ជាតិ
បទវិភាគ
គ្មាន​ការងារ​ធ្វើ ជា​កំហុស​មួយផ្នែក​របស់​និស្សិត​ខ្លួនឯង!
17, Apr 2015 , 6:00 pm        
រូបភាព

ភ្នំពេញ ៖ បញ្ហា​ទីផ្សារការងារ​គឺជា​កង្វល់​រួម​របស់​សិស្ស និស្សិត ឪពុកម្តាយ និង​រាជរដ្ឋាភិបាល។ ជាក់ស្តែង និស្សិត​ខ្លះ​បញ្ចប់​ការសិក្សា​បាន១ឆ្នាំ ឬ២ឆ្នាំ​ហើយ មិនទាន់​រក​ការងារ​ធ្វើបាន​ផង។ តើ​ភាព​គ្មាន​ការងារ​ធ្វើជា​កំហុស​អ្នកណា?



ប្រធានបទ​ស្តីពី «ភាព​គ្មាន​ការងារ​ធ្វើ» នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ​លើក​យកមក​ពិភាក្សាគ្នា​ស្ទើរ​ជា​រៀងរាល់ ថ្ងៃ។
 
អ្នក​មិនទាន់​រៀន​ចប់ សម្តែង​ក្តីបារម្ភ​ខ្លាច​មិនមាន​ការងារ​ធ្វើ​នៅពេល​បញ្ចប់​ការសិក្សា។ អ្នករៀន​ចប់​មួយចំនួន​ទទួលបាន​ការងារ​ធ្វើភ្លាមៗ បន្ទាប់ពី​បញ្ចប់​ការសិក្សា។ ប៉ុន្តែ​និ​សិ​ត្ស​ខ្លះ​បញ្ចប់​ការសិក្សា​បាន១ឆ្នាំ ឬ២ឆ្នាំ​ហើយ នៅ​មិនទាន់​រក​ការងារ​ធ្វើបាន​ផង។
 
រីឯ​និស្សិត​ខ្លះទៀត​ទទួលបាន​ការងារ​ធ្វើ​ដែរ ប៉ុន្តែ​ជា​ការងារ​ពាក់កណ្តាល​ម៉ោង ជា​ការងារ​មិនមាន​កិច្ចសន្យា​ទៀងទាត់ ឬ​ជា​ការងារ​បណ្តោះអាសន្ន។ល។ ពេលខ្លះ ដោយសារតែ​កង្វះខាត​ទី​ផ្សារ និស្សិត​ខ្លះ​រៀន​មុខជំនាញ​គណនេយ្យ ប៉ុន្តែ​ក្លាយខ្លួន​ទៅជា​អ្នកនិពន្ធ។ និស្សិត​ខ្លះទៀត​រៀន​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន ប៉ុន្តែ​ក្រោយមក​ក្លាយខ្លួន​ទៅជា​អ្នកបកប្រែ​ភាសា​អង់គ្លេស​ក៏មានដែរ។

ប្រសិនបើ​គេ​គិត​មួយ​ភ្លែត គេ​ពិតជា​ទម្លាក់កំហុស​ទាំង​ស្រុង​ទៅលើ​រាជរដ្ឋាភិបាល ពីព្រោះថា កា​ត្វ​កិច្ច​របស់​រាជរដ្ឋាភិបាល​ត្រូវធ្វើ​យ៉ាងណា​បង្កើត​ការងារ​អោយបាន ច្រើន​បំផុត​ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​អ្នកស្វែងរក​ការងារ​ធ្វើ នៅក្នុង​ប្រទេស​កម្ពុជា។ ជា​ការពិត​មិនអាច​ប្រកែក​បាន គឺថា​ទីផ្សារការងារ​នៅក្នុង​ប្រទេស​ក្រីក្រ​មួយ​នេះ​នៅ​តូចចង្អៀត​បើ​ប្រៀបធៀប ទៅនឹង​ចំនួន​និស្សិត​ដែល​ចេញពី​ថ្នាក់​ឧ​ត្ត​ម​សិក្សា​រាប់ម៉ឺន​នាក់ ជា​រៀងរាល់ឆ្នាំ​នោះ។
 
ទីផ្សារការងារ​នៅ​តូចចង្អៀត​គឺ​ដោយសារ​ទំហំ​សេដ្ឋកិច្ច​របស់​ប្រទេស​នៅមានកម្រិត។ វត្តមាន​រោងចក្រ​សហគ្រាស​ច្រើន​បំផុត​មាននៅ​ក្នុង​វិស័យ​កាត់ដេរ ទេសចរណ៍ និង​សំណង់។ ប៉ុន្តែ​នៅក្នុង​វិស័យ​ផ្សេងទៀត ចំនួន​រោងចក្រ​សហគ្រាស​នៅមាន​ចំនួន​តិចតួច​នៅឡើយ។ ជាក់ស្តែង នៅក្នុង​វិស័យ​កសិកម្ម​ដែលជា​វិស័យ​សរសៃឈាម​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា ផង​នោះ គេ​សង្កេតឃើញ​នៅមាន​កង្វះខាត​សហគ្រាស​ជាច្រើន ដូចជា​កង្វះខាត​រោងចក្រ​ម៉ាស៊ីន​កិន​អង្ករ កង្វះខាត​សិប្បកម្ម ឬ​រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម។
 
ផលិតផល​កសិកម្ម​មួយចំនួន​របស់​ខ្មែរ​បានត្រឹមតែ​បរិភោគស្រស់ៗប៉ុណ្ណោះ ពោលគឺ​មិនសូវមាន​រោងចក្រ​កែឆ្នៃ​ជា​ដំណាប់ ដែល​អាច​ទុក​បាន​រយៈពេល​យូរ។ នៅក្នុង​វិស័យ​រ៉ែ ដូចជា រ៉ែ​ដែក រ៉ែ​ធ្យូង រ៉ែ​មាស រ៉ែ​ប្រេង ឧស្ម័ន និង​រ៉ែ​ដទៃទៀត ប្រទេស​កម្ពុជា​មិនទាន់មាន​រោងចក្រ។

កង្វះខាត ឬ​អវត្តមាន​ប្រភេទ​រោងចក្រ​ទាំងអស់នេះ​ដែលជា​ប្រភព​នៃ​ការបង្កើត​ការងារ ជូន​ប្រជាពលរដ្ឋ​ខ្មែរ​នោះ អាច​ត្រូវបាន​គេ​ទម្លាក់កំហុស​ទៅលើ​រាជរដ្ឋាភិបាល​ជាការ​ត្រឹមត្រូវ ពីព្រោះ​រាជរដ្ឋាភិបាល​មិនបាន ឬ​មិនអាច​ទាក់ទាញ​អ្នកវិនិយោគ ឬ​មិនអាច​បង្កើត​ប្រភេទ​រោងចក្រ​ទាំងអស់នេះ​បាន។
 
ជាថ្មី​ម្តងទៀត ប្រសិនបើ​គេ​និយាយ​ជារួម ទីផ្សារការងារ​នៅក្នុង​ប្រទេស​កម្ពុ​ជារួម​តូចចង្អៀត​មែន។ ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក្តី ក៏​អ្នកជំនួញ​មួយចំនួន និង​អ្នកជំនាញ​ផ្នែក​ការងារ​មួយចំនួន​នៅតែ​និយាយថា ប្រទេស​កម្ពុជា​នៅមាន​ប៉ុស្តិ៍​ទំនេរ​សម្រាប់​ទទួលយក​អ្នករក​ការងារ​ជាច្រើន។ មាន​តំណែង​ជាច្រើន​នៅ​ទំនេរ រង់ចាំ​ទទួល​និស្សិត​ខ្មែរ​ដែល​បញ្ចប់​ការសិក្សា ប៉ុន្តែ​និស្សិត​ខ្លួនឯង​ទេ ដែល​មិនមាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ចាប់យក​ការងារ​ទាំងនោះ។ និស្សិត​ខ្មែរ​មួយចំនួន​ដែល​បញ្ចប់​ការសិក្សារ​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ត្រូវបាន​គេ​រិះគន់ថា មិនមាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​បាន។
 
និស្សិត​ខ្លះ​មានតែ​សញ្ញាប័ត្រ មានតែ​ទ្រឹស្តី ប៉ុន្តែ​ខ្វះ​បទពិសោធន៍​និង​ចំណេះធ្វើ។ និស្សិត​ខ្លះ​ចេញពី​សាលា​ភ្លាម​ចង់​ធ្វើ​ធំ​តែម្តង ពោលគឺ​មិន​ចង់​ទទួលយក​ការងារ​តូចតាច​ដើម្បី​ពង្រឹង​បទពិសោធន៍​ទេ។ និស្សិត​ខ្លះទៀត ចេញពី​សាលា​ភ្លាម​ទាមទារ​ប្រាក់បៀវត្សរ៍​ខ្ពស់​ហួសហេតុ ដោយ​ខ្លួនឯង​មិនទាន់មាន​បទពិសោធន៍​ការងារ​អ្វី​ទាំងអស់។
 
កំហុស​មួយទៀត​របស់​និស្សិត​មួយចំនួន​នាពេល​បច្ចុប្បន្ននេះ គឺ​ពួកគេ​មិន​ចង់​ធ្វើ​ការងារ​ស្ម័គ្រចិត្ត ដើម្បី​ទទួល​បទពិសោធន៍​នៅក្នុង​វ័យ​សិក្សា។ បញ្ហា​មួយទៀត​ដែលជា​បញ្ហា​ធំចម្បង​ដែរនោះ​គឺ​និស្សិត​កាន់តែ​ច្រើនឡើង នាំគ្នា​រៀន​យក​សញ្ញាប័ត្រ​អនុបណ្ឌិត និង​បណ្ឌិត។ រៀនកាន់​ខែ​ខ្ពស់​ជំរុញ​អារម្មណ៍​ពួកគេ​មិន​ចង់អោយ​ធ្វើ​ការងារ​តូចតាច ឬ​ល្មម​នោះទេ។
 
សរុបសេចក្តី​មកវិញ ភាព​គ្មាន​ការងារ​ធ្វើ អាចជា​កំហុស​មួយផ្នែក​របស់​រាជរដ្ឋាភិបាល​មែន។ ប៉ុន្តែ​បុគ្គលនីមួយៗ និស្សិតម្នាក់ៗគួរ​សួរ​ខ្លួនឯង​ថា តើ​ខ្លួនឯងបាន​បំពេញ​កា​ត្វ​កិច្ច​សព្វគ្រប់​ដើម្បី​ទទួលបាន​ការងារ​សម​រម្យ​ហើយ​ឬ​នៅ? និស្សិត​ខ្លួនឯង​ចេះ​តស៊ូ ដាក់ខ្លួន​ដើម្បី​ការងារ​ហើយ​ឬ​នៅ?




© រក្សាសិទ្ធិដោយ thmeythmey.com