ជាតិ
បទវិភាគ
​​​ន​យោ​បាយ​ជាតិ​
ខ្សែការពារ​ចុងក្រោយ
31, Mar 2015 , 4:15 pm        
រូបភាព
ដោយ: ថ្មីៗ
លិខិតមិត្តអ្នកអាន
ដោយ ធូ វាសនា នៅ​រតនៈគិរី
[email protected]


រឿង​ល្បែង​អុក​នេះ​គឺថា បើសុខៗមកឈរ​មើល​ពាក់កណ្តាល​ទី គឺ​មិន​ល្អមើល មិន​ព្រឺព្រួច​នោះទេ។
មកដល់ពេលនេះ​ហើយ នៅមាន​អ្នក​ផ្កាប់មុខ​មួយចំនួន​សរសេរ​អត្ថបទ​ថា៖«ស.ជ នៅមាន​ប្រៀប​ទៀត!»



យើង​ក្រលេកមើល៤ជំហាន​ចុងក្រោយ មុននឹង​មកដល់​ចំណុច​នេះ ៖
ជំហាន​ទី១) គឺ គ.ជ.ប ប្រកាស​តាម​លោក​ខៀវ កញ្ញា​រី​ទ្ធ ដែលជា​ផែនការ​ចេញពី«គ៨៥»។
ជំហាន​ទី២) ព្រះមហាក្សត្រ​ឲ្យ​ទទួលស្គាល់​លទ្ធផល ហើយ​យាង​ទៅ​ដឹកនាំ​ការប្រជុំ ដឹកនាំ​រដ្ឋសភា​ថ្មី។
ជំហាន​ទី៣) បង្ក្រាប​បាតុកម្ម ហើយ​ចរចា​បង្ខំ​ឲ្យ«ស.ជ»ចូល​សភា ផ្តល់​ឲ្យ​នូវ​អ្វីដែល​ជាការ​ទាមទារ តែ​មិន​ប្រលែង​ដូចជា ទូរទស្សន៍ និង​គ.ជ.ប ថ្មី​ជាដើម។ ជាពិសេស​គឺ យក​អ្នកស្រី​ពុង ឈី​វ​កេក ជា​ធ្នាក់​ដើម្បី​ធ្វើ​ឲ្យ​មហាជន​ស្ងប់ចិត្ត ធ្វើជា​សមាសភាព​ទី៩ ហើយក៏​ជា​ធ្នាក់​ទាក់ ស.ជ ឲ្យ​ចូល​សភា​ដែរ ដើម្បី​កែប្រែ​ច្បាប់ គ.ជ.ប ថ្មី​ផងដែរ។
ជំហាន​ទី៤) គឺ​ផែន​ការចរចា​ដើម្បី​បំផ្លាញ​ការចរចា។ បង្កើត​ច្បាប់​ដើម្បី​បំផ្លាញ​ច្បាប់។ ធ្វើយ៉ាងណា​ឲ្យ«គ.ជ.ប ថ្មី​ដូច​គ.ជ.ប ចាស់ ដូច​ក្បួនសឹក​ពោលថា៖«យុទ្ធសាស្ត្រ គឺជា​សិល្បៈ​នៃ​ការ​បំភាន់។ បើ​គេ​ល្អ​ជាង​យើង​ត្រូវ​ឲ្យ​គេ​មើ​លម​កថា យើង​ល្អ​ដូច​គេ»។

ពេលដែល​លោកស្រី​ពុង ឈី​វ​កេក ប្រកាស​បដិសេធ​ជា​សមាសភាព​ទី៩នៅ គ.ជ.ប គឺ​ដូចជា​អ្វីដែល «ប្រជ»បានគ្រោង​ទុក។ ព្រោះថា​នៅក្នុង​កិច្ចព្រមព្រៀង​អត់​មាន​បេក្ខជន​បម្រុង​នោះទេ។ អញ្ចឹង​ទោះ បក្ស​ប្រជាជន​ដាក់​នរណា​មក​ដឹកនាំ (រួមទាំង​លោក អ៊ឹម សួស្តី ឬ​លោក ទេព នីថា) មក​ធ្វើជា​បេក្ខជន ទី៩ ក៏​អង្ករ​ក្លាយជា​បាយ​ទៅហើយ។ គឺ​សម្រេច​ដោយ​សំឡេង ៥០+១ ដែល«ប្រជ»មានប្រៀប​បាត់ទៅហើយ។

លើក​នេះ​ប្រវត្តិសាស្ត្រ​មានកំណត់​ត្រា​ថ្មី​ហើយ​គឺ ថា លោកស្រី​ពុង ឈី​វ​កេក ជា"តួឯក"ក្នុង​ទំព័រ​កំណត់ត្រា​នេះ រួមមាន​បណ្ឌិត​ប៉ុន្មាន​នាក់ ដែល​ឲ្យ​យោបល់ លោកស្រី​កុំ​ឲ្យ​ទទួលយក​តួនាទី​នេះ គឺជា«តួរង»។ ព្រោះ​តាំងពី​ដើមទី​មក​ទាំង ស.ជ និង​មហាជន​សង្ឃឹម​ទាំងស្រុង លើ​សមាសភាព​លោកស្រី។ បើ​អត់​ពី​លោកស្រី​គឺ ត្រូវ​ជ្រើសរើស​សារជាថ្មី ដែល«ប្រជ» មានប្រៀប​ជាង រហូតដល់៩០%។ ទោះ«សជ»ព្រម​ក៏ដោយ មិន​ព្រម​ក៏ដោយ​ក៏​គ្មាន​ឧបសគ្គ​អី​ដែរ។ ព្រោះថា​អ្នកការពារ​ខ្សែក្រវាត់​ក្រុង(លោកស្រី​ពុង ឈី​វ​កេក)ត្រូវបាន​បង្ខំ​ឲ្យ​ទំលាក់អាវុធ បើកទ្វារ​ក្រុង ចុះចាញ់​ទៅហើយ។ អ្វីដែល​យើង​ជា​ប្រជារាស្ត្រ​ខ្មែរ បាន​ព្រួយបារម្ភ ក៏​វា​ក៏បាន​កើតឡើង​មែន។ លើក​នេះ បាយកក ក៏​ក្លាយជា​បាយ​ផ្អូម​ដែរ។

ជូន​ចំពោះ​លោកស្រី និង​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ!
នៅ​មិនទាន់​ដល់​ដំណាក់កាល​ចុងក្រោយ អ្វីៗក៏​នៅមាន​សង្ឃឹម​ដែរ។ ក្នុងពេល ដែល​លោកស្រី​មិនទាន់​ផ្ញើលិខិត​ផ្លូវការ​ទៅ​មេដឹកនាំ​បក្សនយោបាយ​ទាំងពីរ លោកស្រី​នៅតែមាន​ឱកាស​កែច្នៃ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​នេះ តើ​ចង់​ឲ្យ​គេ​សរសេរ​អំពី​អ្វី? ហើយក៏​រួមទាំង​លោក​សម រង្ស៊ី និង​លោក​កឹម សុខា​ផងដែរ។
កូនសោរ​ក្នុង​របត់​នយោបាយ​មួយ​នេះ គឺ​នៅលើ​លោកស្រី​ពុង ឈី​វ​កេក ព្រោះ គ្មាន​បេក្ខជន​បម្រុង​ក្នុង​កិច្ចព្រមព្រៀង​នោះទេ។ ចង់​និយាយ​ថាបើ​លោកស្រី​មិន​យល់ព្រម អញ្ចឹង​បក្ស​ប្រជាជន​នឹង​លើកដាក់​នរណា​ចូលក្នុង"គជប"ថ្មី​នេះ ស្រេច​តែ​ចិត្ត​មាន​ទាំង​លោក​អ៊ឹម សួស្តី និង​លោក​ទេព នីថា​ផងដែរ។

តាមពិត​មាន​វីរៈជន​ជាច្រើន ដែលមាន​កេរ្តិ៍ឈ្មោះ និង​ស្នាដៃ ហើយ​អាច​ធានា​ឯករាជ្យ​បាន។ តែ​ពួកគាត់​មិនត្រូវ​បាន​គេ​ដាក់​ជា​បេក្ខជន​បម្រុង​ក្នុង​កិច្ចព្រមព្រៀង​នោះទេ។ ដូច្នេះ​បើ​លោកស្រី​មិន​យល់ព្រម​គឺ មិនអាច​បន្ទោស​គណបក្ស​ប្រជាជន​បានទេ។ បើ​គេ​លើក លោក​អ៊ឹម សួស្តី មកកាន់​តំណែង​នេះ​វិញ ព្រោះ"សជ"គ្មាន​កម្លាំង​គ្រប់គ្រាន់​នៅ​សភា​ក្នុងការ​រាំងខ្ទប់​ការសម្រេចចិត្ត​នយោបាយ​របស់"ប្រជ"នោះទេ។

ជា​ចុងបញ្ចប់​សូម​លោកស្រី​ពុង ឈី​កេក និង​មេបក្ស​ប្រឆាំង​ត្រូវតែ​យកចិត្តទុកដាក់​គិតពិចារណា​ឡើងវិញ និង​ឲ្យ​បាន​ល្អិតល្អន់ គិតដល់​លទ្ធផល​ចុងក្រោយ និង​វាសនា​នគរ វាសនា​រាស្ត្រ​ខ្មែរ​គ្រប់​ជំនាន់​ជា​គោល...។






© រក្សាសិទ្ធិដោយ thmeythmey.com