ពិភពតារា៖ ស្រី​ណ​យ​សូម​មិន​ធ្វើ​ដូច​តារាចម្រៀង​ដទៃ
02, Apr 2015 , 9:28 am        
រូបភាព
ដោយ:


ភ្នំពេញ៖ តារាចម្រៀង​វ័យក្មេង កញ្ញា ណ​យ ដែល​ធ្លាប់តែ​ច្រៀង​បទ មនោសញ្ចេតនា ក៏​កំពុងតែ​ត្រៀម​ចេញ បទ​ចម្រៀង​ញាក់ ក្នុងពេលឆាប់ៗនេះ ប៉ុន្តែ​បែរជា​ប្រាប់​ឲ្យ​ដឹងថា នាង​សូម​មិន​ធ្វើ​ដូច​តារាចម្រៀង​ដទៃ​ដែល​បង្កើត​ក្រុម​រាំ​កំដរ​ឆាក​នោះទេ ។



តារាចម្រៀង​ស្រី​វ័យ ជាង២១ឆ្នាំ មានឈ្មោះ​ពិត​ថា សែម ស្រី​ណ​យ បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការងារ​ក្នុង​អាជីព​ចម្រៀង​របស់​នាង​ថា ពេលនេះ​នាង​រវល់​ថត​បទ​ចម្រៀង​វ៉ុល​ថ្មី​ថត MV សម្រាប់​បម្រើ​អារម្មណ៍​ទស្សនិកជន និងមិត្តៗយុវវ័យ ។ ក្នុងពេលឆាប់ៗខាងមុខនេះ ខាង​ផលិតកម្ម​ក៏​ត្រៀម​និពន្ធ​បទ​ចម្រៀង​ជា​ចង្វា​ក់ញាក់ ផ្លាស់ប្តូរ​ស្ទីល ក្នុងការ​បកស្រាយ​បទ​ចម្រៀង​របស់​នាង​ដែរ។ ម្យ៉ាង​ខាង​ផលិតកម្ម​ក៏​ចង់​ធ្វើ​តម្រូវ​ចិត្ត​យុវវ័យ​សម័យនេះ ថែម​ទៀតផង ។

តារាចម្រៀង ប្រចាំ​ផលិតកម្ម Big Man រូបនេះ បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​ពាក់​កណ្តា​ឆ្នាំនេះ នាង​ត្រៀម​ស្ទីល​ថ្មី ធ្វើ​ឲ្យ​ប្លែក​អារម្មណ៍ ។ នាង​បញ្ជាក់ថា ធម្មតា​ជា​តារា​សម្រាប់​មហាជន មិនត្រូវ​មាន​ស្ទីលដដែលៗទេ ត្រូវតែមាន​អ្វី​ប្លែក​ជានិច្ច។ សូម្បីតែ​ការបកស្រាយ​បទ​ចម្រៀង​ក៏​ដូចគ្នា​ដែរ ត្រូវតែ​រក​អ្វីដែល​ថ្មី ហើយ​ពេលនេះ ខាង​ផលិតកម្ម​ក៏​កំពុងតែ​រៀបចំ​បទ​ចម្រៀង​ជា​ចង្វាក់​ថ្មី សម្រាប់​នាង ដែល​មិន​ធ្លាប់មាន​ពីមុន គឺ​ការបកស្រាយ​បទ​បែប​ចម្រៀង​ចង្វា​ក់ញាក់។ នាង​អះអាងថា បទ​ត្រៀម​ចេញ​នេះ ធានាថា​ថ្មី ហើយ​ប្លែក​សម្រាប់​ទស្សនិកជន ។

នៅពេលដែល​សួរ​ដល់​ចំណុច​ដែល​តារា​ដទៃ​គិតថា អាច​ស្រូប​បានការ​គាំទ្រ​បន្ថែម ទាក់ទង​នឹង​ការបង្កើត​ក្រុម​រាំ​នោះ កញ្ញា ណ​យ បាន​ប្រាប់​ឲ្យ​ដឹងថា “ខ្ញុំ​មាន​ដុង(ទេពកោសល្យ) ខាង​រាំ​ច្រើន​គួរសម ប៉ុន្តែ​ខ្ញុំ​អត់​ចង់​បង្កើត​ក្រុម​រាំ ដូច​តារាចម្រៀង​ប្រុស​ស្រី​ផ្សេង​នោះទេ ព្រោះ​ខ្ញុំ​ចូលចិត្ត​ធ្វើ​ម្នាក់ឯង គិតថា​ល្អ ហើយ​ការ​រាំ​នោះ ប្រហែលជា​អាចមាន​ដៃគូ​រាំ​ជាមួយ​ម្នាក់​តែប៉ុណ្ណោះ ។ មិនមែនជា​លក្ខណៈ​ក្រុម​ដូច​តារា​ដទៃ​ទេ ។ ខ្ញុំ​និយាយ​បែបនេះ​មិនមែន​ចង់​មានន័យ​ប៉ះពាល់​លើ​អ្នកសិល្បៈ​ដូចគ្នា​ទេ តាមពិតទៅ​តារា​គ្រប់រូប​តែងតែមាន​ស្ទីលផ្សេងប្លែកៗពីគ្នា មិន​ដូចគ្នា​ទេ។ ដូច្នេះហើយ​បានជា​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ប្លែក​ខុសពី​គេ ហើយក៏​មិន​ចង់​បង្កើត​ក្រុម​រាំ​ផ្ទាល់ខ្លួន​ដែរ គឺ​ខ្ញុំ​ចង់​ធ្វើ​គ្រប់យ៉ាង​ដោយ​ខ្លួនឯង ខ្ញុំ​សង្ឃឹមថា ទស្សនិកជន​នឹង​បន្ត​គាំទ្រ​ខ្ញុំ​កាន់តែច្រើន​ខ្លាំង​ជាង​នេះ​បន្ថែមទៀត ” ៕


© រក្សាសិទ្ធិដោយ thmeythmey.com