អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
យេ​មែន​ធ្លាក់​ក្នុង​ភាពអនាធិបតេយ្យ ប្រទេស​អារ៉ាប់​ចង់​មាន​កងទ័ព​រួមគ្នា​មួយ
29, Mar 2015 , 8:00 pm        
រូបភាព
ដោយ:

ការវាយលុក​ទៅមុខ​របស់​កង​ប្រដាប់អាវុធ​ហ៊ូ​ស៊ី​នៅ​យេ​មែន បានធ្វើអោយ​បណ្តា​ប្រទេស​អារ៉ាប់ ដែល​ប្រជុំគ្នា​ថ្ងៃ​សៅរ៍​ម្សិលមិញ នៅ​អេ​ហ្ស៊ី​ប ចង់​បង្កើត​កងទ័ព​រួមគ្នា​មួយ ដើម្បី​ជួយ​យេ​មែន។


មានសំឡេង



កងកម្លាំង​ទ័ព​អារ៉ាប់​រួមគ្នា​នេះ​មាន​ទិសដៅ​ចំបង​ប្រយុទ្ធ​នឹង ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​និកាយ ស៊ុន​នី​ត ដែល​កំពុង​គំរាមកំហែង​នៅ​អ៊ីរ៉ាក់ ស៊ី​រី លី​ប៊ី និង​អេ​ហ្ស៊ី​ប។ ដោយសារ​ពេលនេះ យេ​មែន ធ្លាក់​ក្នុង​ភាពអនាធិបតេយ្យ​កាន់តែខ្លាំង ដោយសារ​កងកម្លាំងប្រដាប់អាវុធ​ហ៊ូ​ស៊ី ក្រោម​ជំនួយ កងទ័ព​របស់​អតីត​ប្រធានាធិបតី សា​ឡេ បាន​ដណ្តើម​កាន់កាប់​ដែនដី​មួយចំនួនធំ​ក្នុងស្រុក ដូច្នេះ កងទ័ព​អារ៉ាប់​រួមគ្នា​នេះ មាន​ទិសដៅ​ទៅ​ជួយ​យេ​មែន វាយប្រហារ​ក្រុម​ប្រដាប់អាវុធ​ហ៊ូ​ស៊ី​និកាយ​ស្ហ៊ី​អ៊ី​ត​ផងដែរ។

ប្រធានាធិបតី​អេ​ហ្ស៊ី​ប អាប់​ឌែ​ល ហ្វា​តា ហ៊ែ​ល ស៊ី​ស​ស៊ី បានការ​ពារ​គំនិត​បង្កើត កងទ័ព​អារ៉ាប់ រួម​នេះ យូរហើយ។ ដោយ​ឃើញ​កង​ប្រដាប់អាវុធ​ហ៊ូ​ស៊ី​នៅ​យេ​មែន​វាយលុក​បាន​លឿន​ដូច្នេះ លោក​ស៊ី​ស​ស៊ី បាន​សំដែង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​កំពុងបើក​ប្រតិបត្តិការ​យោធា​កំ ទេច​ក្រុម​ហ៊ូ​ស៊ី នៅ​យេ​មែន។ ព្រះមហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត Salman ben Abdelaziz el-Saoud បាន ប្រ កាស​ថា ប្រតិបត្តិការ​យោធា​នេះ ទោះជា​ត្រូវការ​ពេល​យូរ​ប៉ុណ្ណា​ក៏ត្រូវ​តែ​បន្តធ្វើ​ដែរ ដើម្បី​រៀបចំ​អំណាច​ស្របច្បាប់​យេ​មែន​ឡើងវិញ។ គួររំលឹកថា អា​រ៉ា​ប៊ី​សា​អូឌីត បាន​ចូលទៅ​វាយ​ក្រុម​ហ៊ូ​ស៊ី​នៅ​យេ​មែន​ក៏ដោយ​សារ​ចង់​ទប់​ឥទ្ធិពល​របស់​អ៊ីរ៉ង់ ផងដែរ។ អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ចោទ​អ៊ីរ៉ង់​ថា បាន​ជួយ​កងកម្លាំង​ហ៊ូ​ស៊ី ដែល​បាន​ដណ្តើម​អំណាច​ពី​ប្រធានាធិបតី​ហា​ឌី​ម៉ាន់​សួ មកកាន់​កាប់ កាលពី​ចុងខែ​មករា។

យេ​មែន​កាន់តែ​ធ្លាក់​ដុនដាប​ក្នុង​ភាពអនាធិបតេយ្យ អសន្តិសុខ មាន​ចោរប្លន់ ដោយសារតែ​គ្មាន​កង ការពារ​សន្តិសុខ​ប្រជាជន។ ប្រធានាធិបតី​ស្របច្បាប់ ហា​ឌី បាន​ចាក​ចេញពី​ក្រុង​កំពង់ផែ​អាដេ​ន ភាគ ខាងត្បូង ទៅ​ជ្រកកោន​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​គេច​ពី​កងកម្លាំង​ហ៊ូ​ស៊ី​ដែល​បាន​ចូល កាន់ កាប់ ក្រុង​អាដេ​ន។ នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ កន្លែង​ស្តុក​អាវុធ​ធំ​មួយ នៅ​មិន​ឆ្ងាយ​ពី​កំពុងផែ​អាដេ​ន បាន រង ការផ្ទុះ ធ្វើអោយរញ្ជួយ​ក្រុង​ទាំងមូល​តែម្តង៕


© រក្សាសិទ្ធិដោយ thmeythmey.com