កីឡាជាតិ
កីឡាករ​ខ្មែរ សេន ប្រភស្ស​រៈ ចុះកិច្ចសន្យា​ជាមួយ​ក្លិប Greater Lowell United FC របស់​អាមេរិក
01, Apr 2015 , 2:51 pm        
រូបភាព

សេន ប្រភស្ស​រៈ បោះជំហាន​មួយកម្រិត​បន្ថែមទៀត​ក្នុង​អាជីព​បាល់ទាត់​របស់ខ្លួន បន្ទាប់ពី​កីឡាករ​កម្ពុជា​រូបនេះ បាន​ចុះកិច្ចសន្យា​រយៈពេល១ឆ្នាំ​​ជាមួយ​ក្លិប Greater Lowell United FC ដែល​ស្ថិតក្នុង​ក្របខណ្ឌ​លំដាប់​ទី​បួន​សហរដ្ឋអាមេរិក National Premier Soccer League (NPSL)។



កាលពី​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ ក្លិប Greater Lowell United ដែលមាន​មូលដ្ឋាន​នៅ​ក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិក បានប្រកាស​ពី​ការចុះកិច្ចសន្យា​ជាមួយ​កីឡាករ​ចំនួន​ថ្មី​បី​រូប ដែល​ក្នុងចំណោម​នោះ មាន កីឡាករ​វ័យក្មេង​រប​ស់​កម្ពុជា សេន ប្រភស្ស​រៈ។

ធំធាត់​នៅក្នុង​ប្រទេស​កម្ពុជា ប្រភស្ស​រៈ ដែលជា​​កូនប្រុស​របស់លោក​ស្រី ប៉ុក សា​ណា អតីតមន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា  និង​ជា​ក្មួយ​របស់​អតីត​ខ្សែបម្រើ​ជម្រើសជាតិ ប៉ុក ចាន់ថន បាន​ទៅ​រស់នៅ​ជាមួយ​ឪពុក​របស់ខ្លួន​នៅក្នុង​ទីក្រុង Lowell កាលពី​អំឡុង​ខែសីហា ឆ្នាំ២០១៤ ។

យុវជន​វ័យ២១ឆ្នាំ​រូបនេះ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទៅ​រស់​នៅលើ​ទឹកដី​សហរ​ដ្ឋ​អាមេរិក​ដោយ​បន្ត​ការសិក្សា​ជំនាញ​ផ្នែក​បណ្តាញ​ព័ត៌មានវិទ្យា (I.T Networking) ប៉ុន្តែ​រូបគេ​មិនអាច​កាត់ផ្តាច់​ពី​និស្ស័យ​បាល់ទាត់​បាន​នោះឡើយ។
«មិត្ត​ភក្ត្រ​អ៊ីរ៉ាក់​ម្នាក់​របស់ខ្ញុំ បាន​ណែនាំ​ខ្ញុំ​ឲ្យ​ជួប​គ្រូ​ជំនួយ​នៃ​ក្លិប Greater Lowell United។ គ្រូ​រូបនោះ បាន​សាកសួរ​ព័ត៌មាន​ទាក់ទង​នឹង​ការលេង​បាល់​របស់ខ្ញុំ​នៅ​កម្ពុជា។ ក្រោយ​ការរៀបរាប់ គាត់​បាន​ឲ្យ​ខ្ញុំ​ចូល​លេង​ក្នុងការ​ប្រកួត​មិត្តភាព​មួយ​ដែល​ស្ថិតក្នុង​អាកាសធាតុ​ក្រោម២អង្សា​សេ។ ពួកគាត់​មានការ​ភ្ញាក់ផ្អើល​ចំពោះ​សមត្ថភាព​របស់ខ្ញុំ ហើយ​ទីបំផុត ពួកយើង​ក៏​ឈានទៅដល់​ការចុះកិច្ចសន្យា»។ នេះ​ជាការ​រៀបរាប់​របស់ ប្រភស្ស​រៈ ពី​ក្រុង​ឡូ​វែ​ល មកកាន់​សារព័ត៌មានថ្មីៗ ។

ជាមួយនឹង​ការអះអាង​ថា រូបគេ​មាន​ភាពស៊ាំ​នឹង​ការរស់នៅ រួមទាំង​អាកាសធាតុ​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​នោះ កីឡាករ សេន ប្រភស្ស​រៈ លើកឡើងថា៖ «ខ្ញុំ​នឹង​រស់នៅ​ជាមួយ​អាជីព​ជា​កីឡាករ​បាល់ទាត់ ប្រសិនបើ​ខ្ញុំ​ចេះតែ​បន្ត​ទទួលបាន​ជោគជ័យ បើទោះបីជា​ខ្ញុំ​ត្រូវ​រៀន​ជំនាញ​មួយទៀត​សម្រាប់​អនាគត​របស់ខ្ញុំ​ក៏ដោយ»។

សេន ប្រភស្ស​រៈ គឺជា​មិត្ត​ដ៏​ជិតស្និទ្ធ​របស់​ខ្សែបម្រើ ចាន់ វឌ្ឍនាកា នៃ​ក្លិប​បឹងកេត​អង្គរ។ គេ​គឺជា​សមាជិក​នៃ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម១៦ឆ្នាំ​ក្នុង​ព្រឹត្តិការណ៍ AFC U-16 Championshipក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជនជាតិ​ជប៉ុន Teshima Atsushi កាលពី​អំឡុង​ឆ្នាំ២០០៩ ។

បន្ទាប់ពី​មក ដោយសារ​មានការ​ណែនាំ​ពី​សំណាក់​លោក ភា សុ​ភ័​ត្រា យុវជន​រូបនេះ បាន​ចូល​លេង​ក្នុង​ក្លិប​យុវជន​ព្រះខ័ន​រាជ (ឈ្មោះ​ដើម​របស់​ក្លិប​ស្វាយរៀង) ចន្លោះ​ពី​ឆ្នាំ២០០៩ ដល់​ឆ្នាំ២០១៣ ។ មុន​ទៅកាន់​សហរដ្ឋអាមេរិក ប្រភស្ស​រៈ បាន​ចំណាយពេល៦ខែ​នៅ​ក្លិប​ភ្នំពេញ​ត្រាយ​អាស៊ី ៦ខែ​នៅ​ក្លិប​ភ្នំពេញ​ក្រោ​ន និង​ពាក់កណ្តាល​រដូវ​កាល​នៅ​ក្លិប Albirex Niigata Phnom Penh។

Greater Lowell United FC ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ២០១៣ ហើយ​បាន​ចូល​លេង​នៅក្នុង​ក្របខណ្ឌ National Soccer League (NPSL) ចាប់ពី​ឆ្នាំ២០១៤ មក។ បើតាម​ប្រព័ន្ធ​ពីរ៉ាមីត​នៃ​បាល់ទាត់​សហរដ្ឋអាមេរិក NPSL ស្ថិតក្នុង​ក្របខណ្ឌ​លំដាប់​ទី៤ ។ សម្រាប់​រដូវ​កាល​ឆ្នាំ២០១៥ Greater Lowell United FC ដែលមាន​កីឡដ្ឋាន​ឈ្មោះ Cawley Memorial Stadium ត្រូវ​ប្រជែង​ជាមួយ​ក្រុម៦ផ្សេងទៀត​ក្នុង​តំបន់ North Atlantic Conference។

សូមបញ្ជាក់​ផងដែរ​ថា ឡូ​វែ​ល (Lowell) គឺជា​ក្រុង​ធំ​លំដាប់​ទី​បួន​របស់​រដ្ឋ​ម៉ាសាឈូសេត (Massachusettes) ដែលមាន​ពលរដ្ឋ​ជាង១០ម៉ឺន​នាក់។ កាលពីដើម​ឆ្នាំកន្លងមក លោក Rodney M.Elliottអភិបាលក្រុង​ឡូ​វែ​ល បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​បាន​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​រវាង​សាលា​រាជធានី​ភ្នំពេញ និង​ក្រុង​ឡូ​វែ​ល ស្តីពី​ការ​ចងសម្ព័ន្ធភាព​ដើម្បី​បង្កើន​ចំណងទាក់ទង​លើ​វិស័យ​វប្បធម៌ អប់រំ និង​សេដ្ឋកិច្ច។  ភ្នំពេញ​គឺ​ក្រុង​ទី​ពីរ​ដែល​ចងសម្ព័ន្ធភាព​ជាមួយ​ក្រុង​ឡូ​វែ​ល បន្ទាប់​ពួកគេ​មាន​ទំនាក់ទំនង​ជាមួយ​ក្រុង Berdyansk នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ឆ្នាំ១៩៩៧ ៕


© រក្សាសិទ្ធិដោយ thmeythmey.com