ជាតិ
សង្គមជាតិ
វត្ថុ​យក្ស៣ត្រូវបាន​ដឹកជញ្ជូន​តាម​កុងតឺន័រ​ដល់ទី​តាំង​ប្រារព្ធ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត
01, Apr 2015 , 12:16 pm        
រូបភាព
រូបភាព៖ ហ្វេសប៊ុក អាជ្ញាធរអប្សរា
រូបភាព៖ ហ្វេសប៊ុក អាជ្ញាធរអប្សរា
សៀមរាប៖ វត្ថុ​យក្ស​ចំនួន៣ មាន​អង្រុត មួក និង​កន្ត្រងប្រហុក ត្រូវបាន​ក្រុមការងារ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដឹកជញ្ជូន​ពី​ស្នាក់ការ​អាជ្ញាធរ​អប្សរា ដល់​កន្លែង​ប្រារព្ធ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ហើយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។



អង្រុត​ទំហំ ៥ម៉ែត្រ កម្ពស់ ៥,៦០ម៉ែត្រ មួក​ត្នោត ទំហំ ៥ម៉ែត្រ កម្ពស់ ១,៨០ម៉ែត្រ និង​កន្ត្រងប្រហុក ទំហំ ១,៨៥ ប្រវែង ៥ម៉ែត្រ កម្ពស់ ១,៤០ ម៉ែត្រ បាន​ដឹក​ទៅដល់​ប្រាសាទបាយ័ន​ហើយ នៅ​ព្រឹក​ថ្ងៃទី១ ខែមេសា​នេះ។ តាម​ការបញ្ជាក់​ពី​មន្ត្រី​របស់​អាជ្ញាធរ​អប្សរា ដែល​គ្រប់គ្រង​ការបង្កើត​វត្ថុ​យក្ស​ខាងលើ​ប្រាប់ថា ដោយសារ​អង្រុត មួក និង​កន្ត្រងប្រហុក មាន​ទំហំធំ ទើប​អ្នករៀបចំ បាន​ប្រើប្រាស់​រថយន្ត​កុងតឺន័រ សម្រាប់​ដឹកជញ្ជូន។

មន្ត្រី​ដដែល​ដែល​ខ្ញុំ​មិន​បញ្ចេញ​ឈ្មោះ បន្ថែមថា ដោយសារ​ខ្លោង​ទ្វារ​ចូល​ប្រាសាទបាយ័ន​តូច ដូច្នេះ​ត្រូវការ​ស្ទួ​ច ដើម្បី​នាំ​វត្ថុ​យក្ស​ទាំងនោះ ចូលដល់​បរិវេណ​ប្រាសាទ ដែលជា​កន្លែង​សម្រាប់​ដាក់តាំង​វត្ថុ​ទាំងនោះ ក្នុង​ថ្ងៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី១៤ ដល់​ថ្ងៃទី១៦ ខែមេសា ខាងមុខ។ វត្ថុ​ទាំងនោះ​នឹង​ដឹក​តាម​បរិវេណ​ភូមិ​ខ្ញុំ ដែល​ស្ថិតនៅ​ប៉ែក​ខាងជើង​ប្រាសាទបាយ័ន។

គួររំលឹកថា វត្ថុ​យក្ស​មាន អង្រុត មួក និង​កន្ត្រងប្រហុក ត្រូវបាន​រចនា​ឡើង​ដោយ​អ្នកភូមិ​ព្រះ​ដាក់ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដែល​ប្រើពេល​សរុប​ប្រមាណ​មួយខែ។ ក្រៅពីនោះ នៅមាន​បំពង់​ទឹកត្នោត ដែល​ធ្វើ​ពី​ដើមត្នោត មាន​កម្ពស់៥ម៉ែត្រ ក៏​នឹងត្រូវ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ផងដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com