ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្ត្រី​ប្រកាសថា ច្បាប់​គ្រប់គ្រង NGOជិត​ចេញ​ជា​រូបរាង​ហើយ
01, Apr 2015 , 5:01 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ស្របពេល​ដែរ​អង្គការក្រៅរដ្ឋាភិបាល​ភាគច្រើន​កំពុង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បើក ទូលាយ​ក្នុងការ​ពិគ្រោះ​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល មិនទាន់រួច​ផង នៅ​ថ្ងៃទី១ មេសា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ច្បាប់​គ្រប់គ្រង NGO នឹងត្រូវ​បានអនុម័ត​នាពេល​ដ៏​ឆាប់​ខាងមុខ។



ការប្រកាស​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា អង្គការក្រៅរដ្ឋាភិបាល​មួយ ចំនួន​កំពុង​អនុវត្ត​ការងារ​នៅក្រៅ​ប្រព័ន្ធ​ច្បាប់ និង​បម្រើ​ឲ្យ​ផលប្រយោជន៍​គណបក្ស នយោបាយ​នោះ ត្រូវបាន​ប្រព្រឹត្តឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​មិត្តភាព​កម្ពុជា-ចិន នៅ​ខេត្តស្ទឹងត្រែង។

«សូមអ្នក​ទាំងឡាយ​ដឹងខ្លួន​ឲ្យ​បាន​ច្បាស់ តួនាទី​ខ្លួន​កម្រិតណា ហើយ​ខ្ញុំ​ប្រកាស​ទុកជាមុន ច្បាប់​គ្រប់គ្រង​អង្គការក្រៅរដ្ឋាភិបាល​នឹង​ចេញ​នាពេលខាងមុខ។ កុំ​វា​ធ្វើតាម​ចិត្ត​ចង់ ព្រោះ ឥឡូវ អ្នកឯង​កំពុងស្ថិត​នៅក្រៅ​សំណាញ់​ច្បាប់​ហើយ។ ដូច្នេះ​ច្បាប់​អង្គការក្រៅរដ្ឋាភិបាល ត្រូវតែ​ចេញ»។ នេះ​ជាការ​សង្កត់ធ្ងន់​របស់​លោក ហ៊ុន សែន។

លោកនាយក​រដ្ឋមន្ត្រី បាន​រម្លឹក​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​អង្គ​ក្រៅ​រដ្ឋាភិបាល​តាំងពី​ឆ្នាំ ២០១០ ហាក់បីដូចជា ព្រមាន​ដល់​អង្គការ​មួយចំនួន ដែល​តែង​រិះគន់​ដល់​ច្បាប់បោះឆ្នោត​ថ្មី​ថា​មិនមាន​ឯករាជ្យ​នោះ។លោក​បញ្ជាក់ខ្លាំងៗថា៖«តើ​កន្លែង​ណា​ទៅ​ដែលថា​អាក្រក់​ជាង​មុន​ច្បាប់​នេះ គឺ​ដំណើការ​បោះឆ្នោត សេរី យុត្តិធម៌ ហើយ​ធានា​នីតិរដ្ឋ និង​ធានា​សុ​ខុ​ដុម​ប​នីយកម្ម។ នេះ​ជាការ​កែទម្រង់​ការបោះឆ្នោត។ គេ​កែទម្រង់​ឲ្យ​ល្អ។ កាលពីមុន​ជេរ​គេ​ត្រឹមតែ​បង់លុយ​ទេ តែ​ឥឡូវ​បង់លុយ​ផង ជេរ​ម្តងទៀត​គឺ​គេ​កាត់​សិទ្ធិ​បោះឆ្នោត​តែម្តង កាត់​សិទ្ធិ​នយោបាយ​ចោល​តែម្តង ដើម្បី​ឲ្យ​រាងចាល។ តើ​ត្រឹមត្រូវ​អត់? នេះ​ជាការ​ត្រឹមត្រូវ»។

ទាក់ទិន​កា​លើកឡើង​របស់​នាយករ​ដ្ឋ​មន្ត្រី លោក​សឿង សារឿន​ប្រធាន​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា (CCC) ដែល​តែងតែ​ទាមទារ​ឲ្យ​ច្បាប់​គ្រប់គ្រង​ដាក់ ពិគ្រោះ​យ៉ាង​ទូលាយ​តាំងពី​ឆ្នាំ ២០១០មក​នោះ បាន​និយាយថា ច្បាប់​នេះ ធ្វើ​ប៉ះពាល់​ដល់​ការងារ​អនុវត្ត​ការងារ​របស់ NGO យ៉ាងខ្លាំង។

«មាត្រាមួយ​ចំនួន​នៃ​ច្បាប់​នេះ បាន​រារាំង​ក្នុង​ចុះបញ្ជី​របស់ NGO ជាពិសេស​បើ​ក​ទូលាយ​ឲ្យ​អាជ្ញាធរ​ធ្វើ​អធិការកិច្ច​យ៉ាង​ទូលាយ​ក្នុង NGO ដែល​នេះ​ជាការ​បន្ត​រឹតត្បិត​ក្នុងការ​បង្កើត​សមាគម និង​សិទ្ធិសេរីភាព​បញ្ចេញមតិ​ពលរដ្ឋ ដែល​ផ្ទុយ​ពី​មាត្រា៣៥ និង៣៦នៃ​រដ្ឋធម្មនុញ្ញ»។ នេះ​ជា​ប្រសាសន៍​របស់លោក សឿង សារឿន។

ប្រធាន​អង្គរ​ក្រៅ​រដ្ឋាភិបាល​រូបនេះ នឹង​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល តាមរយៈ​ក្រសួងមហាផ្ទៃ ដើម្បី​ទូលាយ​ក្នុងការ​ពិគ្រោះ​យោបល់ មុននឹង​ដាក់ចេញ​ឲ្យ​អនុវត្តន៍៕


© រក្សាសិទ្ធិដោយ thmeythmey.com