ជាតិ
គជប ថ្មី៖ អ្នកចង់បាន និងអ្នកត្រូវការ!
× ពីខ្ញុំបាទ ធូ វាសនា នៅរតនៈគិរី [email protected]
ថ្ងៃនេះមើលសារព័ត៌មាន ឃើញមតិយោបល់របស់អស់លោកបណ្ឌិត ដែលមិនចង់ឲ្យលោកស្រី«ពុង ឈីវហ្គេក» ចូលក្នុងសមាសភាពថ្នាក់ដឹកនាំ«គជប» ធ្វើឲ្យខ្ញុំនឹកឃើញពាក្យពីរឃ្លា ដែលនិយាយអំពី«អ្វីដែលចង់បាន» និងពី«អ្វីដែលត្រូវការ»។
ឥឡូវយើងនិយាយពីអ្វីដែលប្រជារាស្ត្រខ្មែរ«ចង់បាន»សិន។ បើយើងដើរសួររាស្ត្រខ្មែរគ្រប់គ្នា ថា៖«តើចង់បានជីវភាពយ៉ាងម៉េច?ចង់បានអ្នកដឹកនាំយ៉ាងម៉េច? មិនបាច់គាត់ឆ្លើយក៏យើងអាចទាយបានដែរថា៖ពួកគាត់ចង់បានផ្ទះវីឡា ឡានល្អៗ ដេកស្រួល ស៊ីស្រួលមានអ្នកបម្រើឆ្វេងស្តាំ។ តែបើសួរគាត់ថា៖តើគាត់ត្រូវការអ្វី?គាត់ច្បាស់ជាឆ្លើយថា៖ ត្រូវការហូបចុកគ្រប់គ្រាន់ កូនរៀនសូត្រត្រឹមត្រូវ ព្យាបាលជំងឺឥតគិតថ្លៃ....។ល។
ចំណែកនយោបាយស្រុកខ្មែរ ក៏មិនខុសគ្នាប៉ុន្មានដែរ។ បើយើងសួរអ្នកដឹកនាំគណបក្សប្រជាជនថា៖តើលោកចង់បានរបៀបម៉េចចំពោះអង្គភាព«គជប»? គាត់ច្បាស់ជាឆ្លើយថា៖ចង់បាន«គជប»មួយ ដែលចំណុះឲ្យគណបក្សប្រជាជន បម្រើបក្សប្រជាជន ហើយចង់បានលទ្ធផលបោះឆ្នោត ដែលគ្រប់បក្សនយោបាយ និងគ្រប់ភាគីដែលពាក់ព័ន្ធអាចទទួលយកបាន ដោយសុច្ចចិត្ត គ្មានការតវ៉ានៅពេលបោះឆ្នោតម្តងៗ ។ ហើយបើសួរគណបក្សសង្គ្រោះជាតិ ក៏លទ្ធផលមិនខុសគ្នាដែរ។ តែការចង់បាននេះ គឺមិនអាចទៅរួចទេ គឺដូចមនុស្សពីរនាក់ដើរលើផ្លូវតែមួយ តែទិសដៅបញ្ច្រាសគ្នាតើធ្វើម៉េចនឹងជួបគ្នាបានទៅ?
តែបើសួរថា៖អ្វីដែលពួកគេត្រូវការ? ពួកគេត្រូវគិតសិក្សាឲ្យបានច្បាស់ថា៖បាត់បង់អ្វី ដែលមិនខាតខ្លាំង ហើយបានអ្វី ដែលចំណេញច្រើន។អ៊ីចឹងហើយបានជាត្រូវចរចាគ្នា គឺដូចជាពាក្យដែលថា«អ្នកលក់ចង់បានថ្លៃ អ្នកទិញចង់បានថោក»វាជារឿងធម្មតា។
ដូច្នេះហើយបានជាយើងត្រូវនិយាយឲ្យច្បាស់ពី«អ្វីដែលយើងចង់បាន» និង«អ្វីដែលយើងត្រូវការ»។ បើលោកបណ្ឌិតគិតថា៖ទាល់តែច្បាប់ល្អឥតខ្ចោះ១០០% បានចូលដឹកនាំ«គជប»នោះ គឺមួយជិវិតអស់លោកគ្មានឱកាសបាន«គជប»ដូចក្តីស្រមៃរបស់អស់លោកនោះទេ។ឬនិយាយ បានថា៖បើច្បាប់មិនល្អគ្រប់គ្រាន់ទៅហើយ ស្រាប់តែអត់មានអ្នក ដែលទុកចិត្តបានមកដឹកនាំទៅទៀតគឺវាស្មើនឹងពាក្យថា៖«អាក្រក់ជាន់លើអាក្រក់»។ សូម្បីតែមនុស្សល្អក៏មានគំនិតអាក្រក់ទៅហើយ តើសង្ឃឹមឲ្យមនុស្សអាក្រក់មានគំនិតល្អយ៉ាងម៉េច? ឬនិយាយថា៖ធ្វើរបង ស្រាស់បន្លាផង នៅមាន់អាចចូលជាន់ខ្ទឹមបាន ចុះបើមិនទៅចាំយាមទៀត តើវាយ៉ាងម៉េចទៅវិញ?
អ៊ីចឹងត្រូវសួរថា តើការសម្រេចចិត្តមិនចូលដឹកនាំ«គជប»របស់លោកស្រីពុង ឈីវហ្គេក តើអាចរារាំង«គជប»ថ្មីបានឬទេ?
យើងក្រលេកមើលចំណុចនៅក្នុងច្បាប់ ដែលលោកបណ្ឌិតព្រួយបារម្ភ ជាពិសេសលោកកែម ឡី។
ទី១)ចំណុចដែលនិយាយថា៖តម្រូវឲ្យលោកស្រីមានសញ្ជាតិតែមួយ។ចំណុចនេះគ្មានអ្វីជាសម្ពាធលើលោកស្រីប៉ុន្មានទេ។បើនិយាយពីការប្រថុយប្រថាននៅលើរឿងសុវត្ថិភាពផ្ទាល់ខ្លួន គឺលោកស្រីបានដឹងច្បាស់លាស់ណាស់ ទើបសម្រេចចិត្តចាកចេញពីស្រុកបារាំងមករស់នៅលើទឹកដី ដែលពោរពេញទៅដោយគ្រោះថ្នាក់នេះ។ណាមួយច្បាប់នេះគឺរឹតតែល្អ សម្រាប់លោកស្រីក្នុងការបង្ហាញឆន្ទៈជូនប្រជារាស្ត្រខ្មែរ ដែលថា៖«លោកស្រីសុខចិត្តលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីប្រទេសជាតិមួយនេះ» ហើយខ្ញុំក៏គិតថា៖មេដឹកនាំគណបក្សទាំងពីរ ក៏ចង់បានមនុស្សមានសុឆន្ទៈមោះមុតបែបហ្នឹងដែរ។ខ្ញុំគិតថា៖ចំណុចនេះលោកស្រីមិនយក មកធ្វើជាចំណុចរាំងខ្ទប់ការសម្រេចចិត្តរបស់លោកស្រីនោះទេ។ឯចំណុចទី២/ ដែលលោក បណ្ឌិតបានលើកឡើង គឺថា៖មន្ត្រីប៉ូលីសទាហានអាចចូលរួមឃោសនាបោះឆ្នោតបានដោយតម្រូវមិនឲ្យស្លៀកពាក់ឯកសណ្ឋាន និងយកអាវុធចូលក្នុងក្បួនឃោសនា ដែលអាចជាការគំរាមកំហែងដល់អ្នកដទៃ។ ខ្ញុំគិតថា៖ទោះមិនមានច្បាប់នេះ ក៏អស់លោកទាំងនោះនៅតែចូលរួមឃោសនាដែរ ព្រោះអស់លោកទាំងនោះក៏ជាពលរដ្ឋខ្មែរដែរ។ ពេលដោះឯកសណ្ឋាន មិនកាន់អាវុធ អស់លោកទាំងនោះ គឺជាពលរដ្ឋសាមញ្ញ ដែលមានសិទ្ធិដូចពលរដ្ឋដទៃទៀតដែរ។ ណាមួយចំណុចនេះវាគ្មានប៉ះពាល់អ្វីបន្តិចដល់ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋក្នុងការគូសវាសលើសន្លឹកឆ្នោតនោះទេ។
នៅមានចំណុចដែលព្រួយបារម្ភមួយចំនួនទៀត ដូចជា៖ករណីរំលាយគណបក្ស បើសិនជារកឃើញថា៖គណបក្សណាមួយបង្កឲ្យមានការរំខានដល់ប្រត្តិបត្តិការណ៍បោះឆ្នោត។ នេះគឺជារឿង ដែលគួរឲ្យព្រួយបារម្ភ តែរឿងអ្វីក៏មានល្អ និងអាក្រក់ដែរ។ អាក្រក់ត្រង់ថា៖សកម្មជននយោបាយ រួមទាំងបក្សនយោបាយ ទទួលហានិភ័យខ្ពស់ តែវាទាក់នៅត្រង់ការសម្រេចចិត្ត របស់គណៈកម្មាការដឹកនាំរបស់«គជប»ដដែល ដែលអាចសម្រេចថា៖ គួរតែរំលាយ ឬមិនរំលាយ។ ចំណុចល្អត្រង់ថា៖ជាការព្រមានដល់សកម្មជននយោបាយ ជាពិសេសមន្ត្រីមានអំណាចខាងគណបក្សកាន់អំណាចដែលធ្លាប់តែក្អេងក្អាងនៅក្នុងពេលបោះឆ្នោតឲ្យគិតគូរឲ្យ បានច្បាស់លាស់ក្នុងការបញ្ចេញប្រតិកម្មតាមចរឹតធម្មជាតិរបស់ខ្លួន ដែលសល់ពីជំនាន់ខ្មែរក្រហមមក។នៅមានចំណុចមួយទៀតគឺការដកយក«កៅអី»តំណាងរាស្ត្រចេញពីគណបក្សណា ដែលមិនទទួលស្គាល់លទ្ធផលបោះឆ្នោត។ គឺវានៅតែល្អ និងអាក្រក់ដដែល។ល្អត្រង់ថា៖ បង្ខំឲ្យអ្នកនយោបាយតាំងចិត្តជាអ្នកលេងពិតប្រាកដ ដូចដែលពាក្យថា«បើលេងកុំខឹង បើខឹងកុំលេង»។ តែផលអាក្រក់ គឺហាក់បីដូចជាធ្លាក់ចូលទៅគណបក្សប្រជាជនទៅវិញទេ បើមិនមានការកែប្រែបែបបទនយោបាយរបស់ខ្លួន។ ព្រោះថាគណបក្សប្រជាជនកាន់អំណាចទ័ព។ បើ«គជប»ប្រកាសថា៖គណបក្សផ្សេងជាអ្នកឈ្នះ ហើយបក្សប្រជាជនមិនទទួលស្គាល់ នោះគឺជារឿងយីអ៊ុនដាក់អារក្សជាន់មិនខានទេ។ តែបើថា៖គណបក្សប្រជាជនជាអ្នកឈ្នះវិញ ហើយបក្សផ្សេងមិនទទួលស្គាល់ក៏ជារឿងល្អដែរ។ ល្អត្រង់ថាទោះតវ៉ា ក៏មិនដែលយកឈ្នះ បក្សប្រជាជនដដែលហ្នឹង អ៊ីចឹងមិនបាច់តវ៉ានាំខាតពេលវេលាអីនោះទេ។
តែច្បាស់លាស់ណាស់ការបោះឆ្នោត២០១៧ និង២០១៨ គឺមិនដូចពីមុនៗទេ។លំហូរព័ត៌មាន មានគ្រប់ច្រកល្ហក។មានទាំងអាពិត អាក្លែងក្លាយ និងអាប្រឌិត បំភ្លៃ។ ពិតក៏ដោយ ក្លែងក្លាយក៏ដោយគឺជាទូទៅមិនសូវមានផលល្អសម្រាប់បក្សកាន់អំណាចប៉ុន្មាននោះទេ។ ដូចជា៖ សូម្បីតែអាចម៏គោលើថ្នល់ត្រូវឡានកិន ក៏គេបន្ទោសគណបក្សប្រជាជនដែរ។
ដូច្នេះហើយបានជាយើងមើលឃើញថា «សមាសភាពអ្នកទី៩»នោះសំខាន់ប៉ុណ្ណា។ ឬអាចនិយាយថា៖ជាមនុស្សម្នាក់ ដែលអាចទូលផែនដី ក្បាលទល់មេឃ ជើងជាន់ដី។
ម្យ៉ាងទៀតយើងក៏ត្រូវយល់ចិត្តថ្នាក់ដឹកនាំនយោបាយគណបក្សប្រជាជនដែរ គឺពីមុន«គជប» នៅក្នុងកណ្តាប់ដៃយ៉ាងណែនរបស់ខ្លួន តាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ។ ជាក់ស្តែង ក្នុងពេលបោះឆ្នោត២០១៣កន្លងមកនេះ គឺមានទាំងភស្តុតាង មានទាំងសាក្សីពីភាពមិនប្រក្រតី តែទីចុងបំផុត«គជប»នៅតែសម្រេចចិត្តប្រកាសលទ្ធផលតាមលោក ខៀវ កញ្ញារិទ្ធិ ដែលបានប្រកាសនៅលើទំព័រFacebookរបស់លោកដដែល។ ដូច្នេះហើយបក្សកាន់អំណាចម៉េចនឹងសុខចិត្តឲ្យរបូតពីដៃបានដោយងាយៗនោះ។តែអាចលាដៃបន្តិចបន្តួច ឬច្រើនទៅតាមសមត្ថភាព និងកម្លាំងអ្នកដែលទាមទារអស់ទាំងនោះ។
រឿងទៅសុំកែប្រែ«គជប» គឺដូចទៅខ្វេះនំប៉ាវពីមាត់ឆ្កែចចក ។ ម៉េចនឹងភ្លាមៗខ្វេះបានទាំងអស់នោះ…?
ត្រឡប់មកការវិភាគ ឬទស្សនៈរបស់លោកបណ្ឌិតវិញគឺថាមានចំណុចជាច្រើន ដែលប្រជាពលរដ្ឋដូចជាយើងខ្ញុំមានការកោតសរសើរនិងការគោរពចំពោះគំនិតដ៍មានសុភវិនិច្ឆ័យរបស់អស់លោក។ តែត្រង់ចំណុចនេះយើងខ្ញុំគិតថា៖លោកបណ្ឌិតហាក់បីដូចជាមានគំនិតទុទិដ្ឋិនិយមជ្រុលពេកគឺដូចជាយកដើមឈើមួយដើមមកធ្វើជាព្រៃ ឬយកបន្លារំពាក់មួយគុម្ព ដែលដាក់បាំងផ្លូវមកធ្វើជាភ្នំកាំបិតអ៊ីចឹង។និយាយដោយខ្លីគឺលោកបណ្ឌិតចង់បាន«គជប»មួយ ដែលល្អឥតខ្ចោះ ឯប្រជារាស្ត្រខ្មែរត្រូវការ«គជប»មួយ ដែលអាចជឿទុកចិត្តបាន។
ជូនចំពោះលោកស្រី ពុង ឈីវហ្គេក!
បើលោកស្រីស្ទាក់ស្ទើរក្នុងការសម្រេចចិត្តដោយស្តាប់ការវិនិច្ឆ័យរបស់លោកបណ្ឌិតទាំងនោះ លោកស្រីអាចរកអង្គភាពណាមួយ ដែលលោកស្រីទុកចិត្ត ឲ្យធ្វើប្រជាមតិទៅមើលថា៖តើប្រជាពលរដ្ឋទុកចិត្ត និងយល់ព្រមឲ្យលោកស្រីចូលជាសមាសភាពអ្នកទី៩នោះ ប៉ុន្មានភាគរយ។ បើតិចជាង៧០% មិនយល់ព្រម អ៊ីចឹងគឺមិនគួរចូលក្នុង«គជប»នេះទេ។ តែខ្ញុំមានជំនឿចិត្តថា ប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់នឹងគាំទ្រលោកស្រីក្នុងកា ធ្វើជាអ្នកទី៩ក្នុង«គជប»ថ្មីនេះ។
ជាថ្មីម្តងទៀត! អ្នកណាឲ្យលោកស្រីកើតមកជាកូនខ្មែរ ហើយជាទីសង្ឃឹមចុងក្រោយដល់រាស្ត្រខ្មែរធ្វើអី…?
© រក្សាសិទ្ធិដោយ thmeythmey.com