ជាតិ
បទវិភាគ
«មន្ត្រី​ខ្មោច​ពុករលួយ» និង​មន្ត្រី«រយីក​រយាក»សម្លាប់​រដ្ឋ​ដូចគ្នា!
14, Oct 2015 , 10:00 pm        
រូបភាព

 
ភ្នំពេញ៖ ដោយ​មិន​និយាយ​លម្អិត​ពី«មន្ត្រី​ខ្មោច​ពុករលួយ»។ មន្ត្រីរាជការ​ខ្មែរ​មួយចំនួន​នៅតែ​មិនទាន់​បានមក​បម្រើការ​ងារ​ជូន​រដ្ឋ​អោយ​ខ្ជាប់ខ្ជួន​នៅឡើយ​ទេ។ មន្ត្រី​ខ្លះ មក​ធ្វើការ​តែ​ពាក់កណ្តាល​ថ្ងៃ រីឯ​ពាក់កណ្តាល​ថ្ងៃ​ទៀត ពួកគេ លួច​ម៉ោង​រដ្ឋ​ទៅធ្វើ​ការបម្រើ​ស្ថាប័នឯកជន។ មន្ត្រី​ខ្លះទៀត មក​កន្លែងធ្វើការ​ដើម្បី​ស្រង់​តែ​វត្តមាន​ប៉ុណ្ណោះ និង​មន្ត្រី​ខ្លះទៀត មិន​មក​ធ្វើការ​តែម្តង ប៉ុន្តែ​ពួកគេ​សន្យា​រក្សា​ប្រាក់ខែ​ទុក​ជូន​មេ​ខាងលើ។ តើ​ទង្វើ​អសកម្ម​របស់​មន្ត្រី«រយីក​រយាក»នេះ​ធ្វើអោយ​រដ្ឋ​បាត់បង់​ប្រយោជន៍​អ្វីខ្លះ?



នៅក្នុង​ប្រទេស​ជឿនលឿន​គោរព​ច្បាប់​មួយចំនួន មន្ត្រីរាជការ​របស់រ​ដ្ឋ​មិនអាច​ធ្វើការ​ពីរ ឬ​បី​កន្លែង​បានទេ។ មន្ត្រីរាជការ​ដែល​លួច​ធ្វើការ​ពីរ ឬ​បី​កន្លែង ដូច​នៅក្នុង​ប្រទេស​ក្រីក្រ​កម្ពុជា ត្រូវតែ​ប្រឈម​នឹង​ទណ្ឌកម្ម​រដ្ឋបាល ឬ​ប្រឈម​នឹង​ការបណ្តេញ​ចេញពី​ក្របខ័ណ្ឌ​រដ្ឋ។ ប៉ុន្តែ​សម្រាប់​ស្ថានភាព​នៅក្នុង​ប្រទេស​កម្ពុ​ជា​វិញ ដោយសារតែ​កម្រិត​ប្រាក់បៀវត្សរ៍​ទាប មន្ត្រីរាជការ​មក​ធ្វើការ​បម្រើ​រដ្ឋ​តាមចិត្ត​ចង់​ឬ​មក​ធ្វើ​ការអោយ​តែមាន​វត្តមាន​ប៉ុណ្ណោះ រីឯ​ផលិតភាព​ការងារ​ស្ថិតក្នុង​កម្រិត​ទាប​បំផុត។

មន្ត្រីរាជការ​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវបាន​គេ​បែង​ចែកជា​បី​ប្រភេទ។ ទី១ មន្ត្រីរាជការ​ធ្វើការ​រ​ដ្ឋ​ផង និង​ឯកជន​ផង។ ទី២ មន្ត្រីរាជការ​បម្រើការ​អោយ​ស្ថាប័នឯកជន តែ​ឆ្លៀតពេល​មក​ស្រង់​វត្ត​មាននៅ​ស្ថាប័នរដ្ឋ​ដើម្បី​ចៀសវាង​ការស្តីបន្ទោស​ឬ​ដេញ​ចេញពី​ស្ថាប័នរដ្ឋ និង​ទី៣ មន្ត្រីរាជការ​មក​ធ្វើការ​បម្រើ​រដ្ឋ​តែមួយ​មុខ​ប៉ុណ្ណោះ។ មន្ត្រី​ប្រភេទ​ទី​បី​នេះ​មួយចំនួន ច្រើនតែ​មន្ត្រី​ទទួលបាន​លាភសក្ការៈ​ពី​ក្រសួង​ស្ថាប័ន។ មន្ត្រីរាជការ​ដែល​គ្មាន​ទទួលបាន​ផលប្រយោជន៍​ពី​ស្ថាប័ន​របស់​រដ្ឋ ពួកគេ​ខ្ជីខ្ជា​នឹង​ការងារ​របស់​រដ្ឋ។

ប្រការ​ដែល​ជំ​រុញអោយ​មន្ត្រីរាជការ​មួយចំនួន«រយីក​រយាក»ជាមួយ​ការងារ​របស់​រដ្ឋ​គឺមាន​មូលហេតុ៤យ៉ាង​ចម្បង។ ទី១ គឺ​ដោយសារ​ប្រាក់ខែ​ទាប​មិនអាចរ​ស់បាន។ ទី២ គឺ​ដោយសារ​មន្ត្រី​រាជ​ការគ្មានការងារធ្វើ​ច្បាស់លាស់។ ទី៣ គឺ​ដោយសារ​រដ្ឋមន្ត្រី​ខ្លះ​ទម្លាក់​ការងារ​អោយតែ​ក្រុមការងារ​របស់ខ្លួន​ធ្វើ​តែប៉ុណ្ណោះ។ អ្នក​ដែល​មិន​ស្ថិតនៅក្នុង​ក្រុម​របស់​មន្ត្រីជាន់ខ្ពស់ ពួកគេ ត្រូវតែដើរ​ទាត់​ខ្យល់ និង​ទី៤ គឺ​ដោយសារ​ទម្លាប់​របស់​ម​ន្ត្រី​រាជការ​ខ្មែរ​មើលបំណាំ​គ្នា​ទៅវិញទៅមក។

ការមើល​បំណាំ​គ្នា​នេះ គឺ​ដោយសារ​តែមាន​មន្ត្រីរាជការ​មួយចំនួន​ដែលមាន​ខ្នងបង្អែក​នៅ​ពីក្រោយ ច្រើន​មិនសូវ​មក​ធ្វើការ​ទេ តែ​ពួកគេ​នៅតែ​រកប្រាក់​ចំណូល​បាន​ចាយវាយ​យ៉ាង​ហ៊ឺហារ​ដដែល។ ការមើល​ទម្លាប់​អាក្រក់​គ្នា​ទៅវិញទៅមក​នេះ​បាន​ជំ​រុញអោយ​មន្ត្រីរាជការ​ភាគច្រើន​ធ្វើការ​អោយតែ​រួចពីដៃរៀងៗខ្លួន។ ហើយ​ចរន្ត​នេះ​បាន និង​កំពុង​ក្លាយទៅជា​ប្រពៃណី​ដែល​រដ្ឋាភិបាល​ពិបាក​នឹង​កែតម្រូវ​ឡើងវិញ។

គួរ​បញ្ជាក់ថា នៅពេលដែល​មហាជន​ជួប​មុខមន្ត្រី​រាជការ ពួកគេ​ភាគច្រើន​តែងតែ​ចោទ​ជា​សំណួរ​ឡើង​ថា តើ​ធ្វើការ​នៅ​ចំ​កន្លែង​ខ្លាញ់​ឬទេ? សំណួរ​នេះ ត្រូវបាន​គេ​យល់​គ្រប់គ្នា​ថា តើ​ការងារ​នេះ​អាច​រកប្រាក់​ឬ​អាច​ពុករលួយ​បាន​ឬ​អត់?។ សំណួរ​នេះ​វា​ហាក់បីដូចជា​ក្លាយទៅជា​រឿង​សាមញ្ញ​ទៅហើយ ប៉ុន្តែ​វា​ក៏​បង្កប់​នូវ​ភាពអាម៉ាស់​របស់​ស្ថាប័នរដ្ឋ។
ដោយសារតែ​មន្ត្រីរាជកា​រ​នៅ​បន្ត​ធ្វើការ«រយីក​រយាក»  ដោយសារតែ​ប្រាក់ខែ​ទាប ដោយសារ​ការតែងតាំង​មន្ត្រី​ធ្វើឡើង​ដោយ​ប្រកាន់​បក្សពួក-គ្រួសារនិយម​យ៉ាង​ដូច្នេះ ទើប​អ្នកមានចំណេះដឹង​ជំនាញ​ខ្ពស់ មាន​ឧ​ត្ត​ម​គតិ​ពិតប្រាកដ ពិបាក​នឹង​សម្រប​ខ្លួន​ចូលធ្វើ​ការបម្រើ​រដ្ឋ។

ជា​លទ្ធផល ធនធានមនុស្ស​ពូកែ​ទាំងនោះ​មួយចំនួនធំ​បានសម្រេច​ចិត្ត​បង្កើត​ជំនួញ​ដោយ​ខ្លួនឯង។ អ្នក​ខ្លះទៀត ទៅ​បម្រើការ​នៅតាម​អង្គការក្រៅរដ្ឋាភិបាល និង​អ្នក​ខ្លះទៀត ទៅ​បម្រើ​ការអោយ​ក្រុមហ៊ុន​នៅក្រៅ​ប្រទេស​ជាដើម។ ពួកគេ​ចង់​ជួយ​អភិវឌ្ឍ​ជាតិ​ដែរ ប៉ុន្តែ​គ្មាន​ឳ​កាស​បញ្ចេញស្នាដៃ សមត្ថភាព និង​ភាពប៉ិនប្រសព្វ។

នៅពេលដែល​មន្ត្រីរាជកា​រ​ធ្វើការ​ដោយ«រយីក​រយាក»មិន​ហ្មត់ចត់ តើ​រដ្ឋ​បាត់បង់​ប្រយោជន៍​អ្វីខ្លះ?

ផលប្រយោជន៍៤យ៉ាង​ដែល​រដ្ឋាភិបាល​ត្រូវ​បាត់បង់។ ទី១ ផលិតភាព​ការងារ​របស់​រដ្ឋ​ត្រូវ​ចុះខ្សោយ។ ទី២ រដ្ឋ​បាត់បង់​ចំណូល​តាមរយៈ​ការចំណាយ​លើ​ប្រាក់ខែ​មន្ត្រី«រយីក​រយាក»មួយចំនួន។ ទី៣ គឺ​ស្ថាប័នរដ្ឋ​បាត់បង់​បាត់បង់​កិត្យានុភាព​ដោយសារតែ​មន្ត្រី​មក​ធ្វើការ​តាមរបៀប«រយីក​រយាក» និង​ទី៤ សេវាសាធារណៈ​របស់រ​ដ្ឋ​នៅតែ​ទន់ខ្សោយ​ដដែល។
សូមបញ្ជាក់ថា នៅក្នុង​ប្រទេស​កម្ពុជា សំណុំរឿង​មន្ត្រី«រយីក​រយាក»ជា​រឿង​តូច​ល្មម​ទេ។ រឿង​ដែល​ធំ​ជាង​នេះ គឺ​រឿង​វត្តមាន«មន្ត្រី​ខ្មោច​ពុករលួយ» ពីព្រោះ​បញ្ហា​ចុងក្រោយ​នេះ វារឹតតែ​ធ្វើអោយ​រដ្ឋ​ខាតបង់​ច្រើន​មែនទែន។ «មន្ត្រី​ខ្មោច​ពុករលួយ»អាចមាន​ន័យ​ពីរ​យ៉ាង។ ទី១ មានឈ្មោះ​ស៊ីប្រាក់ខែ តែ​បុគ្គល​មិនដែល​មក​ធ្វើការ​សោះ(ទៅធ្វើ​ការ​កន្លែង​ផ្សេង) និង​ទី​ពីរ មានតែ​ឈ្មោះ​ស៊ីប្រាក់ខែ តែ​គ្មាន​មនុស្ស​ទេ(ឈ្មោះ​បន្លំ)។

សរុបសេចក្តី​មក គេ​អាច​ទាញ​សេចក្តី​សន្និដ្ឋានបានថា វត្តមាន«មន្ត្រី​ខ្មោច​ពុករលួយ» ធ្វើអោយ​ចំណាយ​របស់រ​ដ្ឋ​កើនឡើង រីឯ​វត្តមាន​មន្ត្រី«រយីក​រយាក»ធ្វើអោយ​រដ្ឋ​បាត់បង់​ផលិតភាព​ការងារ។ ជា​លទ្ធផល​ចុងក្រោយ រដ្ឋ​ខាត​ទាំង​ថវិកា គ្មាន​ទាំង​ផលិតភាព និង​បាត់បង់​ប្រសិទ្ធិភាព​ការងារ៕  


© រក្សាសិទ្ធិដោយ thmeythmey.com