ជាតិ
បទវិភាគ
ការចំណាយ​របស់​ខ្មែរ ជួយ​ជំរុញ​សេដ្ឋកិច្ច​បរទេស!
16, Apr 2015 , 6:00 pm        
រូបភាព
 
ភ្នំពេញ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គេ​សង្កេតឃើញថា ប្រជាជន​ខ្មែរ​ចាយវាយ​កាន់តែច្រើនឡើងៗទៅលើ​ម្ហូបអាហារ សម្ភារៈ​អេឡិចត្រូនិក គ្រឿងអលង្ការ គ្រឿង​តុបតែង​ខ្លួន​សម្លៀកបំពាក់ ឡាន​ទំនើប​ផ្ទះ​ទំនើប។ល។ តើ​កត្តា​អ្វីខ្លះ​ដែល​ជំរុញ​អោយ​ប្រជាជន​សម័យនេះ​ចំណាយ​កាន់តែច្រើន? តើ​ការចាយវាយ​ច្រើន​របស់​ប្រជាជន​ខ្មែរ​ជួយ​ជំរុញ​សេដ្ឋកិច្ច​របស់​ខ្មែរ ឬ​ជួយ​សេដ្ឋកិច្ច​របស់​បរទេស?



កាលពី​ដើមឡើយ គ្រួសារ​ខ្មែរ​មិនសូវ​ហ៊ាន​ចំណាយ​ប្រាក់កាស​ដែល​គេ​រកបាន​ទេពី​ព្រោះ​ការ រកប្រាក់​នា​សម័យ​ដើម​មានការ​លំបាក​ខ្លាំងណាស់។ លំបាក​រហូតដល់​ទៅរក​ប្រាក់​បាន​ហើយ​មិន​ហ៊ាន​ទាំង​ចាយ​ទៅវិញ​ផង។
 
អ្នកខ្លះ​រកបាន១០០ចាយ​ទៅវិញ​តែ១០ប៉ុណ្ណោះ។ សល់​ប៉ុន្មាន ពួកគេ​សន្សំសំចៃ​ទាំងអស់។ ប៉ុន្តែ ឥឡូវនេះ ប្រជាជន​មួយ​ភាគ​ធំ​មិន​ថា​នៅក្នុង​ប្រទេស​កម្ពុជា​ឬ​នៅ​ប្រទេស​ផ្សេង​ទេ និន្នាការ​នៃ​ការចាយវាយ​មានការ​ផ្លាស់ប្តូរ​យ៉ាងខ្លាំង។ អ្នកខ្លះ​រកបាន១០០ ចាយ​ទៅវិញ២០០ក៏មានដែរ។
 
ការចាយវាយ​កាន់តែច្រើន​គឺជា​និន្នាការ​សកល ហើយ​ក្នុងនោះ​ក៏មាន​ប្រទេស​កម្ពុជា​ផងដែរ។ និន្នាការ​នេះ​ត្រូវបាន​គេ​ស្តីបន្ទោស​មួយផ្នែក​ទៅលើ​ការរីក​ច​ម្រើ​ក ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន។
 
ជាក់ស្តែង កាលពី៣០ឬ៤០ឆ្នាំមុន ពេលខ្លះ មាន​ប្រាក់​ហើយ​មិនដឹង​ជា​ទៅ​ទិញ​របស់របរ​នៅទីណា​ទេពី​ព្រោះ​ការផ្សព្វផ្សាយ មាន​លក្ខណៈ​តូចចង្អៀត។ ប៉ុន្តែ​ដោយសារ​ទំនើបកម្ម​ផ្នែក​ព័ត៌មានវិទ្យា មនុស្ស​សម័យថ្មី​ធ្វើការ​ចាយវាយ​ច្រើនជាង​មុន។ ពីព្រោះ​គ្រប់​ផលិតផល​ទាំងអស់ ក្រោយពី​ផលិត​បាន​ភ្លាម ត្រូវបាន​គេ​បញ្ជូន​ដំណឹង​តាមរយៈ​បណ្តាញ​ព័ត៌មាន​ទៅដល់​អ្នកប្រើប្រាស់។
 
ដំណឹង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយផ្សេងៗបាន អង្រួន​និង​ចាប់បង្ខំ​ទឹកចិត្ត​អ្នកប្រើប្រាស់​អោយចំ​ណាយ​ទៅលើ​របស់របរ​កាន់តែ​ច្រើនឡើង។
 
អ្នកខ្លះ គ្រាន់តែ​ចូល​ផ្សារ​មួយ​ភ្លែត ចំណាយ​ប្រាក់​អស់​ច្រើន​រយ​ដុល្លារ​ឬ​ច្រើន​ពាន់​ដុល្លារ​មួយ​រំពេច។ អ្នក​ខ្លះទៀត បើក​ប្រាក់ខែ​ទើបបាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ចូល​ហាង​ចាយវាយ​ហូបចុក​អស់​ទៅវិញ​ក៏មានដែរ។ រីឯ​គ្រួសារ​អ្នកមាន​ខ្លះ​បាន​ជិះ​យន្តហោះ​ទៅ​ប្រទេសក្រៅ​ដើម្បី​គ្រាន់តែ ទិញ​របស់​ប្រើប្រាស់​សម្រាប់​តុបតែង​ខ្លួនប្រាណ​ប៉ុណ្ណោះ។
 
វត្តមាន​នៃ​ម្ហូបអាហារ​បែប​បរទេស ទូរស័ព្ទ​ទំនើប ឡាន​ទំនើប ផ្ទះ​ទំនើប កុំព្យូទ័រ​ទាន់សម័យ គ្រឿងអលង្ការ​និង​កន្លែង​សប្បាយ​នានា​បូកផ្សំ​និង​ការផ្សព្វផ្សាយ ទាក់ទាញ​អន្ទង​ចិត្ត​ទៀតផង​នោះ អ្នកប្រើប្រាស់​ណា​ក៏​មិនអាច​ទប់​អារ​ម្ម​ណ៏​នេះ​បានដែរ។
 
អ្នកសេដ្ឋកិច្ច​ខ្លះ​បាន​វិភាគ​ថា ការចាយវាយ​របស់​ប្រជាជន​ក្នុង​ប្រទេសមួយ​វា​នឹង​ចូលរួមចំណែក​រុញ ច្រាន​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​នោះ​ពីព្រោះ​ការចាយវាយ​កាន់តែច្រើន នាំអោយមាន​ការផលិត​កាន់តែច្រើន។ ហើយ​នៅពេល​ដែលមាន​ការផលិត​កាន់តែច្រើន ពេលនោះ ចលនា​សេដ្ឋកិច្ច​ក៏​ចេះតែ​កើនឡើង​ដែរ។ ផ្ទុយទៅវិញ ប្រសិនបើ​មនុស្សម្នា​មិនសូវ​ចាយ ពេលនោះ សេដ្ឋកិច្ចជាតិ​ទាំងមូល​ក៏​មិនសូវ​ដំណើរ​ដែរ។
 
ងាក​មក​និយាយ​ពី​ស្ថានភាព​ចំណាយ​របស់​ប្រទេស​កម្ពុជា​វិញ បើ​ផ្អែកលើ​ការពិត ប្រជាជន​កម្ពុ​ជានា​សម័យ​បច្ចុប្បន្ននេះ​ចាយវាយ​ច្រើនជាង​មុន​ឆ្ងាយ​ណាស់។
 
តើ​ការចាយវាយ​របស់​ប្រជាជន​ខ្មែរ​មាន​ប្រយោជន៍​សម្រាប់​សេដ្ឋកិច្ច​ខែ្មរ​ដែរឬទេ?
 
ជាការ​ពិត ការចាយ​របស់​ប្រជាជន​ខ្មែរ​បាន​ចូលរួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ខ្មែរ ខ្លះ​មែន​ប៉ុន្តែ​មិន​ច្រើន​ទេ ពីព្រោះថា ការចាយវាយ​របស់​ប្រជាជន​ខ្មែរ​បាន​ហូរ​ចេញទៅ​ក្រៅប្រទេស ហើយ​នេះ​គឺ​ដោយសារ​អ្នកប្រើប្រាស់​ខ្មែរ​ទិញ​ផលិតផល​បរទេស​ច្រើនជាង ផលិតផល​ខ្មែរ។ និយាយ​បែប​ផ្សេង​មានន័យថា កម្ពុជា​មិនបាន​ផលិត​គ្រប់គ្រាន់​សម្រាប់​ការប្រើប្រាស់​ក្នុងស្រុក។ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ធ្លាប់បាន​បញ្ជាក់ប្រាប់​សារព័ត៌មានថ្មីៗថា ចំណូល​ពី​វិស័យ​ទេសចរណ៍​ចំនួន២៥%ត្រូវបាន​ធុះ​ធ្លាយ​ទៅវិញ​ដោយសារតែ​ការចំណាយ​ទៅលើ​ការទិញ​ទំនិញ​បរទេស។
 
ដូច្នេះ ប្រសិនបើ​គេ​ពិនិត្យ​លើ​ចរន្ត​នេះ វា​ពិតជា​មានន័យថា ការចាយវាយ​ច្រើន​របស់​ប្រជាជន​ខ្មែរ​នា​សម័យថ្មី​នេះ​មិនបាន​ចូលរួមចំណែក​លើកស្ទួយ​សេដ្ឋកិច្ច​របស់​ខ្មែរ​ច្រើន​ទេ។ ផ្ទុយទៅវិញ វា​បាន​បម្រើ​សេដ្ឋកិច្ច​បរទេស​ច្រើនជាង​សេដ្ឋកិច្ច​របស់​ខ្មែរ។
 
សរុបសេចក្តី​មក ដើម្បីអោយ​ប្រទេស​កម្ពុជា​ទទួលបាន​ផល​ពី​សម័យកាល​នៃ​ការចំណាយ​ច្រើន របស់​ប្រជាជន​ខ្មែរ​នា​សម័យថ្មី​នេះ ប្រទេស​កម្ពុជា​ត្រូវតែ​ផលិត​ផលិតផល​អោយបាន​ច្រើន​បំផុត ហើយ​ប្រជាជន​ខ្មែរ​ខ្លួនឯង​ត្រូវតែ​នាំគ្នា​គាំទ្រ​ផលិតផល​របស់ខ្លួន៕



© រក្សាសិទ្ធិដោយ thmeythmey.com