ជាតិ
CCHR៖ រដ្ឋាភិបាល​គួរ​ធ្វើជា​គំរូ ក្នុងការ​លើកកម្ពស់​និង​ការពារ​សិទ្ធិ​អ្នក​ប្តូរ​ភេទ
31, Mar 2015 , 5:23 pm        
រូបភាព

 
មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា CCHR នៅ​ថ្ងៃទី៣១ខែមីនា​នេះ​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយបាន​ទទូច​ឲ្យ​រាជរដ្ឋាភិបាល​បោះជំហាន​ទៅ​មុខជា​វិជ្ជមាន ក្នុងការ​លើកកម្ពស់​និង​ការពារ​សិទ្ធិ​របស់​អ្នក​ប្តូរ​ភេទ​នៅ​កម្ពុជា។


នៅ​ថ្ងៃទី៣១មីនា​នេះ​គឺជា​ខួប​លើក​ទី៦នៃ​អ្នក​ប្តូរ​ភេទ​អន្តរជាតិ​ដោយ​បើកចំហរ។ទិវា​នេះ​ត្រូវបាន​គេ​ប្រារព្ធ​ឡើង​ដើម្បី​អបអរ​ដល់​សហគមន៍​អ្នក​ប្តូរ​ភេទ​នៅ​ជុំវិញ​ពិភពលោក​និង​ដើម្បី​ចងចាំ ព្រមទាំង​ឧទ្ទិស​មនុស្ស​ដែល​ត្រូវបាន​សម្លាប់​ដោយសារ​ការរើសអើង​និង​ការបង្ហាញ​អត្តសញ្ញាណ​យេនឌ័រ។

សេចក្តីថ្លែងការណ៍​រប​ស់​CCHRដែល​ចេញផ្សាយ​នៅថ្ងៃនេះ​បានលើកឡើង​ថា​នៅ​កម្ពុជា​បញ្ហា​របស់​អ្នក​ប្តូរ​ភេទ​មិនទាន់បាន​ស្រាវជ្រាវ​ឲ្យ​បាន​ទូលំទូលាយ​នៅឡើយ​ហើយក៏​មិនមាន​ទិន្នន័យ​ច្បាស់លាស់​ទាក់ទង​នឹង​ការរើសអើង​ប្រឆាំងនឹង​អ្នក​ប្តូរ​ភេទ​នោះដែរ។

ជាមួយគ្នា​នោះ​តាមរយៈ​គម្រោង​និន្នាការ​ភេទ​និង​អត្តសញ្ញាណ​យេនឌ័រ(គម្រោង​សូ​ជី)របស់​CCHRដែល​បានធ្វើការ​ជាមួយ​បណ្តាញ​នៃ​ក្រុម​អ្នក​ប្តូរ​ភេទ​នៅ​ទូទាំងប្រទេស បាន​រកឃើញថា​អ្នក​ប្តូរ​ភេទ​ត្រូវបាន​សាធារណជន រើសអើង ទាំង​នៅ​កន្លែងធ្វើការ និង​នៅ​សាលារៀន។

លោក​នួន​ស៊ី​ដា​រ៉ា​អ្នកសម្របសម្រួល​គម្រោង​និន្នាការ​ភេទ​និង​អត្តសញ្ញាណ​យេនឌ័រ​បាន​លើកឡើងថា៖« អ្នក​ប្តូរ​ភេទ​នៅ​កម្ពុជា​ទាំង​សហគមន៍​ស្រី​ស្រឡាញ់​ស្រី​ប្រុស​ស្រឡាញ់​ប្រុស​និង​អ្នក​ស្រឡាញ់​បាន​ទាំង២ភេទ​តែង​ជួប​បញ្ហា​ប្រឈម​នឹង​ការមិន​អត់ឱន​និង​ការរើសអើង​ពី​ក្រុមគ្រួសារ​និង​ពី​សង្គម​យ៉ាងខ្លាំង» ។លោក​បន្ថែមថា៖«យើង​ចង់​ផ្លាស់ប្តូរ​ឥរិយាបថ​មួយ​ដែល​ជួយ​ឲ្យ​អ្នក​ប្តូរ​ភេទ​មាន​អារម្មណ៍​ថា​ខ្លួនឯង ត្រូវបានគេទទួលស្គាល់​មិន​សុវត្ថិភាព នៅក្នុង​សហគមន៍​ដែល​ខ្លួន​រស់នៅ។រដ្ឋាភិបាល​គួរ​ធ្វើជា​គំរូ​ក្នុងការ​លើកកម្ពស់​និង​ការពារ​សិទ្ធិ​របស់​បុរស ស្ត្រី ដែល​បាន​ប្តូរ​ភេទ ដើម្បី​ឲ្យ​ពួកគាត់​រស់នៅ ដោយ​គ្មាន​ការរើសអើង» ។ 

ការសិក្សា​លំអិត​ពី​ការរើសអើង​ប្រឆាំងនឹង​ក្រុមមនុស្ស​ដែល​ប្តូរ​ភេទ ក៏ត្រូវ​បានធ្វើ​ផងដែរ​នៅ​កន្លែង​ផ្សេងទៀត​នៅលើ​ពិភពលោក​ហើយ​លទ្ធផល​នៃ​ការសិក្សា​នោះ​គឺ​ពិតជា​គួរ​ឲ្យ​ព្រួយបារម្ភ។នៅ​ចន្លោះ​ឆ្នាំ២០០៨-២០១៤គម្រោង​ឃ្លាំមើល​ឃាតកម្ម​ទៅលើ​អ្នក​ប្តូរ​ភេទ​អឺរ៉ុប បាន​រកឃើញថា​មាន​ឃាតកម្ម​ចំនួន១,៥០៩ករណី បានកើត​ឡើងលើ​អ្នក​ប្តូរ​ភេទ​នៅ​ទូទាំង​ពិភពលោក។នៅ​ចក្រភព​អង់គ្លេស ការសិក្សា​មួយ​នៅ​ឆ្នាំ២០១៤បាន​រកឃើញថា៤៨ភាគរយ នៃ​អ្នក​ប្តូរ​ភេទ​ក្រោម​អាយុ​វ២៦ឆ្នាំ​បាន​ព្យាយាម​ធ្វើអត្តឃាត៕







© រក្សាសិទ្ធិដោយ thmeythmey.com