ជាតិ
ក្រសួងព្រមានផ្អាកអាជីវកម្មមណ្ឌលកំសាន្តដែលគ្មានច្រកសុវត្ថិភាព និងមានសំឡេងរំខាន
×
ក្រសួងទេសចរណ៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងចាត់វិធានការបញ្ចុះថ្នាក់អាជ្ញាប័ណ្ណ ឬបញ្ឈប់អាជ្ញាប័ណ្ណតែម្តង ចំពោះមណ្ឌលកំសាន្តទេសចរណ៍មនុស្សពេញវ័យណាដែលមិនអនុវត្តន៍តាមការណែនាំរបស់ក្រសួង។
ក្រសួងទេសចរណ៍ បានចេញសារាចរណ៍ណែនាំមួយកាលពីថ្ងៃទី៣០មីនា ស្តីពីពង្រឹងការគ្រប់គ្រងមណ្ឌលកំសាន្តមនុស្សពេញវ័យ។
ការណែនាំនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងទេសចរណ៍បានពិនិត្យឃើញថា កន្លងមកសំណង់ខុសបចេ្ចកទេស និងអាជីវកម្មមណ្ឌលកំសាន្តទេសចរណ៍មនុស្សពេញវ័យមួយចំនួន បានបង្កការរំខានដល់គ្រឹះស្ថានសាធារណៈ ស្ថានទូត មន្ទីរពេទ្យ សាលារៀន ទីតាំងសាសនា ការស្នាក់នៅរបស់អ្នកទេសចរ និងប្រជាពលរដ្ឋ ព្រមទាំងបង្កអគ្គិភ័យបណ្តាលឲ្យបាត់បង់ជីវិតភ្ញៀវទេសចរណ៍ បុគ្គលិកបំរើការងារនិងខូចខាតទ្រព្យសម្បត្តិទៀតផង។
បើតាមសារាចរណ៍ណែនាំ មណ្ឌលកំសាន្តទេសចរណ៍សមនុស្សពេញវ័យទាំងអស់ ត្រូវកែលំអប្រព័ន្ធសំឡេង ដើម្បីធានាថាកុំឲ្យរំខាន ដល់គ្រឹះស្ថានសាធារណៈ ស្ថានទូត មន្ទីរពេទ្យ សាលារៀន ទីតាំងសាសនា ការស្នាក់នៅរបស់អ្នកទេសចរ និងប្រជាពលរដ្ឋ។
សារាចរណ៍ដដែលបន្តថា មណ្ឌលកំសាន្តត្រូវមានច្រកសុវត្ថិភាពគ្រប់គ្រាន់ និងកែលំអប្រព័ន្ធការពារអគ្គិភ័យតាមស្តង់ដារបច្ចេកទេស ដើម្បីបញ្ចៀសគ្រោះអាសន្នផ្សេងៗ និងត្រូវមានចំណេះដឹងពីវិធីសង្គ្រោះបន្ទាន់ក្នុងករណីមានអាសន្ន។
មណ្ឌលកំសាន្តទាំងអស់មានពេលវេលាចំនួន៣ខែ ក្នុងអនុវត្តន៍ការណែនាំនេះ បើមិនដូច្នោះទេ ក្រសួងទេសចរណ៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងចាត់វិធានការបញ្ចុះថ្នាក់អាជ្ញាប័ណ្ណ ឬបញ្ឈប់អាជ្ញាប័ណ្ណតែម្តង។
សូមបញ្ជាក់ថា កាលពីទៀបភ្លឺ ថ្ងៃទី២៣ ខែមីនាកន្លងទៅ មានករណីឆេះបន្ទប់ខារ៉ាអូខេ និងឌីស្កូ ក្នុងក្លឹបកំសាន្តស្តារ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ អគ្គិភ័យនោះបានបណ្តាលឲ្យមនុស្ស ៥នាក់បានស្លាប់បាត់បង់ជីវិត ៕
© រក្សាសិទ្ធិដោយ thmeythmey.com