ជាតិ
នយោបាយជាតិ
លោក សម រង្ស៊ី ប្តូរចិត្តលែងចង់បានលោក ហង្ស ពុទ្ធា ជាបេក្ខភាពសមាជិកទី ៩ នៃគ.ជ.ប
×
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរលិខិតទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើសុំប្តូរលោក ហង្ស ពុទ្ធា ចេញពីបេក្ខជនសមាជិកទី ៩ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ នេះបើតាមការប្រកាសរបស់លោក ហ៊ុន សែន នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន នៅខេត្តស្ទឹងត្រែង។ តែលោក ហ៊ុន សែន មិនយល់ព្រមតាមការចង់បានរបស់លោក សម រង្ស៊ី នោះឡើយ។
ជាអ្នកនាំសម្តីរបស់លោក សម រង្ស៊ី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា លោក សម រង្ស៊ី បានប្តូរចិត្តលែងចង់បានលោក ហង្ស ពុទ្ធានាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត (Nicfec) ជាបេក្ខជនសមាជិកទី ៩ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ បើតាមលោក ហ៊ុន សែន មូលហេតុដែលលោក សម រង្ស៊ី ចង់ប្តូរចិត្តដោយសារលោក ហង្ស ពុទ្ធា មានជំងឺទឹកនោមផ្អែម ។
លោក ហ៊ុន សែន បន្តលើកពីសម្តីលោក សម រង្ស៊ី ដែលបានប្រាប់លោកយ៉ាងនេះថា៖ «ខ្ញុំបានមកដល់ភ្នំពេញហើយនៅថ្ងៃនេះ( ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៥) ចំពោះការឆ្លើយឆ្លងតាមសារទូរសព្ទរវាងសម្តេច និងខ្ញុំកាលពីថ្ងៃទី ២៩ ខែមីនា កន្លងទៅនេះ សហការីខ្ញុំទាំងអស់ក៏ពេញចិត្តចំពោះការឯកភាពគ្នារវាងសម្តេច និងរូបខ្ញុំ ដែលបានជ្រើសរើសលោក ហង្ស ពុទ្ធា ឲ្យធ្វើជាសមាជិកទី ៩ នៃគ.ជ.ប។ តែខ្ញុំទើបតែទទួលបានព័តមានថា លោក ហង្ស ពុទ្ធា មានជំងឺទឹកនោមផ្អែម ដែលតម្រូវឲ្យគាត់ទៅព្យាបាលនៅវៀតណាម តើសម្តេចមានបានទទួលព័ត៌មានដូចនេះដែរទេឬ?......................... ។ ខ្ញុំសូមឲ្យសម្តេចមេត្តាពិនិត្យឲ្យគណបក្សយើងទាំងពីរជ្រើសរើសជាយថាហេតុនូវបេក្ខជនទី ៩ នៃគ.ជ.ប ម្នាក់ទៀត» ។
និយាយតាមសម្តីលោក សម រង្ស៊ី ដែលបានប្រាប់លោកតាមរយៈលិខិតចប់ លោក ហ៊ុន សែន បានចាត់ទុកការលើកឡើងរបស់លោក សម រង្ស៊ី និងសហការីខ្លួនថា ជាការប្រមាថមើលងាយចំពោះអាយុជីវិតរបស់លោក ហង្ស ពុទ្ធា។ « ត្រង់ន័យនេះ គាត់គិតថា លោក ហង្ស ពុទ្ធា នឹងស្លាប់ក្នុងពេលប្រមាណ ២ ឆ្នាំខាងមុខ» ។ នេះជាការបញ្ជាក់របស់លោក ហ៊ុន សែន ។ លោក ហ៊ុន សែន បន្តឆ្លើយនឹងសំណើលោក សម រង្ស៊ី ទៀតថា៖ « ខ្ញុំសូមអធ្យាស្រ័យដែលមិនអាចទទួលយកនូវសំណើឯកឧត្តមបាន………។ ការផ្លាស់ប្តូរមិនមែនជាគោលនយោបាយរបស់ខ្ញុំ និងCPP នោះទេ លើកលែងតែមានការបដិសេធពីសាមីខ្លួន។ តាមដឹងលោក ហង្ស ពុទ្ធា គ្មានជំងឺទឹកនោះផ្អែមនោះទេ។ CPP មិនយល់ព្រមយកបញ្ហាជំងឺនេះ ឬជំងឺនោះ តាមសំណើឯកឧត្តមបានទេ » ។
ជាមួយគ្នានេះដែរ លោក ហ៊ុន សែន ក៏បានព្រលយពាក្យថា បើបក្សទាំងពីរមិនអាចឯកភាពគ្នាលើសមាជិកទី ៩ គ.ជ.ប បានទេ លោកនឹងទុក លោក អ៊ឹម សួស្តី ឲ្យធ្វើជាប្រធានគ.ជ.ប រហូត ។ « អាថ្មីមិនទាន់ចេញ អាចាស់បន្ត» ។ នេះជាការបញ្ជាក់របស់លោក ហ៊ុន សែន ។
ស្តាប់សំឡេងលោក ហ៊ុន សែន
សូមបញ្ជាក់ថា បេក្ខជន ៣ នាក់ដែលលោក សម រង្ស៊ី ចង់ដាក់ជំនួសលោក ហង្ស ពុទ្ធា ឲ្យលោក ហ៊ុន សែន សម្រេចចិត្តជាថ្មីនោះ មានលោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោក នី ចរិយា មន្ត្រីជាន់ខ្ពស់អង្គការអាដហុក និងលោក ហ៊ីង ធីឫទ្ធិ ព្រះរាជអាជ្ញាអមតុលការកំពូល៕
© រក្សាសិទ្ធិដោយ thmeythmey.com