កីឡាជាតិ
AFC U23 ៖ កម្ពុជានាំបីពិន្ទុត្រឡប់មកផ្ទះវិញ ក្រោយឈ្នះហ្វីលីពីន ៣-១ ចាន់ វឌ្ឍនាកា រកបានពីរគ្រាប់សម្រាប់កម្ពុជានៅតង់ទីមួយ
× ខ្សែបម្រើ ចាន់ វឌ្ឍនាកា បានស៊ុតបាល់បញ្ចូលទីចំនួន២គ្រាប់ និងខ្សែការពារ សឿយ វិសាល តែតចូលមួយគ្រាប់ដើម្បីនាំឲ្យក្រុមយុវជនកម្ពុជានាំមុខក្រុមហ្វីលីពីន ៣-០ នៅតង់ទីមួយ នាការប្រកួតចុងក្រោយក្នុងពូល G នៃវគ្គជម្រុះ AFC U-23 Championships។ ខ្សែបម្រើ Arboleda Fitch Johnson Daviz Barace បានវាយបកពីក្រោយសម្រាប់ហ្វីលីពីន នៅក្នុងនាទីបន្ថែម។
សម្រាប់ការប្រកួតនៅកីឡដ្ឋាន Rajamangala នារសៀលថ្ងៃអង្គារនេះ កម្ពុជាបានបើកការវាយសម្រុកយ៉ាងខ្លាំងទៅលើហ្វីលីពីន។ ចាន់ វឌ្ឍនាកា ដែលមានឈ្មោះក្នុងជម្រើសដំបូងឡើងវិញ បានស៊ុតបាល់ហ្វ្រីឃីកពីចម្ងាយប្រមាណ៣០ម៉ែត្រដើម្បីនាំមុខគ្រាប់ទីមួយ ហើយ៥នាទីក្រោយមក ខ្សែបម្រើក្លិបបឹងកេតអង្គររូបនេះ បន្ថែមបានគ្រាប់ទីពីរ។
នៅនាទី ទី១៥ ប្រធានក្រុមប្រាក់ មុន្នីឧត្តម បានទាត់បាល់ចេញពីជ្រុងដើម្បីនាំឲ្យខ្សែការពារ សឿយ វិសាល ដែលជាមិត្តរួមក្រុមក្លិបស្វាយរៀង តែតបញ្ចូលទីគ្រាប់ទីបី។ ចាន់ វឌ្ឍនាកា មានឱកាសជាច្រើនក្នុងការបន្ថែមគ្រាប់បាល់បញ្ចូលទី ប៉ុន្តែការព្យាយាមរបស់គេតែងតែត្រូវបានរារាំងដោយខ្សែការពារ និងអ្នកចាំទីហ្វីលីពីន។
ឈានដល់តង់ទីពីរ កម្ពុជាប្រឹងស្វែងរកគ្រាប់បាល់បញ្ចូលទីបន្ថែមទៀតក្នុងតង់ទីពីរ ប៉ុន្តែពួកគេធ្វើអ្វីមិនបានឡើយ ខណៈកីឡាករឆ្នើមជាច្រើនបានរងរបួស។
ថ្វីត្បិតតែនេះ ជាជំនួបបង្គ្រប់កិច្ចក៏ដោយ ប៉ុន្តែការវិលត្រឡប់មកវិញជាមួយនឹងជ័យជម្នះ អាចនាំឲ្យក្រុមយុវជនកម្ពុជាទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត១ម៉ឺនដុល្លារអាមេរិកពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា៕
ជម្រើសកម្ពុជាជាមួយហ្វីលីពីន៖
អ្នកចាំទី៖អ៊ុំ សេរីរ័ត្ន
ខ្សែការពារ៖សឿយ វិសាល រស់ សំអឿន, នេន សុធារ័ត្ន, ណុប តុលា
ខ្សែបម្រើ៖ហួយ ផល្លីន, សំអឿន ពិដោរ, សារី ម៉ាត់ណូរ៉ូទីន (៤៦ ផាន់នី អ៊ីរដ្ឋា ៧៣ អុល រ៉ាវី), ទិត្យ ឌីណា (៥៩ ង៉យ ស្រ៊ីន)
ខ្សែប្រយុទ្ធ៖ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្តម។
© រក្សាសិទ្ធិដោយ thmeythmey.com