ជាតិ
លោក រ៉ុង ឈុន ស្នើក្រសួងអប់រំពន្លឿនការបញ្ជូនថវិកា PB ទៅឲ្យសាលារៀន
× សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានសរសេរលិខិតមួយជូន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ឲ្យពិនិត្យ និងពន្លឿនចំពោះថវិកាទ្រទ្រង់សាលាPB ដែលត្រូវផ្តល់ទៅឲ្យសាលានីមួយៗសម្រាប់ឆ្នាំសិក្សា២០១៤-២០១៥នេះ។
តាមរយៈលិខិតចុះថ្ងៃទី៣០មីនានេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានទទួលសេចក្តីរាយការណ៍ពីលោកគ្រូ អ្នកគ្រូតាមសាលានីមួយៗថា រហូតមកពេលនេះ គឺជិត២ត្រីមាសហើយ ដែលសាលាមិនទាន់បានទទួលថវិកាទ្រទ្រង់សាលាPB ។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅ ថ្ងៃនេះថា ការផ្តល់ថវិកាPBទៅឲ្យសាលាមិនបានទាន់ពេលវេលាយ៉ាងដូច្នេះ វានឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការរៀន និងបង្រៀននៅតាមសាលានីមួយៗផងដែរ មិនត្រឹមតែប៉ុណ្ណោះ វានឹងធ្វើឲ្យប៉ះពាល់ដល់កំណែទម្រង់របស់ក្រសួង លើវិស័យអប់រំនៅកម្ពុជាផងដែរ។
លោក រ៉ុង ឈុន បានស្នើឲ្យក្រសួងត្រូវត្រួតពិនិត្យ មើលឡើងវិញដំណើរបញ្ជូនថវិកាគម្រោងនេះ និងធ្វើយ៉ាងណាដើម្បីធានាថាថវិកានេះ ត្រូវបញ្ជូនទៅដល់សាលាទាន់ពេលវេលា។
ថវិកាទ្រទ្រង់សាលា PB គឺជាថវិកាដែលក្រសួងត្រូវផ្តល់ទៅឲ្យសាលានីមួយៗ សមាមាត្រទៅតាមចំនួនសិស្សានុសិស្ស។ ថវិកានេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងការងាររដ្ឋបាល កីឡា បរិស្ថាន ជួសជុលខ្នាតតូច និងការងារកសិកម្មនៅក្នុងសាលាជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com