ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកស្រី ពុង ឈី​វ​កេក៖ លោក ហ៊ុន សែន-សម រង្ស៊ី ពេញចិត្ត​លោក ហង្ស ពុទ្ធា ជាការ​ត្រឹមត្រូវ
01, Apr 2015 , 12:23 pm        
រូបភាព
លោក ហង្ស ពុទ្ធា និង លោក ស្រី ពុង ឈី​វ​កេក
លោក ហង្ស ពុទ្ធា និង លោក ស្រី ពុង ឈី​វ​កេក
ដោយ:

លោកស្រី ពុង ឈី​ង​កេ​ក បាន​សាទរ​ចំពោះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង លោក សម រង្ស៊ី ដែល​បាន​ឯកភាពគ្នា​ស្នើ​លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត (Nicfec) ជា​សមាសភាព​ទី៩ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី ជំនួស​អ្នកស្រី។ ការ​សាទរ​របស់​អ្នកស្រី ពុង ឈី​ង​កេក បាន​ធ្វើឡើង​ក្រោយពី​អ្នកស្រី បដិសេធ​មិន​ទទួល​តំណែង​ជា​សមាជិក​ទី ៩ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត តាម​សំណើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។



និយាយ​ហាក់ដូច​មិន​ជាប់​ចិត្តនឹង​​តំណែង​ជា​សមាជិក​ទី ៩ នៃ​គ.ជ.ប ផង​នោះ អ្នកស្រី ពុង ឈី​វកេក បាន​គាំទ្រ​ចំពោះ​ការសម្រេចចិត្ត​របស់លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ដែល​ស្នើ​បេក្ខភាព​លោក ហង្ស ពុទ្ធា ជំនួស​ខ្លួន។ អ្នកស្រី​នាយិការ​អង្គការ​លីកាដូ​រូបនេះ បានបញ្ជាក់​ប្រាប់​សារព័ត៌មានថ្មីៗយ៉ាងនេះ​ថា៖«ខ្ញុំ​យល់ថា ជាការ​ត្រឹមត្រូវ ដែល​លោកនាយក​រដ្ឋមន្ត្រី និង​លោក សម រង្ស៊ី ពេញចិត្ត​លោក ហង្ស ពុទ្ធា ព្រោះ​លោក ហង្ស ពុទ្ធា មាន​បទពិសោធ និង​សមត្ថភាព​គ្រប់គ្រាន់​ដោយសារ​គាត់​ធ្វើ​ការងារ​ផ្នែក​បោះឆ្នោត​នេះ​តាំងពី​ឆ្នាំ ១៩៩៨ មក» ។

អ្នកស្រី ពុង ឈី​វ​កេក ដែល​ឆ្លៀត​និយាយ​ថា ខ្លួន​មាន​បទពិសោធ​ការងារ​បោះឆ្នោត​តាំងពី​ឆ្នាំ ១៩៩៣ នោះ មិន​អត្ថាធិប្បាយ​ចំពោះ​ផល​អវិជ្ជមាន​នៃ​ការបង្កើត​គ.ជ.ប ថ្មី​នាពេលខាងមុខ​ឡើយ។ « ហើយ​រឿង​ល្អ​ឬ​មិនល្អ​នៅពេល​លោក ហង្ស ពុទ្ធា យល់ព្រម​ធ្វើ​នោះ ខ្ញុំ​មិន​និយាយ​ទេ។ ខ្ញុំ​គិតថា រឿង​បុគ្គល​ទុក​ឲ្យ​គាត់​ពិចារណា​ខ្លួនឯង​ទៅ​ថា ត្រឹមត្រូវ​ឬ​អត់? ហើយ​ខ្ញុំ​ក៏​មិន​និយាយថា គ.ជ.ប ថ្មី ល្អ​ជាង​មុន ឬ​អាក្រក់​ជាង​មុខ​ដែរ» ។

កាលពី​ម្សិលមិញ លោក ហង្ស ពុទ្ធា បាន​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗថា លោក​ត្រូវការ​ពេលវេលា​ពិចារណា​លើ​សំណើរ និង​លក្ខខណ្ឌ​ដែល​បក្ស​ទាំង២ ស្នើ​មក​រូបលោក​ជាមុនសិន។ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​រូបនេះ​បានបញ្ជាក់​ទៀតថា លោក​ស្នើសុំ​ឲ្យ​គ.ជ.ប មាន​ឯករាជ្យ​ជាមុនសិន និង​ធានា​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទទួលបាន​ផលប្រយោជន៍​ពី​ច្បាប់ គ.ជ.ប ថ្មី​នេះ។

ដោយឡែក​ព័ត៌មាន​ថ្មីនៅថ្ងៃនេះ​ពីក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា​-ចិន នៅខេត្តស្ទឹងត្រែង លោក ហ៊ុន សែន បាន​និយាយថា លោក សម រង្ស៊ី ចង់ប្តូរចិត្តលែងត្រូវការលោក ហង្ស ពុទ្ធា ដោយសារលោកទទួល​ដំណឹងថា លោក ពុទ្ធា មានជំងឺទឹក​នោមផ្អែម តែបំណងលោក សម រង្ស៊ី ត្រូវលោក ហ៊ុន សែន បដិសេធ។ សម្រាប់​លោក ហ៊ុន សែន បើទោះបី​លោក ហង្ស​ ពុទ្ធា មានជំងឺអេដស៍ ក៏លោកនៅតែ​ត្រូវការលោក ពុទ្ធា ដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com