ជាតិ
សេដ្ឋកិច្ច
ម៉ាឡេស៊ីគ្រោងទទួលទេសចរបរទេសជាង២៩លាននាក់ក្នុងឆ្នាំ២០១៥នេះ
× គូឡា ឡាំពួរ-ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីដែលមានប្រជាជនសរុបប្រហែល៣០លាននាក់ បានទទួលទេសចរបរទេស២៧លាន៥សែននាក់ហើយនៅក្នុងឆ្នាំ២០១៤ ។ នៅក្នុងឆ្នាំ២០១៥នេះ ព្រឹត្តិការណ៍អន្តរជាតិធំៗ មិនតិចជាង ៥០ព្រឹត្តិការណ៍ទេ ដែលរដ្ឋាភិបាលនៃប្រទេសប្រជុំកោះមួយនេះគ្រោងរៀបចំ ដើម្បីសម្រេចទិសដៅនៃការទទួលយកទេសចរបរទេសឲ្យបាន២៩,៥លាននាក់។
១១៩ ទីភ្នាក់ងារទេសចរណ៍ ២០អង្គភាពព័ត៌មាន និងក្រុមហ៊ុនអាកាសចរណ៍ចំនួន៤ មកពីជុំវិញពិភពលោកបានមកជួបជុំគ្នានៅព្រឹកថ្ងៃទី៣០មីនានៅក្នុងទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ Mega Meet 2015, Year of festivals ដែលរៀបចំដោយក្រសួងទេសចរណ៍ម៉ាឡេស៊ី (Tourism Malaysia)។
ពីប្រទេសកម្ពុជា សារព័ត៌មានថ្មីៗ តំណាងក្រុមហ៊ុនទេសចរណ៍ចំនួន៤ ត្រូវបានអញ្ជើញដោយ Tourism Malaysia ឲ្យចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ។
ព្រឹត្តិការណ៍នេះនឹងមានរយៈពេលមួយសប្តាហ៍រហូតដល់ថ្ងៃទី៤ខែមេសា។ ក្នុងអំឡុងពេលនេះ ទីភ្នាក់ងារទេសចរណ៍ក្នុងស្រុករបស់ម៉ាឡេស៊ី និងមន្ត្រីទីភ្នាក់ងារទេសចរណ៍ពីប្រទេសនានាត្រូវជួបគ្នាដើម្បីពិភាក្សាអំពីសហប្រតិបត្តិការរៀបចំដំណើរទេសចរណ៍សម្រាប់អតិថិជនដែលចង់មកទស្សនាប្រទេសម៉ាឡេស៊ី។ ទន្ទឹមគ្នានេះ អ្នកកាសែតក៏ត្រូវបានណែនាំឲ្យភ្លក់អាហារល្បីៗ និងអាហារដ្ឋានល្បីប្រចាំប្រទេសម៉ាឡេស៊ីដែរ។
ព្រឹត្តិការណ៍ Mega Meet 2015 ត្រូវបានប្រកាសសម្ពោធដោយអគ្គនាយកនៃក្រសួងទេសចរណ៍ លោក Mirza Mohammad Taiyab ដែលអត្ថាធិប្បាយថា សារព័ត៌មានបរទេស និងប្រតិបត្តិករទេសចរណ៍ មានសារៈសំខាន់ណាស់សម្រាប់ភាពជោគជ័យក្នុងការជំរុញទេសចរឲ្យមកទស្សនាប្រទេសម៉ាឡេស៊ី។ លោកអគ្គនាយក Mirza Mohammad Taiyab បានបញ្ជាក់នៅក្នុងពិធីបើកសម្ពោធព្រឹត្តិការណ៍ Mega Meet 2015 យ៉ាងដូច្នេះថា៖«យើងសង្ឃឹមថា អ្នកសារព័ត៌មានជួយជំរុញអ្នកទេសចរឲ្យមកកម្សាន្តក្នុងប្រទេសម៉ាឡេស៊ី។ ឆ្នាំនេះ គឺជាឆ្នាំដ៏សំខាន់មួយ ពីព្រោះយើងកំពុងរៀបចំប្រារព្ធព្រឹត្តិការណ៍មហោស្រពជាច្រើន»។
គួរបញ្ជាក់ថា ក្នុងរយៈពេលមួយសប្តាហ៍នៅក្នុងប្រទេសម៉ាឡេស៊ី តំណាងក្រុមហ៊ុនទេសចរណ៍ និងអ្នកកាសែតបរទេសទាំងអស់នឹងត្រូវនាំទៅទីកន្លែងទេសចរណ៍សំខាន់ៗរបស់ប្រទេសម៉ាឡេស៊ី៕
© រក្សាសិទ្ធិដោយ thmeythmey.com