ពិភព​តារា៖ ចាន់ ស្រីរ័ត្ន ថា​នៅ​មិនទាន់មាន​ម្ចាស់​ចិត្ត​នៅឡើយ​ទេ
04, Apr 2015 , 8:00 am        
រូបភាព
ដោយ:
ភ្នំពេញ៖ កាលពីពេល​ថ្មី​នេះ តារា​សម្តែង​ស្រករ​ក្រោយ កញ្ញា ចាន់ ស្រីរ័ត្ន បាន​បដិសេធ​ចំពោះ​ការ​លើកឡើងថា នាង​មាន​ម្ចាស់​ចិត្ត​ហើយ​នោះ ដោយ​នាង​និយាយ​អះអាង​នៅមុខ​អ្នក​សា​ព័រ​មាន​ថា នាង​នៅ​មិនទាន់មាន​ម្ចាស់​ចិត្ត​នៅឡើយ​ទេ។



ការ​ហ៊ាន​អះអាងថា ខ្លួន​នៅ​មិនទាន់មាន​សង្សារ​ប្រចាំចិត្ត​បែបនេះ ត្រូវបាន​ធ្វើឡើង​ក្រោយ​ពេលដែល​នាង​ទើបតែ​រើ​បម្រាស់​រួច​ពី​ការសម្តែង​ជា​តួ​រាយរង និង​ស្រវា​ចាប់បាន​តំណែង​តួឯក​ជា​លើកដំបូង​ក្នុង​រឿង «ម្ចាស់​គំនុំ ម្ចាស់​ស្នេហ៍» និង​បន្ទាប់ពី​ខ្លួន​នាង​កាន់តែ​មានការ​គាំទ្រ​ពី​មហាជន​នោះ។

ដោយ​ផ្តើម​ជីវិត​នៅលើ​វិថី​តារា​ជា​លើកដំបូង តាមរយៈ​ការជួយជ្រោមជ្រែង​របស់​អ្នកសិល្បៈ​ជើងចាស់​លោក ប្រាក់ ស៊ីថា  នៅក្នុង​ឆ្នាំ២០០៨ កញ្ញា​សម្បុរ​ស្រអែម ចាន់ ស្រីរ័ត្ន បាន​ឲ្យ​ដឹងថា នាង​បាន​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន ទម្រាំ​តែ​នាង​មានឱកាស​បានទទួល​តំណែង​ជា​តួឯក​ជា​លើកដំបូង​បែបនេះ។ តារា​ស្រី​រូបនេះ​បាន​បន្តថា សម្រាប់​ការសម្តែង​ខ្សែភាពយន្ត​កន្លងមក នាង​ទទួលបាន​ត្រឹមតែ​តំណែង​តួ​រាយរង និង​កំប៉ិកកំប៉ុក​តែប៉ុណ្ណោះ។

ចាន់ ស្រីរ័ត្ន បាន​អះអាងថា នាង​នៅតែ មិនទាន់​គិតពី រឿង​គូស្នេហ៍ គូ​ស្និទ្ធ​អ្វី​នៅឡើយ​ទេ សំខាន់​ចង់​រៀន​ឱ្យ​ចប់​មហាវិទ្យាល័យ​សិន ព្រោះ​ពេល នេះ​នាង​កំពុង​រៀន​ផ្នែក​គ្រប់គ្រង ថ្នាក់​ឆ្នាំ​ទី៣ នៅ​មហាវិទ្យាល័យ​ជាតិ​គ្រប់គ្រង។

ក្រៅពី​ការសិក្សា កញ្ញា ចាន់ ស្រីរ័ត្ន កំពុង​មមាញឹក​ខ្លាំង​ផងដែរ​ក្នុង​សិល្បៈ ដែល​ពេលនេះ នាង​បាននិងកំពុង​ត្រៀម​ចូលរួម​ថត​សម្តែង​វីដេអូ​រឿង ឲ្យ​ផលិតកម្ម​មហាហង្ស​ផងដែរ ប៉ុន្តែ​នៅ​មិនទាន់​អាច​ប្រាប់​ចំណងជើង​រឿង​បាន​នៅឡើយ​ទេ។

ថ្វីបើ ចាន់ ស្រីរ័ត្ន ជា​តួ​សម្តែង​ថ្មី តែ​ដោយមាន​រូប​សម្ផស្ស​សម្រស់​ល្អឆើត​ឆាយ ជាទី​គយគន់ គួបផ្សំ​នឹង បទពិសោធ បច្ចេកទេស នៃ​ការសម្តែង​មាន ភាព​ប៉ិនប្រសប់ ទើប​នាង​ត្រូវបាន​គេ​ទាក់ទង​ហៅចូល​សម្តែង​បានជា​ច្រើន​រឿង​នាពេល​កន្លងមក ដូចជា​រឿង “បេសកកម្ម​តន្ត្រី”, រឿង “ល្បិច​ស្រី”, រឿង “ម្ចាស់​បេះដូង”, រឿង “រាជិនី​ដួងចិត្ត” រឿង “ក្រោម​មេឃ​បើ​គ្មាន​អូន”, រឿង “បណ្តាសា​ថើប”… ជាដើម ។

ក្រៅពី​សម្តែង​រឿង វីដេអូ នាង​ថែមទាំង ជា​អ្នកដើរ​បង្ហាញ ម៉ូដ​ម្នាក់ និង បាន​ចូលរួម​ថត ស្ប៉ត​ពាណិជ្ជកម្មខ្លីៗ ជាច្រើន មានដូចជា​ស្ប៉ត គូស្នេហ៍​អាពាហ៍ពិពាហ៍​ស្រា​បៀរ​អាន់​ឆ័​រ, ថត​ស្ប៉ត​ម្សៅ​ប៉ុប​ពី, ថត​ស្ប៉ត ស្រា​បៀរ​ភ្នំពេញ, ថត​ស្ប៉ត​ឱ្យ​ឃ្យូ​ប, ថត​ស្ប៉ត​ស្តីពី​ការថែរក្សា​បរិស្ថាន ដែល​នាង​ធ្វើជា​គ្រូ​របស់​នាយ​ក្រិន, ថត​ស្ប៉ត​ពាណិជ្ជកម្ម ម៉ូតូ​ហុងដា​ឌ្រី​ម ២០១១, ថត ឱ្យ ANZ…. ជាដើម ៕



© រក្សាសិទ្ធិដោយ thmeythmey.com