អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នី​ហ្សេ​រី​យ៉ា៖ប្រធានាធិបតី​ចាញ់ឆ្នោត​ប្រកាស​អបអរ​បេក្ខជន​បក្សប្រឆាំង
01, Apr 2015 , 3:19 pm        
រូបភាព

គណកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ឯករាជ្យ​នី​ហ្សេ​រី​យ៉ា​បានប្រកាស​ជា​ផ្លូវការ​កាលពី​ម្សិលមិញ​ថា​បេក្ខជន​បក្សប្រឆាំង​និង​អតីត​មេដឹកនាំ​យោធា​លោក​MuhammaduBuhariជា​អ្នកឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ។មេដឹកនាំ​បក្សប្រឆាំង​រូបនេះ​នឹង​ក្លាយជា​ប្រធានាធិបតី​នៃ​ប្រទេស​ដែលមាន​ប្រជាជន​ច្រើនជាងគេ​នៅ​អាហ្វ្រិក​និង​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​ជាច្រើន​ពិសេស​ក្រុម​បូ​កូ​ហា​រ៉ា​ម។


លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



លទ្ធផល​ជា​ផ្លូវការ​បាន​បង្ហាញថា​បេក្ខជន​ប្រធានាធិបតី​មកពី​បក្សប្រឆាំង​លោក​MuhammaduBuhariបានឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​ដ៏​តានតឹង​ដែល​រៀបចំឡើង​កាលពី​ថ្ងៃអាទិត្យ។លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​ដោយ​គណកម្មការ​រៀបចំ​ការបោះឆ្នោត​ឯករាជ្យ​នី​ហ្សេ​រី​យ៉ា។

ក្រោយ​ប្រកាស​លទ្ធផល​គេ​ឃើញ​ប្រធានាធិបតី​លោក​Goodluck Jonathan ដែល​ផុត​អាណត្តិ​និង​ជា​ដៃគូ​ប្រជែង​ក្នុងការ​បោះឆ្នោត​នេះដែរ បាន​ទូរស័ព្ទ​ទៅកាន់​លោក​Buhariដើម្បី​អបអរសាទរ​ជ័យជម្នះ​នេះហើយ​លោក​Jonathan បាន​ចេញមុខ​ប្រកាស​ជា​សាធារណៈ​ពី​ការបរាជ័យ​របស់លោក​ក្នុងការ​បោះឆ្នោត​នេះ​ផងដែរ។

គេ​មិន​រំពឹងថា​ក្រោយ​ការបោះឆ្នោត​បញ្ហា​ហិង្សា​គ្មាន​ការទទួល​លទ្ធផល​បោះឆ្នោត​នឹង​មិនអាច​កើតមានឡើង​ជាថ្មី​នោះទេ​ព្រោះ​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​រួចរាល់​តាំង​ពីមុន​បោះឆ្នោត​ហើយ​ថា​ទោះជា​លទ្ធផល​បែបណាក៏ដោយ​ពួកគេ​នឹង​ទប់ស្កាត់​ហិង្សា​និង​គោរព​លទ្ធផល​បោះឆ្នោត​នេះ។

តាមពិតទៅ​ដើម្បី​ឈ្នះ​ការបោះឆ្នោត​ជា​ប្រធានាធិបតី​បេក្ខជន​ត្រូវតែ​រក​សម្លេងគាំទ្រ​ទូទាំងប្រទេស​អោយបាន​យ៉ាងតិច៥០ភាគរយ​នៃ​សម្លេងឆ្នោត​ទាំងអស់​រួមជាមួយ​សម្លេងគាំទ្រ២៥ភាគរយ​ផ្សេងទៀត​នៃ​សម្លេងឆ្នោត​សរុប​ក្នុងចំណោម២ភាគ៣នៃ​រដ្ឋ​ទាំងអស់។បើតាម​គណកម្មកា​របោះ​ឆ្នោត​លោក​Buhariបានទទួល​សម្លេងគាំទ្រ​ច្រើនជាង២៥ភាគរយ​ក្នុង​សម្លេងឆ្នោត​សរុប​ក្នុង​រដ្ឋ២៤នៃ​ប្រទេស​នី​ហ្សេ​រី​យ៉ា។

ជុំវិញ​ការបោះឆ្នោត​នេះ​អ្នកវិភាគ​អះអាងថា​មូលហេតុ​ដែល​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​របស់​នី​ហ្សេ​រី​យ៉ាប​រា​ជ័យ​ក្នុងការ​បោះឆ្នោត​នេះ​ក៏​ដោយសារតែ​របប​ដឹកនាំ​របស់លោក​មិនអាច​ដោះស្រាយ​បញ្ហា​សន្តិសុខ​ដែល​បង្កឡើង​ដោយ​ក្រុម​ភេរវជន​បូ​កូ​ហា​រ៉ា​ម​បាន​ក្នុងពេល​កន្លងមក។ប្រជា​ជននី​ហ្សេ​រី​យ៉ា​ត្រូវការ​មេដឹកនាំ​ដែល​អាចមាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​សន្តិសុខ​ដែល​គំរាមកំហែង​សុវត្ថិភាព​និង​អាយុជីវិត​ប្រជាជន​ស្លូតត្រង់​បាន។

យ៉ាងណាក៏ដោយ​ក្នុងការ​បោះឆ្នោត​លើក​នេះ​គេ​សង្កេតឃើញ​មាន​វត្តមាន​អ្នកសង្កេតការណ៍​របស់​សហភាព​អាហ្វ្រិក​និង​អង្គការសហប្រជាជាតិ​ដែល​ពួកគេ​ជា​អ្នកឃ្លាំមើល​និង​ធានាថា​ការបោះឆ្នោត​មាន​លក្ខណៈ​ត្រឹមត្រូវ​សេរី​និង​យុត្តិធម៌​ផងដែរ។ប៉ុន្តែ​នៅ​តំបន់​ខ្លះ​ប្រជាជន​បានចេញ​មុខ​បាតុកម្ម​តវ៉ា​ថា​ការបោះឆ្នោត​មាន​ការកេងបន្លំ​សន្លឹកឆ្នោត​និង​មិនមាន​ភាពត្រឹមត្រូវ​នោះឡើយ៕





© រក្សាសិទ្ធិដោយ thmeythmey.com