ឈិ​ត​សុវណ្ណ​បញ្ញា​មិន​សប្បាយចិត្ត​រឿង​គេ​ថា​មាន​សង្សារ​នៅ​កាណាដា
07, Apr 2015 , 9:59 am        
រូបភាព
ដោយ:

 
ភ្នំពេញ៖ តារាចម្រៀង​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​ឈិ​ត​សុវណ្ណ​បញ្ញា មួយរយៈ​ចុងក្រោយ​នេះ កំពុង​ត្រូវបាន​បក់បោក​ដោយ​ព្យុះ​ព័ត៌មាន​អាស្រូវ​ចេញផ្សាយ​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ស្នេហា​ដែល​លេច​ឮថា​មាន​សង្សារ​រស់នៅ​ប្រទេស​កាណាដា​ធ្វើ​ឲ្យ​តារា​រូបនេះ​សម្តែង​ការមិនសប្បាយចិត្ត​និង​ថែម​បានចេញ​មុខមក​បំភ្លឺ​រឿងរ៉ាវ​របស់​នាង​ទៀតផង។



ឈិ​ត​សុវណ្ណ​បញ្ញា​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​របស់​ស្ថានីយទូរទស្សន៍​អប្សរា កាលពីពេល​កន្លងទៅ​នា​ង​បាន​សម្តែង​ការហួសចិត្ត​នឹង​ព័ត៌មាន​ផ្សាយ​ថា​នាង​មាន​សង្សារ​នៅ​ប្រទេស​កាណាដា បណ្តាល​ឲ្យ​នាង​មិន​សប្បាយ​ចិត្តនឹង​ការចុះផ្សាយ​បែបនេះ ដែល​នាង​អះអាងថា វា​មិនមែនជា​ការពិត​នោះ។

ឈិ​ត​សុវណ្ណ​បញ្ញា​បាន​សង្កត់ធ្ងន់ថា​នាង​ពិតជា​មិន​សប្បាយចិត្ត​នឹងមាន​ព័ត៌មាន​ដែល​ផ្សាយ​ថា​នាង​មាន​សង្សារ​នៅ​ប្រទេស​កាណាដា​និង​ជិត​រៀបការ​ទៀតផង។នាង​បញ្ជាក់ថា​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​ក៏​ស្រាប់តែ​មិត្តភក្តិ​មួយចំនួន​បាន​ទូរស័ព្ទ​មក​សួរ​នាង​ថា​តើ​បញ្ញា​ឯង​រៀបការ​ខែ​ណា?ម៉េច​ក៏​មិនឃើញ​ចែក​ធៀប​ការ?ឈិ​ត​សុវណ្ណ​បញ្ញា​បន្ថែមថា​ពេលនោះ​ហើយ​ដែល​នាង​ហួសចិត្ត​និង​ចាំតែ​ឆ្លើយតប​បញ្ជាក់​ទៅ​មិត្តភក្តិ​វិញ​ដែល​បាន​ទូរស័ព្ទ​មក​សួរ​នាង​ជា​បន្តបន្ទាប់។

យ៉ាងណាក៏ដោយ​ឈិ​ត​សុវណ្ណ​បញ្ញា​បានបញ្ជាក់​ជុំវិញ​ការ​មានគូស្រករ​ផងដែរ​ថាបើ​នាង​ពិត​ជាមាន​គម្រោង​រៀបការ​ពិតមែន​គឺ​នាង​មិន​ធ្វើស្ងាត់ៗតែ​ពីរ​នាក់​ទេ​ប្រាកដជា​ត្រូវធ្វើ​ដោយ​ចេញមុខ បើកចំហ​ដូច​គេឯង និង​ប្រាកដជា​លេចឮ​សុះសាយ​មិន​ខាន៕




© រក្សាសិទ្ធិដោយ thmeythmey.com