អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចេញ​រូបរាង​តែ​បញ្ហា​ច្រើន​នៅ​មិនទាន់​ដោះស្រាយបាន
01, Apr 2015 , 4:34 pm        
រូបភាព

ដល់​ថ្ងៃ​កំណត់​យប់​ថ្ងៃ​អង្គារ​ភាគី​ពាក់ព័ន្ធ​មាន​មហាអំណាច​ប្រាំ​បូក​មួយ និង​អ៊ីរ៉ង់​អាច​សម្រេច​កិច្ច ព្រមព្រៀង​ស្តីពី​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បាន។ ភាគី​ដែល​ចូលរួម​ចរចា​បានប្រកាសថា ចំនុច​សំខាន់ ជាច្រើន​ត្រូវបាន​ភាគី​ឯកភាពគ្នា រួមមាន​ទាំង​ការព្យួរ​ទណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​ផង ប៉ុន្តែ​នៅសល់ បញ្ហា​ជាច្រើន​ទៀត​ដែល​ត្រូវ​ដោះស្រាយ​តាមរយៈ​ការចរចា​បន្ត​នៅពេល​ខាងមុខ។


រឿន ភា​រុន រាយការណ៍​ព័ត៌មាន​លម្អិត

**audi02**

ចុងក្រោយ​ភាគី​តំណាង​មហាអំណាច​ប្រាំ​បូក​មួយ និង​អ៊ីរ៉ង់​ផង​នោះ បាន​ឯកភាពគ្នា​សម្រេច កិច្ចព្រមព្រៀង​ស្តីពី​បញ្ហា​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង​មុនពេល​កំណត់​ចុងក្រោយ។ ភាគី​ដែល​ចូលរួម​ចរចា ទាំងអស់​អាច​សម្រេច​កិច្ចព្រមព្រៀង​បាន ក្រោយ​ពួកគេ​ចំណាយពេល​ចរចា និង​ពិភាក្សាគ្នា អស់​រយៈពេល​ប្រហែល​ប្រាំ​មួយថ្ងៃ​នៅក្នុង​ប្រទេស​ស្វី​ស។

គេ​រំពឹងថា ក្រោយ​សម្រេចបាន​កិច្ចព្រមព្រៀង​នេះ ទណ្ឌកម្ម​មួយចំនួន​ប្រឆាំងនឹង​អ៊ីរ៉ង់​នឹង ត្រូវ​ព្យួរ​បណ្តោះអាសន្ន​សិន ហើយ​កិច្ចពិភាក្សា​បន្ថែមនឹង​ត្រូវ​រៀបចំឡើង​បន្តបន្ទាប់​នៅ ពេល​ក្រោយ។ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergei Lavrov បានបង្ហាញ​ជំនឿ​ចិត្ត​ខ្ពស់​ចំពោះ ការបន្ត​ចរចា​បញ្ហា​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ខណៈពេល​សម​ភាគី​លោក គឺ​រដ្ឋមន្ត្រីការបរទេស បារាំង Laurent Fabius សង្កត់ធ្ងន់ថា ការចរចា​ពិតជា​ស្មុគស្មាញ លំបាក និង​ត្រូវ​ចំណាយ ពេលវេលា​យូរ។

បើ​យោងតាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក Marie Harf ភាគី​ពាក់ព័ន្ធ​អាចធ្វើអោយ កិច្ចចរចារ​ដ៏​តឹងតែង​អាចមាន​ពន្លឺ​ដោយ​ពួកគេ​អាច​ដោះស្រាយបញ្ហាសំខាន់ៗដែល​កំណត់​ក្នុង​កិច្ចព្រមព្រៀង​បាន​ហើយ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​អ្នកនាំពាក្យ​រូបនេះ​បានប្រកាសថា នៅ សល់​បញ្ហា​ប្រឈម​ជាច្រើន​ទៀត​ដែល​ភាគី​ត្រូវ​ពិភាក្សា និង​ដោះស្រាយ។
មហាអំណាច​ទាំងអស់​ព្យាយាម​បង្កើត​កិច្ចព្រមព្រៀង​មួយ​ដែល​ហាម​មិនអោយ​អ៊ីរ៉ង់​អាច​ប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ ដើម្បី​ផលិត​ជាស​ពា្វ​វុ​ធ បើទោះបីជា​អ៊ីរ៉ង់​ជានិច្ច​ជា​កាល​ប្រកាស ពេញមាត់​ថា ខ្លួន​មិនមាន​ចេតនា​ផលិត​អាវុធ​ឡើយ។ កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​គឺ​ប្រើប្រាស់ ដើម្បី​បម្រើ​ប្រយោជន៍​ស៊ីវិល​តែប៉ុណ្ណោះ។

ចំណែក​តំណាង​រដ្ឋាភិបាល​អ៊ីរ៉ង់​ឯណោះ​វិញ  បាន​បញ្ជាក់ថាបញ្ហាសំខាន់ៗពាក់ព័ន្ធ​ទណ្ឌកម្ម ប្រឆាំង​អ៊ីរ៉ង់​ត្រូវបាន​ភាគី​ចូលរួម​ចរចា​ដោះស្រាយបាន​ជោគជ័យ​ហើយ ប៉ុន្តែ​លោក​នៅតែ សង្កត់ធ្ងន់ថា​នៅសល់​បញ្ហា​ច្រើន​ទៀត​ទាក់ទិន​ការស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ថាមពលនុយក្លេអ៊ែរ​នៅ​មិនទាន់​ដោះស្រាយបាន​ជោគជ័យ​ឡើយ។

យ៉ាងណាក៏ដោយ​លោក​នៅ​ជឿជាក់ថា បញ្ហា​ទាំងនោះ​នឹងត្រូវ​ដោះស្រាយ​ជោគជ័យ​នៅពេល ខាង​មុខជា​បន្តបន្ទាប់​ទៀត។ បញ្ហា​ស្នូល​ដែល​ភាគី​មិនទាន់​អាច​រក​កន្លែង​ឯកភាពគ្នា​ឃើញ នោះ​គឺ​ការកម្រិត​សមត្ថភាព​ផលិត​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​ដែល​ត្រូវ​ប្រើប្រាស់​នៅពេល​អនាគត​ជាដើម​ផង។ ភាគី​ទាំងពីរ​កំពុង​ជជែក​ពិភាក្សា​រក​ដំណោះស្រាយ​ថា ត្រូវធ្វើ​ដូចម្តេច​ចំពោះ​សម្ភារៈ ផលិត​នុយក្លេអ៊ែរ​រប​ស់​អ៊ីរ៉ង់​បច្ចុប្បន្ន និង​កំណត់​ពេលវេលា​នៃ​ព្រមព្រៀង​នេះ​ផងដែរ។

តាមពិតទៅ អ៊ីរ៉ង់​បានស្នើ​សុំអោយ​មហាអំណាច​ទាំងនោះ​ដក​ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំង​អ៊ីរ៉ង់ ប៉ុន្តែ​មេដឹកនាំ​មហាអំណាច​ប្រាំ​បូក​មួយ​ត្រឹមតែ​ព្យួរ​ទណ្ឌកម្ម​សិន​ប៉ុណ្ណោះ ប្រសិនបើ​អ៊ីរ៉ង់​រំលោភ​កិច្ចព្រមព្រៀង ទណ្ឌកម្ម​ដែល​ព្យួរ​នឹងដាក់​ប្រឆាំង​អ៊ីរ៉ង់​ឡើងវិញ។




© រក្សាសិទ្ធិដោយ thmeythmey.com