ជាតិ
ក្រសួង និងអាជីវករ ឯកភាពគ្នាផ្អាកការបូមខ្សាច់ពី៣ទៅ៦ខែ
×
ក្រុមអាជីរករទាំងអស់ នឹងមិនចេញទូក ឬសាឡង់ទៅបូមខ្សាច់ទៀតនោះទេ នៅក្នុងពេលដែលក្រសួងរ៉ែ និងថាមពលធ្វើការសិក្សាពីផលប៉ះពាល់នានា។ ការសិក្សានេះ មានរយៈពេលពី៣ទៅ៦ខែ។ ការព្រមព្រៀងគ្នានេះ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំពិភាក្សា ពិគ្រោះយោបល់ពាក់ព័ន្ធ នឹងការផ្គត់ផ្គង់តម្រូវការខ្សាច់ រវាង ក្រសួងរ៉ែនិងថាមពល និងអាជីវករ អាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១មេសានេះ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយ ក្រុមអាជីរករដែលមានអាជ្ញាប័ណ្ណខ្សាច់នៅក្រុងភ្នំពេញ និងខេត្តកណ្តាល លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានថ្លែងប្រាប់អ្នកសារព័ត៌មានថា អាជីវករទាំងអស់ នឹងមិនចេញទូក ឬសាឡង់ទៅបូមខ្សាច់ទៀតនោះទេ នៅអំឡុងពេលដែលខ្លួនមានអាជ្ញាបណ្ណធ្វើអាជីវកម្មអស់សុពលភាពនោះ។
លោក ឌិត ទីណា បានបញ្ជាក់ទៀតថា ការផ្អាកសកម្មភាពបូមខ្សាច់រយៈពេល ពី៣ ទៅ៦ខែនេះ គឺជាពេលវេលាដើម្បីឲ្យ ក្រសួង ធ្វើការសិក្សាពីផលប៉ះពាល់នានា មុននឹងសម្រេចឲ្យដំណើរការអាជីវកម្មឡើងវិញ។ ក្រសួង ក៏បានព្រមព្រៀងជាមួយនឹងអាជីវករថា នឹងចុះទៅត្រួតពិនិត្យដល់កន្លែងបូមខ្សាច់របស់ក្រុមអាជីករ នៅពេលខាងមុខ ព្រមទាំងបោះត្រាទៅលើក្បាលម៉ាស៊ីនបូមខ្សាច់ណាដែលអស់សុពលភាព ដើម្បីតាមដានឲ្យដឹងថា តើអាជីវករណាដែលបានប្រព្រឹត្តិល្មើសទៅនឹងការព្រមព្រៀងនេះ។
តែយ៉ាងណាក៏ដោយក្រុមអាជីវករ បានគូសបញ្ជាក់ដែរថា ពួកគាត់គឺជាអាជីវករ មិនមែនមែនជាឧក្រិដ្ឋជននោះទេ ហើយក៏មិនចង់ធ្វើអ្វីដែលខុសនឹងច្បាប់ដែរ។ ក្រុមអាជីវករ ក៏បានស្នើឲ្យក្រសួងពន្លឿនឲ្យបានឆាប់ ពីការសិក្សាពីផលប៉ះពាល់ ព្រោះថាចន្លោះពេលពី៣ខែទៅ៦ខែ គឺយូរណាស់សម្រាប់ពួកគាត់ដែលជាអាជីវករ។ ពួកគាត់បានបញ្ជាក់ថា ក្នុងរយៈពេលផ្អាកដំណើរការអាជីវកម្មនេះ អាចនឹងប៉ះពាល់ដល់ការផ្គត់ផ្គង់តម្រូវការ ជាពិសេសគឺបញ្ហាហិរញ្ញវត្ថុរបស់ពួកគាត់។
ក្រៅពីការឯកភាពគ្នានេះ ក្រសួងក៏បានប្រកាសលេខទូរសព្ទបីខ្ទង់ គឺលេខ៧២៧ ដើម្បីរាយការណ៍ពីបទល្មើសបូមខ្សាច់ នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ចំពោះអ្នកដែលចង់ផ្ញើរជារូបថត អាចផ្ញើតាមកម្មវិធី WhatsApp តាមរយៈលេខទូរស័ព្ទ ០៩៥ ៧២៧៧២៧ ។ ក្រសួងក៏បានសំណូមពរដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងអ្នកសារព័ត៌មានជួយសហការរាយការណ៍ពីបទល្មើសបូមខ្សាច់នានា នៅក្នុងខេត្តកណ្តាលនិងរាជធានីភ្នំពេញផងដែរ។
សូមបញ្ជាក់ថាបច្ចុប្បន្ន មានក្រុមហ៊ុនចំនួន១៩ ដែលមានអាជ្ញាប័ណ្ឌធ្វើអាជីវកម្មខ្សាច់ នៅក្នុងក្រុងភ្នំពេញ និងខេត្តកណ្តាល ប៉ុន្តែអាជ្ញាប័ណ្ឌធ្វើអាជីវកម្មទាំងនោះផុតសុពលភាព ហើយមានក្រុមហ៊ុនឈ្មោះ សុខ ទៀង តែមួយគត់ ដែលមានអាជ្ញាប័ណ្ណធ្វើអាជីវកម្មមានសុពលភាព ដែលមានទីតាំងនៅកោះអន្លង់ចិន ក្នុងស្រុកស្អាង ខេត្តកណ្តាល៕
© រក្សាសិទ្ធិដោយ thmeythmey.com