ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្ស​មូលដ្ឋាន​មិនអាច​បង្កើត​ទាន់ពេល​ដូច​ការគ្រោងទុក
13, Apr 2015 , 5:00 pm        
រូបភាព
ដោយ:

ស្ថាបនិក​មួយរូប​នៃ​ក្រុម​ខ្មែរ​ដើម្បី​ខ្មែរ លោក យ៉ង សាំង​កុមារ បាន​អះអាងថា គណបក្ស​ថ្មី​របស់​ក្រុម​លោក​ដែល​ចង់​បង្កើត​ឲ្យ​ចេញ​ជា​រូបរាង​ក្នុងពេល​ពិធីបុណ្យ​ចូលឆ្នាំ ដើម្បី​ជា​កាដូ​ជូន​ពលរដ្ឋ​ខ្មែរ​ក្នុង​ពិធីបុណ្យ​នេះ មិនអាច​បង្កើត​ទាន់ពេល​ដូច​ការគ្រោងទុក​នោះឡើយ។ លោក​ថា មកដល់ពេលនេះ គណបក្ស​មូលដ្ឋាន​របស់​ក្រុម​លោក​នៅ​មិនទាន់​ដាក់ពាក្យ​ទៅ​ក្រសួងមហាផ្ទៃ​ផង។



មិនអាច​សម្រេច​ដូច​បំណង​របស់ លោក យ៉ង សាំង​កុមារ និង​ក្រុម​របស់លោក​ឡើយ ជុំវិញ​ការបង្កើត​គណបក្ស​ថ្មី ដែល​លោក យ៉ង សាំង​កុមារ ធ្លាប់​ប្រកាសថា គណបក្ស​របស់​ក្រុម​លោក​នឹង​ចេញ​ជា​រូបរាង​ផ្លូវការ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ដើម្បី​ជូន​ជា​កាដូ​សម្រាប់​ពលរដ្ឋ​នោះ។ ទីបំផុត លោក យ៉ង សាំង​កុមារ ទទួលស្គាល់ថា ពិធីបុណ្យ​ចូលឆ្នាំ​នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​ប៉ុណ្ណោះ គណបក្ស​មូលដ្ឋាន​របស់​ក្រុម​លោក​មិនអាច​បង្កើត​ទាន់ពេល​ដូច​ការអះអាង​របស់លោក​កន្លងមក​នោះទេ។ មិនទាន់​ពេល ត្រូវ​លោក​បណ្ឌិត យ៉ង សាំង​កុមារ ពន្យល់​យ៉ាងនេះ​ថា៖« យើង​ត្រូវការ​ពេលវេលា​បន្ថែមទៀត ដើម្បី​បង្រៀន និង​ពង្រឹងសមត្ថភាព​អ្នក​ចង់​ចូលរួម​ជាមួយ​យើង​នៅតាម​ឃុំ។ យើង​ចង់​ឲ្យ​អ្នកចូលរួម​ជាមួយ​គណ​បក្ស​យើង ដែល​អនាគត​ជា​អ្នកដឹកនាំ​គេ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​វិភាគ និង​ពិចារណា ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ » ។

តែ​យ៉ាងណា​លោក យ៉ង សាំង​កុមារ អះអាងថា គម្រោង​បង្កើត​គណបក្ស​មូលដ្ឋាន​របស់​ក្រុម​លោក នៅតែ​បន្តទៅ​មុខជា​និច្ច។ លោក សាំង​កុមារ បញ្ជាក់ប្រាប់​សារព័ត៌មានថ្មីៗថា ថ្វី​ដ្បិត​គណបក្ស​របស់​ក្រុម​លោក​បង្កើត​មិនទាន់​ពិធីបុណ្យ​ចូលឆ្នាំ​មែន តែ​លោក អះអាងថា យ៉ាងយូរ​នៅត្រឹម​ចុងខែ​មិថុនា និង​ដើមខែ​កក្កដា ឆ្នាំ ២០១៥ ខាងមុខ គណបក្ស​របស់លោក នឹង​ចេញ​ជា​រូបរាង៕



© រក្សាសិទ្ធិដោយ thmeythmey.com