កីឡាជាតិ
AFC U23 ៖ កម្ពុជា​នាំបីពិន្ទុ​ត្រឡប់​មក​ផ្ទះ​វិញ​ ក្រោយ​ឈ្នះ​ហ្វីលីពីន ៣-១
31, Mar 2015 , 5:56 pm        
រូបភាព
ចាន់ វឌ្ឍនាកា រកបានពីរគ្រាប់​សម្រាប់កម្ពុជានៅតង់ទីមួយ
ចាន់ វឌ្ឍនាកា រកបានពីរគ្រាប់​សម្រាប់កម្ពុជានៅតង់ទីមួយ
ខ្សែបម្រើ ចាន់ វឌ្ឍនាកា បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន២គ្រាប់ និង​ខ្សែការពារ សឿ​យ វិសាល តែ​ត​ចូល​មួយ​គ្រាប់​ដើម្បី​នាំ​ឲ្យ​ក្រុមយុវជន​កម្ពុជា​នាំមុខ​ក្រុម​ហ្វីលីពីន ៣-០ នៅ​តង់​ទីមួយ នា​ការប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល G នៃ​វគ្គ​ជម្រុះ AFC U-23 Championships។ ខ្សែបម្រើ Arboleda Fitch Johnson Daviz Barace បាន​វាយ​បក​ពី​ក្រោយ​​សម្រាប់​ហ្វីលីពីន នៅ​ក្នុងនាទី​បន្ថែម។



សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន Rajamangala នា​រសៀល​ថ្ងៃ​អង្គារ​នេះ កម្ពុជា​បាន​បើក​ការ​វាយ​សម្រុក​យ៉ាងខ្លាំង​ទៅលើ​ហ្វីលីពីន។ ចាន់ វឌ្ឍនាកា ដែលមាន​ឈ្មោះ​ក្នុង​ជម្រើស​ដំបូង​ឡើងវិញ បាន​ស៊ុត​បាល់​ហ្វ្រី​ឃី​ក​ពី​ចម្ងាយ​ប្រមាណ៣០ម៉ែត្រ​ដើម្បី​នាំមុខ​គ្រាប់​ទីមួយ ហើយ៥នាទី​ក្រោយមក ខ្សែបម្រើ​ក្លិប​បឹងកេត​អង្គរ​រូបនេះ បន្ថែម​បាន​គ្រាប់​ទី​ពីរ។

នៅ​នាទី ទី១៥ ប្រធាន​ក្រុម​ប្រាក់ មុន្នី​ឧ​ត្ត​ម បាន​ទាត់​បាល់​ចេញពី​ជ្រុង​ដើម្បី​នាំ​ឲ្យ​ខ្សែការពារ សឿ​យ វិសាល ដែលជា​មិត្ត​រួម​ក្រុម​ក្លិប​ស្វាយរៀង តែ​ត​បញ្ចូល​ទី​គ្រាប់​ទី​បី។ ចាន់ វឌ្ឍនាកា មានឱកាស​ជាច្រើន​ក្នុងការ​បន្ថែម​គ្រាប់​បាល់​បញ្ចូល​ទី ប៉ុន្តែ​ការព្យាយាម​របស់គេ​តែងតែ​ត្រូវបាន​រារាំង​ដោយ​ខ្សែការពារ និង​អ្នកចាំទី​ហ្វីលីពីន។

ឈាន​ដល់​តង់ទីពីរ កម្ពុជា​ប្រឹង​ស្វែង​រកគ្រាប់​បាល់បញ្ចូលទី​បន្ថែមទៀត​ក្នុងតង់ទីពីរ ប៉ុន្តែពួក​គេ​ធ្វើអ្វីមិន​បានឡើយ ខណៈកីឡាករ​ឆ្នើម​ជាច្រើន​បាន​រងរបួស។

ថ្វីត្បិតតែ​នេះ ជា​ជំនួប​បង្គ្រប់កិច្ច​ក៏ដោយ ប៉ុន្តែ​ការវិល​ត្រឡប់មកវិញ​ជាមួយនឹង​ជ័យជម្នះ អាច​នាំ​ឲ្យ​ក្រុមយុវជន​កម្ពុជា​ទទួល​បាន​ប្រាក់រង្វាន់​លើកទឹកចិត្ត១ម៉ឺន​ដុល្លារ​អាមេរិក​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា៕

ជម្រើស​កម្ពុជា​ជាមួយ​ហ្វីលីពីន៖

អ្នកចាំទី៖អ៊ុំ សេរី​រ័ត្ន
ខ្សែការពារ៖សឿ​យ វិសាល រស់ សំអឿន, នេន សុធា​រ័ត្ន, ណុប តុលា
ខ្សែបម្រើ៖ហួយ ផល្លី​ន, សំអឿន ពិដោរ, សារី ម៉ាត់​ណូ​រ៉ូ​ទីន (៤៦ ផាន់នី អ៊ីរដ្ឋា ៧៣ អុល រ៉ាវី), ទិ​ត្យ ឌី​ណា (៥៩ ង៉យ ស្រ៊ីន)
ខ្សែប្រយុទ្ធ៖ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នី​ឧ​ត្ត​ម។



© រក្សាសិទ្ធិដោយ thmeythmey.com