កីឡាជាតិ
នៅ​តំបន់​អាស៊ាន មានតែ​ថៃ និង​វៀតណាម​ប៉ុណ្ណោះ​ដែល​បាន​កៅអី​ទៅកាន់​ប្រទេស​កាតា
01, Apr 2015 , 12:46 am        
រូបភាព
ខ្សែបម្រើថៃ Chanathip Songkrasin (ឆ្វេង) និងខ្សែប្រយុទ្ធវៀតណាម Nguyễn Công Phượng
ខ្សែបម្រើថៃ Chanathip Songkrasin (ឆ្វេង) និងខ្សែប្រយុទ្ធវៀតណាម Nguyễn Công Phượng
ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ AFC U-23 Championship ឆ្នាំ២០១៦ ដែល​ក្រុម​ចំនួន៤៣ក្នុង​តំបន់​អាស៊ី​ចូលរួម និង​ចែកចេញជា១០ពូ​ល​នោះ រកឃើញ​ក្រុម​ដែល​ត្រូវ​ឈានទៅ​វគ្គ​បន្ត​ហើយ ដោយ​លើកលែងតែ​ពូ​ល B ប៉ុណ្ណោះ ដែល​មិនទាន់​ចាប់ផ្តើម​ការប្រកួត​ក្រោម​ហេតុផល​អសន្តិសុខ​នៅ​កីឡដ្ឋាន  Punjab Stadium ក្រុង Lahore ប្រទេស​ប៉ា​គី​ស្ថាន។



ក្រុម​ដែលជា​ប់​ចំណាត់ថ្នាក់​លេខ​មួយ​នៅតាម​ពូ​លនីមួយៗ ត្រូវ​ឡើងទៅ​កាន់​ជុំ​ចុងក្រោយ​សម្រាប់​ការប្រកួត​នៅលើ​ទឹកដី​ប្រទេស​កាតា  ពីថ្ងៃ​ទី១២ ដល់​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ ។ នៅក្នុង​ពូ​ល A ក្រុម​អ៊ីរ៉ាក់​ដែលជា​ម្ចាស់​ជើងឯក​ឆ្នាំ២០១៣ គឺជា​ក្រុម​តែមួយគត់​ដែល​ឈានទៅ​កាន់​វគ្គ​បន្ត ខណៈ​ម្ចាស់ផ្ទះ​អូ​ម៉​ង់ បា​រ៉ែ​ន លី​បង់ និង​ម៉ា​ល់​ឌី​វ ត្រូវ​ហាលអាវ។

ជំនួប​ក្នុងពូល A រវាងក្រុម​អ៊ីរ៉ាក់ (ស) និង ប៉ារែន។ រូបថត AFC

នៅក្នុង​ពូ​ល C អា​រ៉ា​ប៊ី​សា​អូឌីត ដែលមាន​ពិន្ទុ​លើសគេ បាន​ចាប់ដៃ​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ អ៊ីរ៉ង់ ឈានទៅ​វគ្គ​បន្ត។ អ៊ីរ៉ង់​ក្នុងចំណោម​ក្រុម​ចំណាត់ថ្នាក់​លេខ២ដែលមាន​ពិន្ទុ ខណៈ​ប៉ា​ឡេ​ស្ទី​ន អា​ហ្វ​ហ្គា​នី​ស្ថាន និង​ណេ​ប៉ាល់ រង​នូវ​ការខកចិត្ត។

ចំពោះ​ពូ​ល D ម្ចាស់​អារ៉ាប់​រួម អេ​មី​រ៉េត (លេខ​មួយ) ទទួលបាន​កៅអី​ទៅកាន់​ប្រទេស​កាតា​ជាមួយ​យ៉េ​មែន (លេខ​ពីរ​ឆ្នើម) ស្របពេល​ដែល​តា​ហ្ស៊ី​គី​ស្ថាន និង​ស្រីលង្កា ត្រូវ​ត្រឡប់ទៅផ្ទះ​វិញ​ដោយ​គ្មាន​ពិន្ទុ​ក្នុង​ដៃ។

ងាក​ទៅ​ពូ​ល E ដែល​ប្រកួត​នៅ​ប្រទេស​បង់​ក្លា​ដែ​ស​ឯណោះ​វិញ ក្រុម​ម្ចាស់ផ្ទះ​ធ្លាក់​ទៅ​បាត​តារាង​ដោយមាន​តែមួយ​ពិន្ទុ​ប៉ុណ្ណោះ​ស្មើ​ឥណ្ឌា។ ស៊ី​រី​គឺជា​ក្រុម​តែមួយ​ត្រូវ​ឈានទៅ​កាន់​វគ្គ​បន្ត ខណៈ​អ៊ូ​បេ​គី​ស្ថាន​ដែលជា​ប់​លេខ​ពីរ​ត្រូវ​រង់ចាំ​អ៊ុត​មើល​លទ្ធផល​នៃ​ការប្រកួត​ពូ​ល B ដែល​ប្តូរ​ពី​ប៉ា​គី​ស្ថាន​ទៅ​រៀបចំ​នៅ​ហ្ស​ក​ដង់​វិញ។ អ៊ូ​បេ​គី​ស្ថាន​កំពង់​ស្ថិតនៅ​លំដាប់​ទី៥ក្នុងចំណោម​ក្រុម​លេខ​ពីរ​ដែលមាន​ពិន្ទុ​ខ្ពស់ ។ ប្រសិនបើ​លេខ​ពីរ ពូ​ល B មាន​ពិន្ទុ​ទាប អ៊ូ​បេ​គី​ស្ថាន​នឹង​ឈានទៅ​កាន់​វគ្គ​បន្ត​ដោយ​ស្វ័យប្រវត្តិ។

នៅក្នុង​ពូ​ល F អូស្ត្រាលី​គឺជា​ក្រុម​តែមួយគត់​ដែល​ឈានទៅ​ជុំ​ចុងក្រោយ រីឯ​មី​យ៉ាន់​ម៉ា ម្ចាស់ផ្ទះ​ចិន-តៃប៉ិ និង​ហុងកុង ត្រូវ​ហាលអាវ។

អ្នក​គាំទ្រក្រុម​យុវជន​ជម្រើស​ជាតិអូស្ត្រាលី។ រូបថត AFC

សម្រាប់​ពូ​ល G ដែល​ប្រកួត​នៅក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កូរ៉េខាងជើង បាន​ឈានទៅ​កាន់​វគ្គ​បន្ត ស្របពេល​ម្ចាស់ផ្ទះ​ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ​ដែល​ពិន្ទុ​ខ្ពស់​ជាងគេ។ កម្ពុជា​ដែល​ចាញ់​ថៃ ២-១ ចាញ់​កូរ៉េខាងជើង ៤-១ និង​ឈ្នះ​ហ្វីលីពីន ៣-១ ត្រឡប់មកផ្ទះ​វិញ​ជាមួយនឹង៣ពិន្ទុ​ក្នុង​ដៃ និង​មាន​ចំណាត់ថ្នាក់​លេខ​បី​លើ​ហ្វីលីពីន។

នៅក្នុង​ពូ​ល H កូរ៉េខាងត្បូង បាន​ឈានទៅ​ជុំ​បន្ត ដោយ​ធ្វើ​ឲ្យ​ក្រុម​នៅ​តំបន់​អាស៊ី-អាគ្នេយ៍​ចំនួន​បី​ហាលអាវ​ទាំង​ខកចិត្ត។ ក្រុម​ទាំងបី​នោះ​រួមមាន ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី ទី​ម័​រ​ខាងកើត និង​ប្រ៊ុយណេ។

និយាយ​ពី​ពូ​ល I  ជប៉ុន (លេខ​មួយ​ក្នុង​ពូ​ល) បាន​ចាប់ដៃ​ជាមួយ​វៀតណាម (លេខ​ពីរ​ឆ្នើម) ក្នុងការ​បោះជំហាន​ទៅកាន់​ប្រទេស​កាតា ខណៈ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី និង​ម៉ា​កាវ រង​នូវ​ការខកចិត្ត។
C
ជំនួប​រវាងក្រុមជប៉ុន (លឿង) និងក្រុម​ម៉ាឡេស៊ី។ រូប AFC

សម្រាប់​ពូ​ល J មានតែ​ចិន​ប៉ុណ្ណោះ​ដែល​ទទួលបាន​កៅអី​ទៅកាន់​ជុំ​បន្ត ដោយឡែក​ម្ចាស់ផ្ទះ​ឡាវ សឹង្ហ​បុរី និង​ម៉ុង​ហ្គោ​លី បាន​បាត់បង់​ឱកាស។

ជារួម ក្រុម​ដែល​ត្រូវ​ឈានទៅ​កាន់​វគ្គ​ចុងក្រោយ​ជាមួយ​ម្ចាស់ផ្ទះ​កាតា រួមមាន កូរ៉េខាងត្បូង អូស្ត្រាលី ស៊ី​រី កូរ៉េខាងជើង ថៃ អា​រ៉ា​ប៊ី​សា​អូឌីត ជប៉ុន វៀតណាម ចិន អ៊ីរ៉ង់ អារ៉ាប់​រួម​អេ​មី​រ៉េត យ៉េ​មែន។ អ៊ូ​បេ​គី​ស្ថាន​រង់ចាំ​អ៊ុត​មើល​លទ្ធផល​នៃ​ការប្រកួត​ពូ​ល B នៅក្នុង​ប្រទេស​ហ្ស៊​ក​ដង់ ដែលមាន​ក្រុម​ម្ចាស់ផ្ទះ​ហ្ស៊​ក​ដង់ គូ​វ៉ែត គៀរ​ហ្ស៊ី​ស​ស្ថាន ប៉ា​គី​ស្ថាន និង​តួ​កមេ​នី​ស្ថាន៕

កម្ពុជា​បានយក​ឈ្នះហ្វីលីពីន ៣-១ នាការប្រកួតចុងក្រោយក្នុងពូល G ដើម្បី​បញ្ចប់ក្នុងចំណាត់​ថ្នាក់​លេខបី។ រូប AFC




© រក្សាសិទ្ធិដោយ thmeythmey.com