ពិភព​តារា៖ រ៉េ​យ៉ា បង្ហើប​ថា ភាព​សិច​ស៊ី​ជា​រឿង​បន្ទាប់បន្សំ​មួយ​ដែរ
11, Apr 2015 , 8:40 pm        
រូបភាព
ដោយ:
ភ្នំពេញ៖តារា​សម្តែង​វ័យក្មេង និយម​ស្លៀកពាក់​សិច​ស៊ី នាង ដួង រតនា ហៅ​រ៉េ​យ៉ា ដែល​លេច​វត្តមាន​ក្នុង​ខ្សែ​វីដេអូ​ភាគ រឿង “ល្បង​ស្នេហ៍ ពិសោធ​ចិត្ត” បាន​បង្ហើប​ឲ្យ​ដឹងថា នៅពេលដែល​សួរថា ការ​ស្លៀកពាក់​សិច​ស៊ី វា​ជា​រឿង​មួយ​បន្ទាប់បន្សំ​ដែរ ប៉ុន្តែ​គឺ​សិច​ស៊ី​ត្រឹមតែ​ទស្សនិកជន​ទទួលយកបាន ខ្ញុំ​មិន​ហ៊ាន​សិច​ស៊ី​ឲ្យ​លើសពីនេះ​ទេ ត្បិត​អី​មាន​មេរៀន​ច្រើន​មកហើយ ដែល​សិល្បៈ​រៀមច្បង​រង​ទទួល​ការរិះគន់​ពី​មហាជន​នោះ។



ដោយសារ មាន​អំណោយផល​ពី​ធម្មជាតិ​នូវ​សម្រស់​ដ៏​ផូរផង់ បាន​ស្ទួយ​ឲ្យ​អ្នក​សម្តែង​ថ្មោងថ្មី​រូបនេះ ទទួលបាន​ការងារ​សិល្បៈ​ជា​បន្តបន្ទាប់។ លើសពីនេះ រ៉េ​យ៉ា ក៏​ជា​អ្នក​សម្តែង ដែល​លេងខ្លួន​មិន​សំចៃ​ដែរ ជាមួយនឹង​សម្លៀកបំពាក់​ឈុត​រ៉ូ​ប​ពណ៌​ខ្មៅ វៀល​ក​ចំហ​ទ្រូង លេច​ដើមទ្រូង​ដ៏​ស្រស់ស្អាត​គួរ​ឲ្យ​គយគន់។

អ្នក​សម្តែង ដែល​បាន​រសាត់​ខ្លួន​មកពី​តំបន់​ជាយដែន នៃ​ទឹកដី​ខេត្តបន្ទាយមានជ័យ​រូបនេះ មានការ​ចាប់អារម្មណ៍​ជាខ្លាំង ពី​ផលិតកម្ម​ភាពយន្ត​មួយចំនួន ទោះបីជា នាង​ទើបតែ​ប្រឡូក ក្នុង​សិល្បៈ​បាន​ជាង២ឆ្នាំ​ក៏ដោយ។ មិនតែប៉ុណ្ណោះ សម្រស់​ដ៏​គួរ​ឲ្យ​ទាក់ទាញ​របស់​នាង ធ្វើ​ឲ្យ​អ្នកកាសែត​ចោមរោម​ថតរូប​នាង កាលពីពេល​កន្លងទៅថ្មីៗនេះ។

ក្នុងជំនួប​ជាមួយ “ថ្មី”កាលពីពេល​កន្លងទៅ រ៉េ​យ៉ា បាន​រៀបរាប់​ពី​ដំណើរ​ការងារ​សិល្បៈ​សព្វថ្ងៃ​ថា នាង​កំពុង​មមាញឹក​ក្នុង​ការថត​ខ្សែភាពយន្ត​ភាគ ឲ្យ​បណ្តា​ស្ថានីយ៍ទូរទស្សន៍ ក្នុង​តំណែង​ជា​តួឯក​ឆ្នាសឆ្នើម។ នាង​បាន​និយាយថា “ចា​ស៎បង! មមាញឹក​ខ្លះ​ដែរ​ការងារ​សិល្បៈ ដោយ​សព្វថ្ងៃនេះ ខ្ញុំ​កំពុង​ជាប់រវល់​ថត​រឿង​ភាគ​ឲ្យ​ទូរទស្សន៍ ក្នុង​តំណែង​ជា​តួឯក​ឆ្នាស​មួយរូប ។

នៅពេលដែល​សួរថា តើ​ការ​ស្លៀកពាក់​សិច​ស៊ី ជា​ចំណុច​ចម្បង​ដែល រ៉េ​យ៉ា ត្រូវ​កសាង​ភាពល្បីល្បាញ​ក្នុង​ពិភព​សិល្បៈ​មែន​ទេ? នាង​ឆ្លើយថា “វា​ជា​រឿង​មួយ​បន្ទាប់បន្សំ​ដែរ ប៉ុន្តែ​យើង​សិច​ស៊ី​ត្រឹមតែ​ទស្សនិកជន​ទទួលយកបាន ខ្ញុំ​មិន​ហ៊ាន​សិច​ស៊ី​ឲ្យ​លើសពីនេះ​ទេ ត្បិត​អី​មាន​មេរៀន​ច្រើន​មកហើយ ដែល​សិល្បៈ​រៀមច្បង​រង​ទទួល​ការរិះគន់​ពី​មហាជន​នោះ។

កូនក្រមុំ​អ្នក​ប៉ោយប៉ែត​រូបនេះ បាន​រំលឹក​ពី​ដំណើរ​ចូល​សិល្បៈ​លើកដំបូង​ឲ្យ​ដឹងថា នាង​បាន​ចូលរួម​ប្រលង​ក្នុង​កម្មវិធី ស្រី​ឆ្នើម ប្រុស​ឆ្លាត របស់​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន នៅ​អំឡុង​ឆ្នាំ ២០០៩-២០១០ ប៉ុន្តែ​មាន​វាសនា​បានជា​ប់​ត្រឹម វគ្គ១០នាក់​ចុងក្រោយ​ប៉ុណ្ណោះ។ បន្ទាប់ពី​នោះមក រ៉េ​យ៉ា បានធ្វើ​តេស្ត​សម្លេង​ចូល​ច្រៀង​នៅ​ផលិតកម្ម​ស្ទឹងសែន ប៉ុន្តែ​ដោយសារ​ផលិតកម្ម​មានការ​រអាក់រអួល​ក្នុង​ការផលិត នាង​ក៏បាន​ផ្អាក​ទៅវិញ។ ក្រោយមកទៀត នាង​បាន​ចូលរួម​សម្តែង និង​រាំ Shoowឲ្យ​ផលិតកម្ម​មួយចំនួន​សម្រាប់​បុណ្យចូលឆ្នាំ​ខ្មែរ។

លុះដល់​ឆ្នាំ២០១២ នាង​បាន​ទៅធ្វើ​តេស្ត​សម្តែង​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន ហើយក៏​បានជា​ប់​ក្នុងការ​សម្តែង​រឿង​ភាគ ដែលមាន​ចំណងជើង​ថា “ល្បង​ស្នេហ៍ ពិសោធ​ចិត្ត”៕


© រក្សាសិទ្ធិដោយ thmeythmey.com