សង្គមអន្តរជាតិ​
កេ​ន​យ៉ា​ផ្តើម​សងសឹក​ដោយ​កម្ទេច​ក្រុម Al Shabab នៅសូម៉ាលី
06, Apr 2015 , 5:16 pm        
រូបភាព
ដោយ: ថ្មីៗ
រដ្ឋាភិបាល​កេ​ន​យ៉ា​បាន​បញ្ជា​អោយ​កងទ័ព​ជើង​អាកាស​ខ្លួន​ទម្លាក់​គ្រាប់បែក​ប្រឆាំង​ក្រុម​ភេរវជន Al Shabab នៅ​ប្រទេស​សូ​ម៉ាលី​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ។ ការវាយប្រហារ​តាមផ្លូវ​អាកាស​នេះ កើតមានឡើង​ក្រោយ​ពេលដែល​ក្រុម​ភេរវជន​ខាងលើ​វាយប្រហារ​សិស្ស​និស្សិត​នៅ​សាកលវិទ្យាល័យ​មួយនា​ទីក្រុង​ណៃ​រូ​ប៊ី សម្លាប់​មនុស្ស​អស់យ៉ាង​ហោចណាស់១៤០នាក់។


យន្តហោះ​ចម្បាំង​នៃ​កងទ័ព​ជើង​អាកាស​កេ​ន​យ៉ា​ចាប់ផ្តើម​យុទ្ធនាការ​របស់ខ្លួន​ក​ម្ទេ​ច​ជំរុំ​ក្រុម​ភេរវជន​អាល់​សា​បាប ដែល​ស្ថិតនៅ​ក្នុងប្រទេស​សូ​ម៉ាលី។ ការវាយប្រហារ​នេះ​ត្រូវបាន​គេ​ចាត់ទុក​ជាការ​សងសឹក​និង​តាម​បំបែកសម្បុក​ក្រុម​ភេ​ររ​ជន​ជ្រុលនិយម​នៅ​សូ​ម៉ាលី ដែល​ហ៊ាន​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​អមនុស្សធម៌ សម្លាប់​ប្រជាជន​កេ​ន​យ៉ា​អស់​រាប់រយ​នាក់​កាលពី​សប្តាហ៍​មុន។ ក្រុម​ភេរវជន​សូ​ម៉ាលី​នេះ បាន​បើក​ការវាយប្រហារ​សម្លាប់រ​ង្គា​ល​ប្រជាជន​កេ​ន​យ៉ា​នៅក្នុង​សាកលវិទ្យាល័យ​រដ្ឋ Garissa នា​រដ្ឋធានី​ណៃ​រូ​ប៊ី​ដែល​បានសម្លាប់​សិស្ស​និស្សិត​យ៉ាងហោចណាស់ ១៤០នាក់។

បើ​យោងតាម​ការ​អោយដឹងពី​សំណាក់​មន្ត្រី​យោធ​កេ​ន​យ៉ា ការវាយប្រហារ​នេះ​ផ្តោតលើ​ទីតាំងសំខាន់ៗចំនួន​ពីរ​កន្លែង​ជា​ជំ​រុំលាក់ខ្លួន​និង​ហ្វឹកហាត់​របស់​ក្រុម​នេះ​ក្នុងនោះ​មានដូចជា Gondodowe និង Ismail។ ប៉ុន្តែ​យ៉ាងណាក៏ដោយ គេ​មិនទាន់​បានដឹង​នៅឡើយ​ទេ​ថា ក្រោយ​ការវាយប្រហារ​មាន​ក្រុម​សកម្មប្រយុទ្ធ​នៃ​ក្រុម​នេះ​ប៉ុន្មាន​នាក់​ត្រូវ​សម្លាប់។ ទីតាំង​ទាំងពីរ​ខាងលើ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែន​កេ​ន​យ៉ា​ឡើយ ហើយជារឿយៗក្រុម​អាល់​សា​បាប​នេះ ឆ្លងដែន​តាមរយៈ​ទីតាំង​ខាងលើ​ដើម្បី​មក​វាយប្រហារ​កេ​ន​យ៉ា​ផង៕


© រក្សាសិទ្ធិដោយ thmeythmey.com