ជាតិ
នយោបាយជាតិ
លោក ញឹក ប៊ុនឆៃ ថា ព្រះអង្គម្ចាស់ក្សត្រី អរុណរស្មី មិនចង់ជាប់ពាក់ព័ន្ធរឿងនយោបាយ
×
ភ្នំពេញ៖ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី ដែលធ្លាប់ជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចជំនួសព្រះអង្គម្ចាស់ រណឫទ្ធិ និងបច្ចុប្បន្នជាអនុប្រធានទី១នៃគណបក្សហ្វ៊ុនស៊ិនប៉ិច បានសុំលាលែងចេញពីតំណែង។ លោក ញឹក ប៊ុនឆៃ អនុប្រធានទី២នៃគណបក្សហ្វ៊ុនស៊ិនប៉ិចពន្យល់ថា ព្រះអង្គម្ចាស់ក្សត្រី អរុណរស្មី មិនចង់ជាប់ពាក់ព័ន្ធរឿងនយោបាយទៀត ពីព្រោះ ព្រះអង្គមានតួនាទីជាឧត្តមទីប្រឹក្សាព្រះមហាក្សត្រផង និងជាឯកអគ្គរាជទូតខ្មែរប្រចាំទីក្រុងកូឡាឡាំពួរផង។
លោក ញឹក ប៊ុនឆៃ អនុប្រធានទី២នៃគណបក្សហ្វ៊ុនស៊ិនប៉ិច បានចេញមុខបកស្រាយព័ត៌មាននៃការលាលែងរបស់ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី ថា ដោយសារ ព្រះអង្គមានកិច្ចការផ្ទាល់ខ្លួនច្រើន ហើយមិនអាចបំពេញការងារជូនគណបក្សបានគ្រប់គ្រាន់។
បច្ចុប្បន្ននេះ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី មានតួនាទីពីរធំ។ ទីមួយ ព្រះអង្គម្ចាស់ អរុណរស្មី ជាឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ី និងទីពីរ ព្រះអង្គមានតួនាទីជាឧត្តមទីប្រឹក្សានៃព្រះមហាក្សត្រ។ «គាត់ប្រាប់ខ្ញុំថា ការលាលែងនេះអនុញ្ញាតអោយព្រះអង្គអាចយាងចុះតាមខេត្តនានាជំនួសអោយព្រះមហាក្សត្រដោយមិនពាក់ព័ន្ធនឹងបញ្ហានយោបាយ»។ នេះគឺជាការបញ្ជាក់បន្តរបស់លោក ញឹក ប៊ុនឆៃ។
លោក ប៊ុនឆៃ បន្តទៀតថា ព្រះអង្គម្ចាស់ក្សត្រី អរុណរស្មី មិនសូវមានពេលជួយគណបក្សទេ ដូច្នេះហើយទើបព្រះអង្គសម្រេចព្រះទ័យលាលែងតែម្តងទៅ។ ព្រះអង្គមានពេលតែចុងសប្តាហ៍ប៉ុណ្ណោះដើម្បីជួយការងារគណបក្ស។
តើនរណាអាចក្លាយទៅជាអនុប្រធានទី១នៃគណបក្សហ្វ៊ុនស៊ិនប៉ិច?
លោក ញឹក ប៊ុនឆៃ បានឆ្លើយថា គណបក្សនៅមិនដឹងនៅឡើយទេ។ ប្រភពស្និទ្ធនឹងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានអោយដឹងកាលពីថ្ងៃសៅរ៍ម្សិលមិញថា ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី ដែលធ្លាប់ជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចជំនួសព្រះអង្គម្ចាស់ រណឫទ្ធិ និងបច្ចុប្បន្នជាអនុប្រធានទី១នៃគណបក្សហ្វ៊ុនស៊ិនប៉ិច ពិតជាបានសុំលាលែងចេញពីតំណែងមែន។ តែព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មិនទាន់សម្រេចថា តើត្រូវអនុញ្ញាតអោយឈប់ឬយ៉ាងណានៅឡើយទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com