អន្តរជាតិ
នយោបាយអន្តរជាតិ
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ចេញរូបរាងតែបញ្ហាច្រើននៅមិនទាន់ដោះស្រាយបាន
×
ដល់ថ្ងៃកំណត់យប់ថ្ងៃអង្គារភាគីពាក់ព័ន្ធមានមហាអំណាចប្រាំបូកមួយ និងអ៊ីរ៉ង់អាចសម្រេចកិច្ច ព្រមព្រៀងស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់បាន។ ភាគីដែលចូលរួមចរចាបានប្រកាសថា ចំនុចសំខាន់ ជាច្រើនត្រូវបានភាគីឯកភាពគ្នា រួមមានទាំងការព្យួរទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ផង ប៉ុន្តែនៅសល់ បញ្ហាជាច្រើនទៀតដែលត្រូវដោះស្រាយតាមរយៈការចរចាបន្តនៅពេលខាងមុខ។
រឿន ភារុន រាយការណ៍ព័ត៌មានលម្អិត
**audi02**
ចុងក្រោយភាគីតំណាងមហាអំណាចប្រាំបូកមួយ និងអ៊ីរ៉ង់ផងនោះ បានឯកភាពគ្នាសម្រេច កិច្ចព្រមព្រៀងស្តីពីបញ្ហាកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ងមុនពេលកំណត់ចុងក្រោយ។ ភាគីដែលចូលរួមចរចា ទាំងអស់អាចសម្រេចកិច្ចព្រមព្រៀងបាន ក្រោយពួកគេចំណាយពេលចរចា និងពិភាក្សាគ្នា អស់រយៈពេលប្រហែលប្រាំមួយថ្ងៃនៅក្នុងប្រទេសស្វីស។
គេរំពឹងថា ក្រោយសម្រេចបានកិច្ចព្រមព្រៀងនេះ ទណ្ឌកម្មមួយចំនួនប្រឆាំងនឹងអ៊ីរ៉ង់នឹង ត្រូវព្យួរបណ្តោះអាសន្នសិន ហើយកិច្ចពិភាក្សាបន្ថែមនឹងត្រូវរៀបចំឡើងបន្តបន្ទាប់នៅ ពេលក្រោយ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov បានបង្ហាញជំនឿចិត្តខ្ពស់ចំពោះ ការបន្តចរចាបញ្ហាកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ខណៈពេលសមភាគីលោក គឺរដ្ឋមន្ត្រីការបរទេស បារាំង Laurent Fabius សង្កត់ធ្ងន់ថា ការចរចាពិតជាស្មុគស្មាញ លំបាក និងត្រូវចំណាយ ពេលវេលាយូរ។
បើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Marie Harf ភាគីពាក់ព័ន្ធអាចធ្វើអោយ កិច្ចចរចារដ៏តឹងតែងអាចមានពន្លឺដោយពួកគេអាចដោះស្រាយបញ្ហាសំខាន់ៗដែលកំណត់ក្នុងកិច្ចព្រមព្រៀងបានហើយ។ ប៉ុន្តែយ៉ាងណាក៏ដោយអ្នកនាំពាក្យរូបនេះបានប្រកាសថា នៅ សល់បញ្ហាប្រឈមជាច្រើនទៀតដែលភាគីត្រូវពិភាក្សា និងដោះស្រាយ។
មហាអំណាចទាំងអស់ព្យាយាមបង្កើតកិច្ចព្រមព្រៀងមួយដែលហាមមិនអោយអ៊ីរ៉ង់អាចប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ដើម្បីផលិតជាសពា្វវុធ បើទោះបីជាអ៊ីរ៉ង់ជានិច្ចជាកាលប្រកាស ពេញមាត់ថា ខ្លួនមិនមានចេតនាផលិតអាវុធឡើយ។ កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺប្រើប្រាស់ ដើម្បីបម្រើប្រយោជន៍ស៊ីវិលតែប៉ុណ្ណោះ។
ចំណែកតំណាងរដ្ឋាភិបាលអ៊ីរ៉ង់ឯណោះវិញ បានបញ្ជាក់ថាបញ្ហាសំខាន់ៗពាក់ព័ន្ធទណ្ឌកម្ម ប្រឆាំងអ៊ីរ៉ង់ត្រូវបានភាគីចូលរួមចរចាដោះស្រាយបានជោគជ័យហើយ ប៉ុន្តែលោកនៅតែ សង្កត់ធ្ងន់ថានៅសល់បញ្ហាច្រើនទៀតទាក់ទិនការស្រាវជ្រាវនិងអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរនៅមិនទាន់ដោះស្រាយបានជោគជ័យឡើយ។
យ៉ាងណាក៏ដោយលោកនៅជឿជាក់ថា បញ្ហាទាំងនោះនឹងត្រូវដោះស្រាយជោគជ័យនៅពេល ខាងមុខជាបន្តបន្ទាប់ទៀត។ បញ្ហាស្នូលដែលភាគីមិនទាន់អាចរកកន្លែងឯកភាពគ្នាឃើញ នោះគឺការកម្រិតសមត្ថភាពផលិតសារធាតុអ៊ុយរ៉ាញ៉ូមដែលត្រូវប្រើប្រាស់នៅពេលអនាគតជាដើមផង។ ភាគីទាំងពីរកំពុងជជែកពិភាក្សារកដំណោះស្រាយថា ត្រូវធ្វើដូចម្តេចចំពោះសម្ភារៈ ផលិតនុយក្លេអ៊ែររបស់អ៊ីរ៉ង់បច្ចុប្បន្ន និងកំណត់ពេលវេលានៃព្រមព្រៀងនេះផងដែរ។
តាមពិតទៅ អ៊ីរ៉ង់បានស្នើសុំអោយមហាអំណាចទាំងនោះដកទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងអ៊ីរ៉ង់ ប៉ុន្តែមេដឹកនាំមហាអំណាចប្រាំបូកមួយត្រឹមតែព្យួរទណ្ឌកម្មសិនប៉ុណ្ណោះ ប្រសិនបើអ៊ីរ៉ង់រំលោភកិច្ចព្រមព្រៀង ទណ្ឌកម្មដែលព្យួរនឹងដាក់ប្រឆាំងអ៊ីរ៉ង់ឡើងវិញ។
© រក្សាសិទ្ធិដោយ thmeythmey.com