ជាតិ
ក្រសួងបរិស្ថានចាត់វិធានឲ្យមន្ត្រីការពារនិរន្តរភាពប្រព័ន្ធអេកូឡូស៊ី
×
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានចាត់វិធានការឲ្យមន្ត្រីថ្នាក់ក្រោម ពង្រឹងនូវនិរន្តរភាពប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជាពិសេសគឺសេវាកម្មអេកូឡូស៊ីសម្រាប់លើកស្ទួយជីវភាពប្រជាជននៅទីជនបទ។
នាពិធីបើកសន្និបាតសរុបលទ្ធផលការងារបរិស្ថានឆ្នាំ ២០១៤ នៅថ្ងៃទី១ មេសានេះ លោក សាយ សំអាល់ បាននិយាយថា ប្រព័ន្ធអេកូឡូស៊ី ជាជីវៈចម្រុះដ៏សំខាន់ក្នុងការផ្តល់សុវត្ថិភាព ស្បៀង សុខភាពមនុស្ស ពិសេសគឺកាត់បន្ថយភាពក្រីក្រ។
លោករដ្ឋមន្ត្រីបាននិយាយជំរុញថា៖«សំដៅធានាឲ្យបាននូវគុណភាពបរិស្ថានល្អ និរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ី ក្រសួងបរិស្ថាន ស្ថាប័ន ដៃគូអភិវឌ្ឍន៍ត្រូវបន្តនូវកិច្ចសហ ប្រតិបត្តិការ ទាំងផ្នែកបច្ចេកទេស និងថវិកា»។
ជាមួយនេះដែររដ្ឋមន្ត្រីក្រសួងបរិស្ថានក៏បានប្រកាសដាក់ឲ្យប្រើប្រាស់នូវកម្រងឯកសារចំនួន បីក្បាល ដែលទាក់ទងនឹងការងារបរិស្ថានដែរ ក្នុងនោះរួមមាន ទី១, របាយការណ៍ស្តីពី ស្ថានភាពបរិស្ថាន ការប្រែប្រួលអាកាសធាតុនិងសេដ្ឋកិច្ចតំបន់ឆ្នេរ។ ទី២, របាយការណ៍ បូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៤ និងទិសដៅឆ្នាំ២០១៥ និងទី៣, កម្រងឯកសារ ស្តីពីសកម្មភាពការងារក្រសួងបរិស្ថានឆ្នាំ ២០១៣ ដល់២០១៥ ។
យោងតាមយុទ្ធសាស្ត្រជាតិសម្រាប់ការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិឆ្នាំ ២០១៤ កម្ពុជាគ្របដណ្តប់ទៅដោយប្រព័ន្ធការពារធម្មជាតិតែ ២៦ប៉ុណ្ណោះ នៃផ្ទៃប្រទេសដែលមាន ២៣តំបន់ការពារធម្មជាតិ ក្នុងនោះ រួមមាន តំបន់ការពារព្រៃការពារចំនួន ៦កន្លែង និងដែន ជម្រកត្រីចំនួន ៨តំបន់៕
© រក្សាសិទ្ធិដោយ thmeythmey.com