ជាតិ
អាជ្ញាធរ​រឹបអូស​បាន​សារធាតុ​គ្រឿងញៀន​ជិត៣០តោន និង​ប្រេង​ម្រះព្រៅ១៣៩ប៊ីដុង
01, Apr 2015 , 7:00 pm        
រូបភាព

 
នៅក្នុង​ឆ្នាំ២០១៤ អាជ្ញាធរ​រឹបអូស​បាន​សារធាតុ​ផ្សំ​ផលិត​គ្រឿងញៀន ជិត៣០តោន នៅក្នុង​ខេត្តតាកែវ និង​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល ព្រមទាំង​រកឃើញ​ប្រេង​ម្រះព្រៅ​ចំនួន១៣៩ប៊ីដុង​នៅឯ​ខេត្តពោធិ៍សាត់។  បើទោះបី​មានការ​រឹបអូស​បាន​សារធាតុ​ទាំងនេះ​ក៏ដោយ ក៏​នៅ​កម្ពុជា​មិនមាន​ផលិត​ការផលិត​គ្រឿងញៀន​សំយោគ និង​ការ​ចម្រាញ់​ប្រេង​ម្រះព្រៅ​នោះទេ នៅ​ឆ្នាំ២០១៤ ។ នេះ​បើតាម​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ ដែល​បាន​ស្រង់​ប្រសាសន៍​របស់លោក មាស វី​រិ​ទ្ធ អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន។



ថ្លែង​នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ២០១៤ និង​លើក​ទិសដៅ​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ២០១៥ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន លោក មាស វី​រិ​ទ្ធ បានបញ្ជាក់​ទៀតថា បើទោះបីជា កម្ពុជា​មិនមាន​ការផលិត និង​ការ​ចម្រាញ់​ប្រេង​ម្រះព្រៅ​ក៏ដោយ តែ​កម្ពុជា​បាន​ជួបប្រទះ​បញ្ហា​ប្រឈម​មួយចំនួនទៀត​ដូចជា​ការដាំដុះ​កញ្ឆា​នៅ​បណ្តា​ខេត្ត​មួយចំនួន និង​ការ​ចរាចរណ៍​គ្រឿងញៀន​នៅ​ខេត្តស្ទឹងត្រែង និង​ព្រះវិហារ​ជាដើម។

នៅក្នុង​សន្និបាត​នោះដែរ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានដាក់​ចេញ​ទិសដៅ​សម្រាប់​ឆ្នាំ២០១៥នេះ ដោយ​ជំរុញ​ការផ្សព្វផ្សាយ​អប់រំ​ផ្សព្វផ្សាយ​តាម​គ្រប់​រូបភាព​ជាប្រចាំ និង​ចំ​គោលដៅ​មុខសញ្ញា​ប្រឈម​នានា និង​ចលនា​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​មជ្ឈមណ្ឌល​ជាតិ អន្តរជាតិ អង្គការ​មិនមែន​រដ្ឋាភិបាល អង្គការ​សាសនា វិស័យ​ឯកជន សំដៅ​កាត់បន្ថយ​តម្រូវការ និង​ចេះ​បដិសេធ​គ្រឿងញៀន ព្រមទាំង​បន្ត​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ​ប្រទេស​ជាប់​ព្រំដែន សំដៅ​ជំរុញ​យន្តការ​ភូមិ ឃុំ​បៃតង​គ្មាន​គ្រឿងញៀន​នៅតាម​ព្រំដែន៕


© រក្សាសិទ្ធិដោយ thmeythmey.com