ជាតិ
សេដ្ឋកិច្ច
ម៉ាឡេស៊ី​គ្រោង​ទទួល​ទេសចរ​បរទេសជាង​២៩លាន​នាក់​ក្នុង​ឆ្នាំ២០១៥នេះ
30, Mar 2015 , 8:56 pm        
រូបភាព
គូឡា ឡាំពួរ-ម៉ាឡេស៊ី៖ ប្រទេស​ម៉ាឡេស៊ី​ដែលមាន​ប្រជាជន​សរុប​ប្រហែល៣០លាន​នាក់ បានទទួល​ទេសចរ​បរទេស២៧លាន៥សែន​នាក់​ហើយ​នៅក្នុង​ឆ្នាំ២០១៤ ។ នៅក្នុង​ឆ្នាំ២០១៥នេះ ព្រឹត្តិការណ៍​អន្តរជាតិធំៗ មិនតិចជាង ៥០ព្រឹត្តិការណ៍​ទេ ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ប្រជុំ​កោះ​មួយ​នេះ​គ្រោង​រៀបចំ ដើម្បី​សម្រេច​ទិសដៅ​នៃ​ការទទួលយក​ទេសចរ​បរទេស​ឲ្យ​បាន២៩,៥លាន​នាក់។



១១៩ ទីភ្នាក់ងារ​ទេសចរណ៍ ២០អង្គភាព​ព័ត៌មាន និង​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន៤ មកពី​ជុំវិញ​ពិភពលោក​បានមក​ជួប​ជុំគ្នា​នៅ​ព្រឹក​ថ្ងៃទី៣០មីនានៅក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Mega Meet 2015, Year of festivals ដែល​រៀបចំ​ដោយ​ក្រសួងទេសចរណ៍​ម៉ាឡេស៊ី (Tourism Malaysia)។

ពី​ប្រទេស​កម្ពុជា សារព័ត៌មានថ្មីៗ តំណាង​ក្រុមហ៊ុន​ទេសចរណ៍​ចំនួន៤ ត្រូវបាន​អញ្ជើញ​ដោយ Tourism Malaysia ឲ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នេះ។

ព្រឹត្តិការណ៍​នេះ​នឹងមាន​រយៈពេល​មួយ​សប្តាហ៍​រហូតដល់​ថ្ងៃទី៤ខែមេសា។ ក្នុងអំឡុង​ពេលនេះ ទីភ្នាក់ងារ​ទេសចរណ៍​ក្នុងស្រុក​របស់​ម៉ាឡេស៊ី និង​មន្ត្រី​ទីភ្នាក់ងារ​ទេសចរណ៍​ពី​ប្រទេស​នានា​ត្រូវ​ជួបគ្នា​ដើម្បី​ពិភាក្សា​អំពី​សហប្រតិបត្តិ​ការរៀប​ចំ​ដំណើរ​ទេសចរណ៍​សម្រាប់​អតិថិជន​ដែល​ចង់​មក​ទស្សនា​ប្រទេស​ម៉ាឡេស៊ី។ ទន្ទឹមគ្នានេះ អ្នកកាសែត​ក៏ត្រូវ​បាន​ណែនាំ​ឲ្យ​ភ្លក់​អាហារល្បីៗ និង​អាហារ​ដ្ឋា​ន​ល្បី​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​ដែរ។

ព្រឹត្តិការណ៍ Mega Meet 2015 ត្រូវបាន​ប្រកាស​សម្ពោធ​ដោយ​អគ្គនាយក​នៃ​ក្រសួងទេសចរណ៍ លោក Mirza Mohammad Taiyab ដែល​អត្ថាធិប្បាយ​ថា សារព័ត៌មាន​បរទេស និង​ប្រតិបត្តិ​ករ​ទេសចរណ៍ មាន​សារៈសំខាន់​ណាស់​សម្រាប់​ភាពជោគជ័យ​ក្នុងការ​ជំរុញ​ទេសចរ​ឲ្យ​មក​ទស្សនា​ប្រទេស​ម៉ាឡេស៊ី។ លោក​អគ្គនាយក Mirza Mohammad Taiyab បានបញ្ជាក់​នៅក្នុង​ពិធី​បើកសម្ពោធ​ព្រឹត្តិការណ៍ Mega Meet 2015 យ៉ាង​ដូច្នេះ​ថា៖«យើង​សង្ឃឹមថា អ្នកសារព័ត៌មាន​ជួយ​ជំរុញ​អ្នកទេសចរ​ឲ្យ​មក​កម្សាន្ត​ក្នុងប្រទេស​ម៉ាឡេស៊ី។ ឆ្នាំនេះ គឺជា​ឆ្នាំ​ដ៏​សំខាន់​មួយ ពីព្រោះ​យើង​កំពុង​រៀបចំ​ប្រារព្ធ​ព្រឹត្តិការណ៍​មហោស្រព​ជាច្រើន»។

គួរ​បញ្ជាក់ថា ក្នុង​រយៈពេល​មួយ​សប្តាហ៍​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី តំណាង​ក្រុមហ៊ុន​ទេសចរណ៍ និង​អ្នកកាសែត​បរទេស​ទាំង​អស់​នឹងត្រូវ​នាំទៅ​ទីកន្លែង​ទេសចរណ៍សំខាន់ៗរបស់​ប្រទេស​ម៉ាឡេស៊ី៕



© រក្សាសិទ្ធិដោយ thmeythmey.com