ជាតិ
អ្នកចម្រៀង​ច្រើន​រយ​នាក់ រួមទាំង​កម្ពុជា ច្រៀង​បទ I can’t stop loving you របស់​អាមេរិក
03, Apr 2015 , 11:40 am        
រូបភាព
ដោយ: ថ្មីៗ



នៅថ្ងៃនេះ លោក ឃុ​ត សុខឿន​នឹង​ជម្រាបជូន​ប្រិយមិត្ត​អ្នក​ស្តាប់​នូវ​ប្រវត្តិ​បទ​ចម្រៀង​ជា​ភាសា​អង់គ្លេស​មួយ​បទ​ដែលមាន​ចំណងជើង​ថា«I can’t stop loving you» និង បទ​ចម្រៀង​ខ្មែរ​ដែលមាន​ចំណងជើង​ថា «ឈប់​ស្រឡាញ់​មិនបាន» របស់​អ្នកស្រី រស់ សេរី​សុទ្ធា ។



    នេះ​គឺ​បទ  "I can’t stop loving you" ។ បទ​នេះ​ជា​ស្នាដៃ​និពន្ធ ទំនុកច្រៀង​បទ​ភ្លេង និង​ច្រៀង​ដោយ​លោក Don Gibson។ កាលពី​គ្រា​ដំបូង បទ​ចម្រៀង​នេះ ត្រូវបាន​ថត​នៅ​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ១៩៥៧ និង​បានចេញ​លក់​នៅ​ឆ្នាំ ១៩៥៨ ។ I can’t stop loving you គឺជា​បទ​ចម្រៀង​ប្រភេទ Country Music ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ពី​អ្នក​ស្តាប់​យ៉ាងច្រើន​លើសលប់​នា​សម័យ​នោះ។ សូមបញ្ជាក់ថា Country Music គឺជា​ប្រភេទ​តន្ត្រី​ម្យ៉ាង​របស់​បទ​ភ្លេង​ប្រជាប្រិយ​អាមេរិកាំង ដែលមាន​ដើមកំណើត​នៅ ភាគខាងត្បូង​សហរដ្ឋ   អាមេរិក​នៅ​ទសវត្សរ៍​ឆ្នាំ ១៩២០ ។


នៅ​ឆ្នាំ ១៩៥៨ ដដែល​បទ​ចម្រៀង  "I can’t stop loving you" ត្រូវបាន​ផលិតឡើង​សារ​ថ្មី និង​ត្រូវបាន​ច្រៀង​ដោយ​អ្នកចម្រៀង​ឈ្មោះ  Kitty Wells។ បទ​ចម្រៀង​នេះ បាន​ជាប់​ចំណាត់ថ្នាក់​លេខ៣ ក្នុង​តារាង U.S. Billboard Hot Country Singles។
   

៤ឆ្នាំក្រោយ​មកទៀត គឺ​នៅ​ឆ្នាំ ១៩៦២ អ្នកចម្រៀង​អាមេរិកាំង​ឈ្មោះ Ray Charles បាន​យក​បទ​ចម្រៀង​នេះ​មក​ច្រៀង​សារជាថ្មី​ម្តងទៀត។ បទ I can’t stop loving you របស់ Ray Charles បាន​ជាប់​ចំណាត់ថ្នាក់​លេខ១ ក្នុង​តារាង U.S. Billboard Hot 100 តារាង U.S. Billboard R&B single តារាង U.S. Billboard Adult Contemporary តារាង UK Single Chart តារាង Australian Singles Chart និង​ជាប់​ចំណាត់ថ្នាក់ លេខ៤ ក្នុង​តារាង Norwegian Singles Chart។

    នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៧០ ភាពល្បីល្បាញ​របស់​បទ I can’t stop loving you បាន​រសាត់​មកដល់​ក​ម្ពុ​ជា ។  អ្នកស្រី រស់ សេរី​សុទ្ធា បាន​ច្រៀង​បទ​ចម្រៀង​មួយ​បទ​ដែល ស្រដៀង​គ្នា​នឹង​បទ I can’t stop loving you ។ បទ​នោះ​មាន​ចំណងជើង​ថា “ឈប់​ស្រឡាញ់​មិនបាន។


បទ​ចម្រៀង I can’t stop loving you គឺជា​បទ​ចម្រៀង​ដ៏​ល្បីល្បាញ​របស់​ពិភពលោក។ អ្នកចម្រៀង​ស្ទើរ​គ្រប់​ជាតិ​សាសន៍​រាប់រយ​នាក់ បាន​យក​បទ​ចម្រៀង​នេះ​ទៅ​ច្រៀង ចាប់តាំងពី​ពាក់កណ្តាល​សតវត្សរ៍​ទី២០ រហូតមកដល់​ដើម​សត​វ​ស្សរ៍​ទី២១នេះ។ 




© រក្សាសិទ្ធិដោយ thmeythmey.com