ជាតិ
សេដ្ឋកិច្ច
កម្ពុជារំពឹងថា អាចទទួលបានភ្ញៀវទេសចរណ៍ជាង ៥លាននាក់ នៅឆ្នាំ២០១៥
×
ភ្នំពេញ៖ ស្របពេលដែលអង្គការ Trip Advisor បានវាយតម្លៃតំបន់សៀមរាបអង្គរជាប់ចំណាត់ ថ្នាក់ទី១ នៅតំបន់អាស៊ី និងចំណាត់ថ្នាក់ទី២ ក្នុងពិភពលោក ថាជាតំបន់គោលដៅទេសចរណ៍ ដែលមានភាពទាក់ទាញជាងគេបំផុតនោះ កម្ពុជារំពឹងទុកថា ភ្ញៀវទេសចរអន្តរជាតិជាង ៥ លាននាក់នឹងមកកម្សាន្តនៅកម្ពុជាក្នុងឆ្នាំ ២០១៥នេះ។
នាពិធីសន្និសីទសារព័ត៌មានស្តីពីការពិព័រណ៌ម្ហូបអាហារខ្មែរលើកទី៣ នៅសៀលថ្ងៃទី២៨ ខែមិនា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ប៉ាក់ សុខុម បានឲ្យដឹងថា កម្ពុជាសង្ឃឹមថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥លាននាក់ នៅឆ្នាំ២០១៥នេះ ហើយ ៧,៥ ទៅ ៨លាននាក់នៅឆ្នាំ២០២០ ។ ចំពោះប្រយោជន៍ដែលកម្ពុជាអាចទាញបានពីភ្ញៀវទេសចរ អន្តរជាតិនោះ លោកបញ្ជាក់ថា៖«កំណើនភ្ញៀវទេសចរនេះ នឹងនាំចំណូលថវិកាសេដ្ឋកិច្ច រដ្ឋជាង ៥ពាន់លានដុល្លារអាមេរិក និងបង្កើតការងារផ្ទាល់ដល់ប្រជាជនកម្ពុជាជាង ១លាន នាក់»។
បើតាមរដ្ឋលេខាធិការរូបនេះ កាលពីឆ្នាំ២០១៤ កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិ ចំនួន ៤,៥លាននាក់ ដែលមានកំណើន ៧ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៣ និងនាំ ចំណូលសេដ្ឋកិច្ចរដ្ឋជាង ៣ពាន់លានដុល្លារអាមេរិក និងបង្កើតការងារផ្ទាល់ជាង ៦០ម៉ឺននាក់។
កាលពីថ្ងៃ២៤ ខែមិនា កន្លងមក អង្គការ Trip Advisor បានវាយតម្លៃតំបន់សៀមរាបអង្គរជាប់ ចំណាត់ថ្នាក់ទី១ ក្នុងតំបន់អាស៊ី និងចំណាត់ថ្នាក់ទី២ នៅលើពិភពលោក ថាជាតំបន់គោល ដៅទេសចរណ៍ ដែលមានភាពទាក់ទាញជាងគេបំផុត ដោយយោងលើការវាយតម្លៃមតិ យោបល់របស់ភ្ញៀវទេសចរ៕
© រក្សាសិទ្ធិដោយ thmeythmey.com