសច្បាប់ ឬកាប់ឈើខុសច្បាប់ ការបោកប្រាស់ ឬការធ្វើទារុណកម្មលើកម្មករឆ្លងដែនខុសច្បាប់ក្នុងចំណោមប្រទេសអាស៊ាន និងការខ្វែងគំនិតគ្នាលើការដោះស្រាយបញ្ហាជម្លោះសមុទ្រចិនចខាងត្បូង...។
5. ឥទ្ធិពលនៃសង្គ្រាមត្រជាក់ ឥទ្ធិពលនៃជាតិនិយម និងឥទ្ធិពលនៃប្រវត្តិសាស្ត្រជូរចត់របស់ប្រទេសសមាជិកអាស៊ាន នៅតែបន្តដិតដាមនៅក្នុងស្មារតីរបស់អ្នកដឹកនាំ អ្នកនយោបាយ និងប្រជាជាតិនានារបស់អាស៊ាន
ដោយសារកត្តាទាំងអស់នេះហើយ បានជាយើងសង្កេតឃើញថា មានជម្លោះនានាបានកើតឡើងរវាងប្រទេសជាសមាជិកអាស៊ាន។ ជាក់ស្ដែង ដូចជា ជម្លោះរវាងប្រទេសកម្ពុជា និងប្រទេសថៃចាប់ផ្ដើមផ្ទុះឡើងជាថ្មីចាប់ពីឆ្នាំ ២០០៨ ដល់ ឆ្នាំ ២០១១ អំពីបញ្ហាព្រំដែន ជាពិសេស ការដណ្ដើមកាន់កាប់ប្រាសាទព្រះវិហារខ្មែរ និងតំបន់ជុំវិញប្រាសាទនេះដោយខុសច្បាប់ពីភាគីថៃ។
ហេតុនេះ អាស៊ានមិនទាន់អាចដើរតួនាទីសំខាន់ និងពេញលេញក្នុងការធ្វើសុខដុមនីកម្មក្នុងចំណោមប្រជាជាតិរបស់ខ្លួនបានឡើយ។ ទោះបីជាយ៉ាងនេះក៏ដោយ ក៏ឆ្លងតាមរយៈបទពិសោធន៍ដ៏អាក្រក់នៃជម្លោះផ្ទៃក្នុងនេះ អាស៊ានត្រូវតែពិនិត្យឡើងវិញនូវយន្តការ រចនាសម្ព័ន្ធ គោលបំណង មុខងារ ចក្ខុវិស័យ និងការប្ដេជ្ញាចិត្តរបស់ខ្លួននៅក្នុងទស្សនវិស័យអាស៊ានឆ្នាំ២០២។ ជាពិសេស ត្រូវត្រួតពិនិត្យឡើងវិញនិងរកឱ្យឃើញថា អាស៊ាននៅមានចំណុចខ្សោយកន្លែងណាខ្លះបានជាជម្លោះផ្ទៃក្នុងរបស់ខ្លួននៅតែបន្តកើតមាន ហើយអាស៊ានខ្លួនឯងមិនអាចដោះស្រាយបាន។ បើមិនដូច្នោះទេ អាស៊ាននឹងមិនអាចសម្រេចបានតាមទស្សនវិស័យឆ្នាំ២០២០របស់ខ្លួនឡើយ ឯការប្ដេជ្ញាចិត្តរបស់ខ្លួនថានឹងប្រែក្លាយអាស៊ានទៅជាសហគមន៍អាស៊ាននៅឆ្នាំ២០១៥ តាមពាក្យស្លោក៖ «អាស៊ាន៖ សហគមន៍មួយ វាសនាតែមួយ» ក៏មិនអាចសម្រេចទៅបានដែរ។ មិនតែប៉ុណ្ណោះអាស៊ានក៏អាចនឹងបាត់បង់តួនាទីសំខាន់ និងកិត្យានុភាពរបស់ខ្លួននៅលើឆាកអន្តរជាតិផងដែរ។ ហេតុនេះ អាស៊ានត្រូវតែខិតខំកែសម្រួលខ្លួនឯងឡើងវិញ ដើម្បីក្លាយទៅជាអង្គការតំបន់មួយដ៏រឹងមាំ ដែលអាចឈានទៅសម្រេចជាបណ្ដើរៗនូវគោលបំណង ចក្ខុវិស័យ និងការប្ដេជ្ញាចិត្តរបស់ខ្លួន និងអាចបំពេញតួនាទីយ៉ាងសកម្មក្នុងការស្វែងរកនិងរក្សាសន្តិភាព សន្តិសុខ ការអភិវឌ្ឍរួម និងសុខដុមនីយកម្មក្នុងក្របខ័ណ្ឌតំបន់និងពិភពលោក៕
© រក្សាសិទ្ធិដោយ thmeythmey.com