ជាតិ
«ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត» មាន​ហេ​តុ​ផល​ដែល​ទទួលយក​បាន និង​មាន​កន្លែង​ខ្លះ​ដែល​ត្រូវ​កែលំអ
06, Apr 2015 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
ប្រធានបទ​ស្តីពី "ខ្លោ​ងទ្វារ​អង្គរ​សង្ក្រាន្ត" កំពុងតែ​ក្លាយជា​បញ្ហា​ដ៏​ចម្រូងចម្រាស់​នៅក្នុង​ស្រទាប់​អ្នកលេង Facebook និង​មហាជន​ទូទៅ។ ខ្ញុំ​សូម​ចូលរួម​យោបល់​បន្តិច ក្នុងនាម​ជា​អ្នកជំនាញ ជា​ប្រជាពលរដ្ឋ និង​ជា​សមាជិក​ដែល​បាន​ចូលរួម​ជួយ​រៀបចំ​អង្គរ​សង្ក្រាន្ត​ឆ្នាំនេះ។ ចំពោះ​បញ្ហា​នេះ ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ ស.ស.យ.ក និង​អាជ្ញាធរ​អប្សរា បាន និង​កំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ផងដែរ ដើម្បី​ទទួលយក​ការរិះគន់​ក្នុងន័យ​ស្ថាបនា។



ខាងក្រោម​នេះ​គឺ​គ្រាន់តែ​ជាការ​សង្កេត​របស់ខ្ញុំ​ប៉ុណ្ណោះ...

- ចំពោះ​ក្បាច់លំអ ៖
១. ក្បាច់លំអ​ដែល​ប្រើ​ចំពោះ​ផ្តែរ (ធ្នឹម)៖ គឺជាក្បាច់ចង្វាយ ដែលមាន​ប្រើប្រាស់​តាំងពី​សម័យមុន​អង្គរ អង្គរ ក្រោយ​អង្គរ រហូតដល់​ពេលបច្ចុប្បន្ន។

២. ក្បាច់​នៅ​សសរ​មាន​ក្បាច់៣តម្រៀប​គ្នា ៖ ក . ក្បាច់​ខាងលើ និង​ក្បាច់​ខាងក្រោម (រាង៤ជ្រុង) លំអ​ដោយ​ក្បាច់​ត្របកឈូក​អង្គរ ឬ​មាន​សណ្ឋាន​ជា​ក្បាច់​សន្លឹក​ចក​បំបែក ដែលមាន​ប្រើ​នៅក្នុង​សម័យអង្គរ (នៅ​ចំ​កណ្តាល​សន្លឹក​ទ្វារ និង​ទ្វារបញ្ឆោតនីមួយ) ។ ខ . នៅ​តួ​សសរ (រាង​ចតុកោណកែង) លំអ​ដោយ​ក្បាច់​ភ្ញី​នៅ​ពី​ខាងក្នុង ដែលជា​ទូទៅ​គេ​ប្រើ​សម្រាប់​លំអ​តាម​ហោជាង នា​សម័យ​ក្រោយ​អង្គរ។

៣. ដំបូល​ខាងលើ ៖ គឺមាន​សណ្ឋាន​ដូចជា​រូប​ឆ័​ត្រ ដែល​យក​លំនាំ​តាម​ឆ័​ត្រ​សម្រាប់​បាំង​ព្រះមហាក្សត្រ (ដែលមាន​នៅលើ​ចម្លាក់​ប្រាសាទអង្គរវត្ត បា​យ័ន្ត និង​បន្ទាយឆ្មារ...)

៤. ដង​ឬ​ដៃស្នា (លំនាំច្នៃ)៖ ជាទូទៅ​យើង​ឃើញ​មាន​លំអ​តាម​សំណង់​អាគារ​សម័យក្រោយៗ ជាពិសេស​គឺ​ស.វ​ទី១៩ ដល់ពេល​បច្ចុប្បន្ន (ផ្ទះ​បុរាណ វត្ត​អារាម និង​អាគារ​រដ្ឋបាល​ជាដើម...។ល)

៥. រូប​សត្វ​ពពែ ៖ ជាសត្វ​តំណាង​ឆ្នាំ មមែ ដែល​ផ្តល់​សិរី​សួស្តី ជ័យ​មង្គល បវរ​មហាប្រសើរ ជូន​ដល់​ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស ជាពិសេស​គឺ​អ្នក​ដែល​ចូលរួម​ព្រឹត្តិការណ៍​នៅ​តំបន់​អង្គរ​តែម្តង។

៦. អក្សរ ៖ " អង្គរ​សង្ក្រាន្ត " យកគម្រូតាម​អក្សរ​ដែល​ខ្មែរ​បាន​ប្រើប្រាស់​តាំងពី​យូរយារ​ណាស់​មកហើយ។

- ការប្រើប្រាស់​ពណ៌ ៖
រហូតមកដល់ពេ​ល​នេះ យើង​ពិតជា​មិនបាន​ដឹងថា តើ​ខ្មែរ​សម័យមុន (ជាពិសេស​សម័យអង្គរ) ពេល​គេ​កសាង​សំណង់​ប្រាសាទ​ហើយ តើ​គេ​ប្រាស់​ប្រាស់​ពណ៌​អ្វីខ្លះ​ក្នុងការ​តុបតែង​លំអ​សម្ភារៈ​សំណង់។ ប៉ុន្តែ យោងតាម​ការស្រាវជ្រាវ យើង​ឃើញ​មាន​ពណ៌​មួយចំនួន​ត្រូវបាន​ប្រើប្រាស់​លើ​វត្ថុ​សិល្បៈ និង​លាប​តាម​ជញ្ជាំង​ប្រាសាទ និង​វត្ត​អារាម​គឺ៖ ពណ៌​ក្រហម ទឹកមាស លឿងទុំ ស បៃតង និង​ម្រ័គ...។ ចំពោះ​សំណង់​សាសនា​ភាគច្រើន​គឺ​ប្រជាជន​ខ្មែរ​បាន​ប្រើ​ពណ៌​លឿង ស ក្រហម និង​ទឹកមាស(សម្រាប់​លំអ​កន្លែង ឬ​ដើម្បី​រំលេច​ក្បាច់សំខាន់)

- ទម្រង់​និង​ការបង្ហាញ​ក្លោងទ្វារ​អង្គរ​សង្ក្រាន្ត២០១៥ ៖
ជាទូទៅ ការបង្ហាញទម្រង់ជាក្លោងទ្វារដែលមា​ន​ក្បាច់លំអ​បញ្ចូល​គ្នា​គឺ តាំងពី​សម័យអង្គរ ក្រោយ​អង្គរ និង​ស.វ​ទី១៩ លំអ​នៅតាម​ផ្តែរ និង​សសរ​ទាំងពីរ។

- ចំណុច​ខ្វះខាត​មួយចំនួន​ដែល​ត្រូវ​បន្ថែម​ដូចជា ( បើសិនជា​អាច )៖
ក. ក្បាច់​ដែល​ប្រើ​ចំពោះ​សសរ​ទាំងពីរ គួរតែ​បន្ថែម​អោយ​ច្រើនជាង​នេះ (ដោយមាន​ក្បាច់​ចិញ្ចៀន ឬ​ក្បាច់​ពងត្រី​លំអ​នៅតាម​ចន្លោះ​ក្បាច់​ក្បាលសសរ តួ​សសរ និង​ជើង​សសរ) ហើយ​បើសិនជា​អាចទៅរួច​គួរតែ​ប្តូរ​ក្បាច់​ចង្វាយ (ដែល​ប្រើ​នៅលើ​ផ្តែ មក​ជំនួស​ក្បាច់​ភ្ញី​វិញ)

ខ. ក្បាច់​នៅ​ផ្តែ​ខាងលើ អាច​ប្រើប្រាស់​ក្បាច់​សន្លឹក​អង្គរ​បំបែក​ចំហៀង​មក​ជំនួស​វិញ ឬ​បន្ថែម​ជា​រូប​អប្សរា​រាំ។

គ. ចំពោះ​ក្បាច់លំអសំខាន់ៗ គួរប្រើ​ពណ៌​មាស​ជំនួស​វិញ ហើយ​ផ្ទៃ​ខាងក្រោយ​អាច​ជ្រើសរើស​ពណ៌​ផ្សេង​ក៏បាន ជាពិសេស​ពណ៌​ក្រហម។ សូមបញ្ជាក់ថា ជញ្ជាំង​របស់​ប្រាសាទអង្គរវត្ត និង​ប្រាសាទ​មួយចំនួន​នៅ​តំបន់​អង្គរ និង​ទូទាំងប្រទេស ក៏មាន​ប្រើប្រាស់​ពណ៌​ក្រហម ដើម្បី​លាប​លើ​ផ្ទៃ​ជញ្ជាំង​ដែរ។

ជា​សរុប​រួម រហូតមកដល់​ពេលនេះ​ក្រុមការងារ​បច្ចេកទេស និង​គណៈកម្មការ​រៀប​ចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នៅ​មិនទាន់​សម្រេចយក​ជា​ផ្លូវការ​ឡើយ (រូបភាព​ដែល​បងប្អូន​បានឃើញ) ព្រោះ​នៅសល់​កន្លែង​មួយចំនួន​ដែល​ត្រូវ​កែលំអ និង​តុបតែង​បន្ថែម។ ហេតុនេះហើយ សូមមេត្តា​បងប្អូនជ្រាបដំណឹង៕

អត្ថបទ៖ លោក ចិន្ត ច័ន្ទរតនា ក្នុងនាម​ជា​អ្នកជំនាញ ជា​ប្រជាពលរដ្ឋ និង​ជា​សមាជិក​ដែល​បាន​ចូលរួម​ជួយ​រៀបចំ​អង្គរ​សង្ក្រាន្ត​ឆ្នាំនេះ



© រក្សាសិទ្ធិដោយ thmeythmey.com