ជាតិ
លោក អោ អាន ជាជនទី៣ដែលបានដាក់ឲ្យស្ថិតក្រោមការពិនិត្យបទឧក្រិដ្ឋ រូបភាពដោយ៖ VOA
×
សហចៅក្រមស៊ើបអង្កេតអន្តរជាតិនៃសាលាក្តីខ្មែរក្រហម បានសម្រេចដាក់ លោក អោ អាន ឲ្យស្ថិតក្រោមការពិនិត្យបទឧក្រិដ្ឋ ទាក់ទងនឹងសំណុំរឿង០០៤ ។ ក្រោមបទចោទដូចជាមនុស្សឃាតដោយចេតនា ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើអមនុស្សធម៌ផ្សេងទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ សាលាក្តីខ្មែរក្រហម កាលពីថ្ងៃទី២៧មីនា ការសម្រេចនេះ លោក អោ អាន ជាអតីតអនុប្រធានតំបន់មជ្ឈិមនៅកំពង់ចាម រងការចោទប្រកាន់ពីបទចោទដូចជា មនុស្សឃាតដោយចេតនា ការរំលោភបំពានក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ១៩៥៦ ដែលបានប្រព្រឹត្តនៅទីកន្លែងសម្លាប់មនុស្សគោកព្រីង មន្ទីរសន្តិសុខទួលបេង និងមន្ទីរសន្តិសុខវត្តអូរត្រកួន ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរួមមានការធ្វើមនុស្សឃាត ការសម្លាប់រង្គាល ការធ្វើទុក្ខបុកម្នេញដោយមូលហេតុនយោបាយ និងសាសនា ការដាក់ក្នុងមន្ទីរឃុំឃាំង និងអំពើអមនុស្សធម៌ផ្សេងទៀត។
ការដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទចោទប្រកាន់ទាំងនេះ វិធានផ្ទៃក្នុងរបស់សាលាក្តី អនុញ្ញាតឲ្យ លោក អោ អាន តាមរយៈមេធាវី មានសិទ្ធិចូលពិនិត្យមើលសំណុំរឿង និងចូលរួមកិច្ចស៊ើបសួរ ។
លោក អោ អោន បច្ចុប្បន្នអាយុ៩១ឆ្នាំ រស់នៅខេត្តបាត់ដំបង គឺជាជនទី៣ ដែលត្រូវបានសហចៅក្រមស៊ើបអង្កេតអន្តរជាតិចោទប្រកាន់ នៅក្នុងសំណុំរឿង០០៣ និង០០៤ ។
កាលពីថ្ងៃទី៣មីនាកន្លងទៅ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ បានដាក់ លោក មាស មុត និងអ្នកស្រី អ៊ឹម ចែម អតីតកម្មាភិបាលខ្មែរក្រហម ឲ្យស្ថិតក្រោមការពិនិត្យដោយកំបាំងមុខ ទាក់ទងនឹងសំណុំរឿង ០០៣ និង០០៤ ។
ក្នុងសំណុំរឿង០០៣ លោក មាស មុត រងការចោទប្រកាន់ពីបទមនុស្សឃាត ការសម្លាប់រង្គាល ការធ្វើឲ្យទៅជាទាសករ ការដាក់ក្នុងមន្ទីរឃុំឃាំង ការធ្វើទុកបុកម្នេញ និងអំពើអមនុស្សធម៌ផ្សេងទៀតនៅមន្ទីរសន្តិសុខវត្តឥន្ទញាណ កំពង់សោម ក្រេះ និងមន្ទីរសន្តិសុខស-២១ និងបានប្រព្រឹត្តលើជនជាតិវៀតណាម ថៃ និងបរទេសផ្សេងទៀតនៅដែនសមុទ្រ និងនៅលើកោះ នាសម័យកម្ពុជាប្រជាធិបតេយ្យ រួមទាំងអំពើរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្ស៊ឺណែវ ឆ្នាំ១៩៤៩ ។
ចំពោះសំណុំរឿង០០៤ បទចោទប្រកាន់លើអ្នកស្រី អ៊ឹម ចែម អតីតអភិបាលស្រុកព្រះនេត្រព្រះនាសម័យខ្មែរក្រហម មានអំពើមនុស្សឃាតដែលជាការរំលោភបំពានក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ១៩៥៦ដែលបានប្រព្រឹត្តនៅមន្ទីរសន្តិសុខភ្នំទ្រយោង និងការដ្ឋានស្ពានស្រែង ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដែលក្នុងនោះមានការធ្វើមនុស្សឃាត ការសម្លាប់រង្គាល ការធ្វើឲ្យទៅជាទាសករ ការដាក់ក្នុងមន្ទីរឃុំឃាំង ការធ្វើទុកបុកម្នេញដោយមូលហេតុនយោបាយ និងអំពើអមនុស្សធម៌ផ្សេងទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com