ជាតិ
លីកាដូ ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​ទិន្នន័យ​ដី​សម្បទាន​ជា​សាធារណៈ
30, Mar 2015 , 6:00 pm        
រូបភាព
អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស ហៅ​កាត់​ថា​លីកាដូ បានទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​បង្ហាញ​ជា​សាធារណៈ នូវ​របាយការណ៍​ទាក់ទិន​នឹង​ទិន្នន័យ​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំងអស់​ដែល​រដ្ឋាភិបាល​បានផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន ។



សេចក្តីថ្លែងការណ៍​រប​ស់​លីកាដូ​ចេញផ្សាយ​នៅ​ថ្ងៃទី៣០មីនា​នេះ បាន​ឲ្យ​ដឹងថា អង្គការ​លីកាដូ នឹង​ចេញផ្សាយ​ជា​សាធារណៈ នូវ​ទិន្នន័យ​អំពី​ដី​សម្បទាន​របស់ខ្លួន។ ទិន្នន័យ​ដែល​ចេញផ្សាយ​នេះ ត្រូវបាន​ចងក្រង​រយៈពេល៥ឆ្នាំ នៃ​ការស៊ើបអង្កេត​របស់​អង្គការ​លីកាដូ លើ​វិស័យនេះ។ យ៉ាងណាក៏ដោយ លីកាដូ បាន​បញ្ជាក់ថា ព័ត៌មាន​ដែល​ខ្លួន​បាន​ចងក្រង​ក្នុង​រយៈពេល៥ឆ្នាំនេះ​នៅ​មិនទាន់​ពេញលេញ និង​មិនទាន់​ច្បាស់លាស់ ដោយសារតែ​ខ្វះ​តម្លាភាព​របស់​រាជរដ្ឋាភិបាល។

លោកស្រី ណា​លី ពី​ឡូ​ក នាយិកា​អង្គការ​លីកាដូ បាន​មានប្រសាសន៍ថា៖ដី​សម្បទាន​ទំហំធំៗ ធ្លាប់មាន​ប្រវត្តិ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ធនធានធម្មជាតិ ព្រមទាំង​មាន​ផល​អវិជ្ជមាន​ដល់​ការអនុវត្ត​គម្រោង​នានា​ផងដែរ»។ លោកស្រី បន្តថា៖«ប្រសិនបើ​រាជរដ្ឋាភិបាល​តាំងចិត្ត​ធ្វើ​ឲ្យ​ប្រសើរឡើង ក្នុង​គោលនយោបាយ​ទៅលើ​វិស័យ​ដីធ្លី​នោះ រដ្ឋាភិបាល​ត្រូវតែ​ប្តេជ្ញា​ក្នុងការ​អនុវត្ត​ការងារ​ប្រកបដោយ​តម្លាភាព ក្នុងការ​ផ្តល់​ដី​សម្បទាន​របស់​រដ្ឋ» ។

សេចក្តីថ្លែងការណ៍​រប​ស់​អង្គការ​លីកាដូ បាន​លើកឡើងថា នៅ​ខែឧសភា ឆ្នាំ២០១២ លោកនាយក​រដ្ឋមន្ត្រី​បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយ​ស្តីពី​ការផ្អាក​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ចថ្មីៗជា​បន្តទៀត និង​ការប្រកាស​ឲ្យ​មានការ​ពិនិត្យឡើងវិញ​នូវ​ដី​សម្បទាន​សេដ្ឋកិច្ចពីមុនៗ ។ 

អង្គការ​លីកាដូ​បាន​បន្តទៀតថា រហូតមកដល់​ពេលនេះ រដ្ឋាភិបាល​មិន​បង្ហាញ​ទិន្នន័យ​ឲ្យ​អស់ ពី​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​បានផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​នោះទេ ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចេញ​ផ្សាយ​តែ​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​មួយ​ដែល​មិនមាន​លក្ខណៈ​ពេញលេញ ចំណែកឯ​ក្រសួងបរិស្ថាន គ្រាន់តែ​បង្ហាញ​ចំនួន​ក្រុមហ៊ុន​សរុប និង​ចំនួន​ដី​សម្បទាន​ដែល​បានផ្តល់​ប៉ុណ្ណោះ ពោលគឺ​ក្រសួង​ទាំងពីរ មិនបាន​បង្ហាញ​ទីតាំង​ជាក់លាក់​នៃ​ទំហំ​ដី២.១លាន​ហិច​តា ដែលជា​ដី​សម្បទាន​សេដ្ឋកិច្ច​នោះទេ។

អង្គការ​លីកាដូ សូម​ទទូច​ដល់​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នានា​មេត្តា​អនុវត្តន៍​ការវាយតម្លៃ​ជា​សាធារណៈ​នៃ​ការទទួលបាន​ដី​សម្បទានធំៗទាំងអស់ តាមរយៈ​ការប្រកាស​ឲ្យ​បាន​ពេញលេញ​ពី​គ្រប់​ក្រសួង​ពាក់ព័ន្ធ នូវ​ប្រាក់ចំណូល​ចូល​រដ្ឋ ដែល​បានមកពី​ការផ្តល់​ដី​សម្បទាន​ទាំងនោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com