កីឡាជាតិ
AFC U23 Championship ៖ កូរ៉េខាង​ជើង​យក​ឈ្នះ​កម្ពុជា ៤-១
29, Mar 2015 , 5:53 pm        
រូបភាព
ក្រុមយុវជន​ជម្រើសជាតិ​កូរ៉េខាងជើង​យក​ឈ្នះ​​កម្ពុជា ៤-១ ក្នុងការ​ប្រកួត​ពូ​ល G នៃ​វគ្គ​ជម្រុះ AFC U-23 Championship នៅ​កីឡដ្ឋាន Rajamangala ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ។



កូរ៉េខាងជើង​ដែល​ឈ្នះ​ហ្វីលីពីន ៤-០ កាលពី​ថ្ងៃ​សុក្រ​កន្លងមក បាន​បើក​ការ​វាយ​សម្រុក​លើ​កម្ពុជា​តាំងពី​វិនាទី​តំបូង។ នៅ​នាទី ទី១៥ ខ្សែប្រយុទ្ធ Ho Myong Chol បាន​ស៊ុត​គ្រាប់​បាល់​បញ្ចូល​ទី​គ្រាប់​ទីមួយ ហើយ​កីឡាករ​រូបនេះ ត្រូវបាន​ដាក់ជំនួស​ដោ​យ Jo Kwang នៅ​នាទី ទី៣៥ ។

នៅ​នាទី ទី៣៨ ខ្សែប្រយុទ្ធ Kim Ju Song បាន​បន្ថែម​គ្រាប់​ទី​ពីរ​សម្រាប់​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Ra Pong Gi។ Kim Ju Song រកបាន​មួយ​គ្រាប់​ទៀត​នៅ​ដើមតង់​ទី​ពីរ​ដែល​នាំ​ឲ្យ​កូរ៉េខាងជើង​នាំមុខ ៣-០ ។

ចាន់ វឌ្ឍនាកា ដែល​បាន​ចូល​លេង​ជំនួស ហូ​យ ផល្លី​ន មានឱកាស​ស៊ុត​បាល់​មួយ​គ្រាប់​ក្រោយ​ការបញ្ជូន​របស់​ប្រាក់ មុន្នី​ឧ​ត្ត​ម ប៉ុន្តែ​អ្នកចាំទី​កូរ៉េខាងជើង An Tae Song ទះ​បាល់​ចេញ​យ៉ាង​ល្អ។ នៅ​នាទី ទី៦៩ ប្រធាន​ក្រុម Jang Kuk Chol ដែលជា​ខ្សែការពារ​បានតែ​តបាល់​បញ្ចូល​ទី​បង្កើន​ការនាំ​មុខ ៤-០ សម្រាប់​កូរ៉េខាងជើង។

ទោះបីជា​កូរ៉េខាងជើង​មានការ​គ្រប់គ្រង​ការប្រកួត​ស្ទើរតែ​ទាំងស្រុង ប៉ុន្តែ​កម្ពុជា​មានឱកាស​វាយលុក​ផងដែរ​នៅ​តង់​ទី​ពីរ ជាពិសេស​ការ​វាយ​សម្រុក​របស់ ប្រាក់ មុន្នី​ឧ​ត្ត​ម និង​ចាន់ វឌ្ឍនាកា។

៥នាទី​មុន​បញ្ចប់​ការប្រកួត ចាន់ វឌ្ឍនាកា បាន​បញ្ជូន​បាល់​ទៅ​ឲ្យ សារី ម៉ាត់​ណូ​រ៉ូ​ទីន ដើម្បី​វាយបក​មួយ​គ្រាប់​បង្គ្រប់​កិច្ច​សម្រាប់​កម្ពុជា។ វា​ជា​គ្រាប់​បាល់​លើកដំបូង​ផងដែរ​សម្រាប់​កម្ពុជា​ក្នុងការ​ប្រកួត​ទាំងអស់​រវាង​កម្ពុជា និង​កូរ៉េខាងជើង។

សូមបញ្ជាក់ថា សម្រាប់​ជំនួប​ជាមួយ​កូរ៉េខាងជើង​នៅ​គ្រប់​កម្រិត​អាយុ កម្ពុជា​មិនដែល​មាន​ប្រវត្តិ​ឈ្នះ និង​ស៊ុត​បញ្ចូល​ទី​លើ​កូរ៉េខាងជើង​ឡើយ។ សម្រាប់​ជំនួប​កន្លងមក កូរ៉េខាងជើង​ឈ្នះ​ទាំងអស់ (ឈុត​ធំ​ឆ្នាំ១៩៦៦ ឈ្នះ ២-០ U16ឆ្នាំ២០០៩ ឈ្នះ ៥-០ និងU22ឆ្នាំ២០១២ ឈ្នះ៣-០)។

បច្ចុប្បន្ន​កូរ៉េខាងជើង​កំពុង​នាំមុខគេ​លើ​តារាង​ជាមួយនឹង​ជ័យជម្នះ​ពីរលើកជាប់ៗគ្នា ខណៈ​ការប្រកួត​ចុងក្រោយ​រវាង​កម្ពុជា និង​ហ្វីលីពីន ប្រហែល​គ្រាន់តែ​ជាការ​បង្គ្រប់កិច្ច​តែប៉ុណ្ណោះ៕


ជម្រើស​របស់លោក Lee Tae Hoon មាន៖
ក្រុម​កីឡាករ​កម្ពុជា៖

អ្នកចាំទី៖ អ៊ុំ សេរី​រ័ត្ន
ខ្សែការពារ៖ សឿ​យ វិសាល, សំអឿន ពិដោ, នេន សុធា​រ័ត្ន, ណុប តុលា (ប្រាក់ ចាន់​រតនា ៦៤’) និង រស់ សំអឿន
ខ្សែបម្រើ៖ សារី ម៉ាត់​ណូ​រ៉ូ​ទីន, ហួយ ផល្លី​ន (ចាន់ វឌ្ឍនាកា ៥១’), ង៉​យ ស្រ៊ី​ន, ផានី អ៊ី​រដ្ឋា (មួង មករា),
ខ្សែប្រយុទ្ធ៖ ប្រាក់ មុន្នី​ឧ​ត្ត​ម
 


© រក្សាសិទ្ធិដោយ thmeythmey.com