ជាតិ
នយោបាយជាតិ
នាយករដ្ឋមន្ត្រីប្រកាសថា ច្បាប់គ្រប់គ្រង NGOជិតចេញជារូបរាងហើយ
× ភ្នំពេញ៖ ស្របពេលដែរអង្គការក្រៅរដ្ឋាភិបាលភាគច្រើនកំពុងទាមទារឲ្យរដ្ឋាភិបាលបើក ទូលាយក្នុងការពិគ្រោះច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល មិនទាន់រួចផង នៅថ្ងៃទី១ មេសានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ច្បាប់គ្រប់គ្រង NGO នឹងត្រូវបានអនុម័តនាពេលដ៏ឆាប់ខាងមុខ។
ការប្រកាសដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា អង្គការក្រៅរដ្ឋាភិបាលមួយ ចំនួនកំពុងអនុវត្តការងារនៅក្រៅប្រព័ន្ធច្បាប់ និងបម្រើឲ្យផលប្រយោជន៍គណបក្ស នយោបាយនោះ ត្រូវបានប្រព្រឹត្តឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន នៅខេត្តស្ទឹងត្រែង។
«សូមអ្នកទាំងឡាយដឹងខ្លួនឲ្យបានច្បាស់ តួនាទីខ្លួនកម្រិតណា ហើយខ្ញុំប្រកាសទុកជាមុន ច្បាប់គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលនឹងចេញនាពេលខាងមុខ។ កុំវាធ្វើតាមចិត្តចង់ ព្រោះ ឥឡូវ អ្នកឯងកំពុងស្ថិតនៅក្រៅសំណាញ់ច្បាប់ហើយ។ ដូច្នេះច្បាប់អង្គការក្រៅរដ្ឋាភិបាល ត្រូវតែចេញ»។ នេះជាការសង្កត់ធ្ងន់របស់លោក ហ៊ុន សែន។
លោកនាយករដ្ឋមន្ត្រី បានរម្លឹកសេចក្តីព្រាងច្បាប់គ្រប់គ្រងអង្គក្រៅរដ្ឋាភិបាលតាំងពីឆ្នាំ ២០១០ ហាក់បីដូចជា ព្រមានដល់អង្គការមួយចំនួន ដែលតែងរិះគន់ដល់ច្បាប់បោះឆ្នោតថ្មីថាមិនមានឯករាជ្យនោះ។លោកបញ្ជាក់ខ្លាំងៗថា៖«តើកន្លែងណាទៅដែលថាអាក្រក់ជាងមុនច្បាប់នេះ គឺដំណើការបោះឆ្នោត សេរី យុត្តិធម៌ ហើយធានានីតិរដ្ឋ និងធានាសុខុដុមបនីយកម្ម។ នេះជាការកែទម្រង់ការបោះឆ្នោត។ គេកែទម្រង់ឲ្យល្អ។ កាលពីមុនជេរគេត្រឹមតែបង់លុយទេ តែឥឡូវបង់លុយផង ជេរម្តងទៀតគឺគេកាត់សិទ្ធិបោះឆ្នោតតែម្តង កាត់សិទ្ធិនយោបាយចោលតែម្តង ដើម្បីឲ្យរាងចាល។ តើត្រឹមត្រូវអត់? នេះជាការត្រឹមត្រូវ»។
ទាក់ទិនកាលើកឡើងរបស់នាយករដ្ឋមន្ត្រី លោកសឿង សារឿនប្រធានគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) ដែលតែងតែទាមទារឲ្យច្បាប់គ្រប់គ្រងដាក់ ពិគ្រោះយ៉ាងទូលាយតាំងពីឆ្នាំ ២០១០មកនោះ បាននិយាយថា ច្បាប់នេះ ធ្វើប៉ះពាល់ដល់ការងារអនុវត្តការងាររបស់ NGO យ៉ាងខ្លាំង។
«មាត្រាមួយចំនួននៃច្បាប់នេះ បានរារាំងក្នុងចុះបញ្ជីរបស់ NGO ជាពិសេសបើកទូលាយឲ្យអាជ្ញាធរធ្វើអធិការកិច្ចយ៉ាងទូលាយក្នុង NGO ដែលនេះជាការបន្តរឹតត្បិតក្នុងការបង្កើតសមាគម និងសិទ្ធិសេរីភាពបញ្ចេញមតិពលរដ្ឋ ដែលផ្ទុយពីមាត្រា៣៥ និង៣៦នៃរដ្ឋធម្មនុញ្ញ»។ នេះជាប្រសាសន៍របស់លោក សឿង សារឿន។
ប្រធានអង្គរក្រៅរដ្ឋាភិបាលរូបនេះ នឹងបន្តទាមទារឲ្យរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ ដើម្បីទូលាយក្នុងការពិគ្រោះយោបល់ មុននឹងដាក់ចេញឲ្យអនុវត្តន៍៕
© រក្សាសិទ្ធិដោយ thmeythmey.com