ជាតិ
ប្រពៃណី​ព្យួរ​គោម ពេល​ចូលឆ្នាំ​ខ្មែរ ប្រភព អ្នកស្រី កែវ ច័ន្ទបូរណ៍
14, Apr 2017 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ


ហេតុអ្វី​ខ្មែរ​យើង​ចូលចិត្ត​ព្យួរ​គោម ពេល​ចូលឆ្នាំ? មូលហេតុ​គឺ ៖
១- ថ្ងៃ​ប្រារព្ធ​ចូលឆ្នាំ​ខ្មែរ ស្ថិតនៅ​រដូវក្តៅ​ហើយ​ស្ងួត​បំផុត ពិបាក​ដើរលេង​ពេល​ថ្ងៃ ទើប​គេ​បង្កើត​ប្រពៃណី​ព្យួរ​គោម បំភ្លឺ​សម្រាប់​ធ្វើបុណ្យ​ពេលយប់ អោយ​មនុស្ស​បាន​មើលផ្លូវ នឹង​បាន​ដើរលេង​សប្បាយ ជុំគ្នា ដោយ​មិនមាន​អសន្តិសុខ។


២- ដើម្បី​លំអ​លំនៅឋាន អោយមាន​សោ​ភ៌​ណ​ភាព​ចិញ្ចាច​ច​ញ្ចែ​ង ប្រកបដោយ​មង្គល គួរ​ជាទីរ​មនា​ដួងចិត្ត។
៣- ដើម្បី​ជា​សក្ខីភាព​ពរជ័យ​ទេវតា​ប្រស់ព្រំ ពីលើ​មេឃ មកលើ​ជីវិត​មនុស្ស​លើដី អោយ​ប្រជាពលរដ្ឋ​គ្រប់គ្នា បានទទួល​នូវ​រាសី​ជោគជតា ល្អ​ពណ្ណរាយ​រុងរឿង ក្នុងឱកាស​ពេល​បុណ្យ​នេះ។
៤- ដើម្បី​ជា​ពន្លឺ​ប្រកាស ដាស់​ហៅ​ព្រលឹង​ដូនតា អោយមក​ចូលរួម​ប្រារព្ធ​បុណ្យចូលឆ្នាំ​ជាមួយ​កូនចៅ ជួបជុំគ្នា ហើយ​អោយមក​ប្រស់ព្រំ​កូនចៅ អោយបាន​រស់នៅ​ត្រជាក់ត្រជុំ ចាក​ផុត ពី​ភាពរាំងស្ងួត ក្រីក្រ ខ្វះខាត យល់​តែ​ភាពសំបូរ​សប្បាយ ត្រ​កុំ​ត្រកាល​ជានិច្ច។

តើ​គេ​ព្យួរ​គោម​មាន​រចនាបថ​ដូចម្តេចខ្លះ?
១- គោម​បុរាណ ច្រើន​ធ្វើ​ពី​សំពត់​ស្បៃ​សស្តើងៗ មាន​ឆ្អឹង​គោម ដែល​គេ​ពត់​ជា​រាង​ផ្កាយ រាង​មួល បួន​ជ្រុង ឬ៨ជ្រុង​ដោយមាន​រចនា​អោយមាន​ជា រាង​កន្ទុយ​នាគ កន្ទុយ​ត្រី មេអំបៅ ឬ​មាន​គូរ​ក្បាច់ផ្សេងៗ នៅលើ​ផ្ទាំង​ក្រណាត់​ទាំងនេះ ថែមទាំង​មាន​ដាក់​ចាន​ខ្លាញ់ត្រី នៅ​ចំ​កណ្តាល សម្រាប់​អុជ​បំភ្លឺ។ នៅពេល​អុជ​មក គោម​នឹងមាន​ពន្លឺភ្លើង ក្រហម​លឿងព្រឿងៗ ចាំង​ជះ​ទៅលើ​ទិដ្ឋភាព​ដី​ភូមិ ក្នុង​លក្ខណៈ​ស្រទន់​ប្រកបដោយ​មនោ​ស​ញ្ចេ​ត​សន្តិភាព។
២- នៅ​សម័យ​មាន​អគ្គីសនី ខ្មែរ​យើង​បាន​និយម​ប្រើ គោម​ដែលមាន​ខ្សែ​ចងភ្ជាប់​គ្នា​ជា​ជួរ មាន​រចនាបថ​និង​ពណ៌ប្លែកៗ ទៅតាម​ចំណង់​ចំណូលចិត្តរៀងៗខ្លួន។ មាន​កាល​ខ្លះ គេ​ប្រើ​គោម​ទោល​មួយ ដែលមាន​ទំហំ​ធំជាងគេ ព្យួរ​នៅមុខ​ខ្លោងទ្វារផ្ទះ ឬ​នៅ​ចំ​កណ្តាល​ដី​ធ្លា​ភូមិ សម្រាប់​ទុកជា​តំណាង​បណ្តូល​នៃ​ការជួបជុំ​ប្រារព្ធ​បុណ្យចូលឆ្នាំ។

តើ​គេ​ត្រូវ​ប្រយ័ត្នប្រយែង​យ៉ាងណាខ្លះ ក្នុងការ​ព្យួរ​គោម​បំភ្លឺ​លំនៅឋាន?

១- នៅ​សម័យ​ដើម គេ​ច្រើន​ដុត​ខ្លាញ់ត្រី ដើម្បី​បំភ្លឺ​គោម ដូច្នេះ​គេ​ត្រូវ​ព្យួរ​គោម នៅ​ឆ្ងាយ​ពី​ផ្ទះ កុំអោយ​ខ្យល់​វាយ​ធ្លាក់​ឆេះ​ផ្ទះ។ ភាគច្រើន​គេ​ព្យួរ នៅ​ចំ​កណ្តាល​ដី​ភូមិ ឬ​នៅតាម​ផ្លូវ កន្លែង​ដែលមាន​ចរាចរ មនុស្ស​ដើរទៅ​មក​ច្រើនជាងគេ។
២- នៅ​សម័យ​ប្រើ​អគ្គីសនី គេ​ច្រើន​ប្រយ័ត្ន នៅពេល​គេ​ត​ខ្សែភ្លើង កុំអោយ​មនុស្ស​ដើរ​ជាន់​ឆក់​ស្លាប់បាត់​បង់ជីវិត។ ជាពិសេស គេ​រិត​តែ​ធ្វើការ​ប្រយ័ត្ន​ជាមុន​ថែមទៀត សម្រាប់​ការពារ នៅពេល​មាន​ភ្លៀង ឬ នៅក្បែរ​ទឹកស្រះ​ជាដើម។
៣- គេ​ត្រូវ​ព្យួរ​គោម អោយ​ផុត​ជំហរ​មនុស្ស ដើម្បី​កុំអោយ​ប៉ះ​ក្បាល ឬ កុំអោយ​មនុស្ស​ឈោង​ចាប់​លេង នាំ​មាន​គ្រោះថ្នាក់។

តើ​ភស្តុតាង​បវេណី​នៃ​ការព្យួរ​គោម​នេះ មាននៅ​ក្នុងសង្គម​ខ្មែរ មាន​អ្វីខ្លះ?

១- ចំពោះ​អ្នក​ដែលមាន​ជំនឿ​អរូបី​បែប​បុរាណ​និយម គេ​យល់ថា មនុស្ស​លើ​លោក សុទ្ធតែ​ទទួល​ឥទ្ធិពល ពី​ផ្កាយ ភព​គ្រោះ មាន​ភព​អាទិត្យ ច័ន្ទ អង្គារ ពុធ ព្រ​ហ​ស្ប​ត្តិ៍ សុក្រ​និង​សៅរ៍ ជាដើម ហើយ​មាន ការចែក​វេន​គ្នា បំភ្លឺ​ពេល​ថ្ងៃ​និង​យប់។ នៅពេលណា មនុស្សលោក​បាត់បង់​ពន្លឺ ពី​ភព​ទាំងនេះ គេ​រស់នៅ​ពុំមាន​សិរី​មង្គល​ឡើយ។ ដោយសារ​ជំនឿ​នេះ គេ​បាន​សាង​គោម មាន​រាង​មូល ឬ​រាង​ផ្កាយ ទៅតាម​រូបរាង​នៃ​ភព​ទាំងនេះ ដែល​គេ​មើលឃើញ​ដោយ​ភ្នែក ដោយមាន​ដាក់​ប្រេង ឬ​ខ្លាញ់ត្រី​អុជ​បំភ្លឺ នៅពេលណា ភព​ជីវិត​របស់គេ​ប្រែង​ងិ​ត មើល​អ្វី​មិនឃើញ។ គេ​ច្រើន​ប្រើ​គោម ដោយមាន​រចនាបថប្លែកៗ ទៅតាម​ចំណូលចិត្ត​របស់​អ្នកស្រុក​អ្នកភូមិ ដើម្បី​ព្យួរ បំភ្លឺ​នៅពេល​មានបុណ្យ​ទាន ដូចជា​នៅពេល​ចូលឆ្នាំ បុណ្យអុំទូក វិសាខបូជា មាឃបូជា​ជាដើម។ គេ​ច្រើន​បង្ហោះគោម នៅពេល​ប្រារព្ធ​បុណ្យអុំទូក បណ្តែតប្រទីប ព្រោះ​រដូវ​នេះ​ដី​នៅ​សើម សំបូរ​ភ្លៀង​ច្រើន បើ​គោម​ធ្លាក់​មកលើ​ដី មិនសូវមាន​គ្រោះថ្នាក់​ឆេះ​ផ្ទះ។ ម្យ៉ាងទៀត គេ​ច្រើន​បង្ហោះគោម តែ​នៅ​តំបន់​មាត់ទឹក​ប៉ុណ្ណោះ ដូចជា​នៅ​ទន្លេសាប និង​ទន្លេ​បួន​មុខ​ជាដើម។

២- ខ្មែរ​បុរាណ​ចូលចិត្ត​និពន្ធ​បង្កើត​រឿងព្រេងប្លែកៗ និទានតៗគ្នា ដើម្បី​ជាការ​ផ្សារភ្ជាប់​មនោសញ្ចេតនា រវាង​មនុស្ស​និង​បវេណី​របស់ខ្លួន និង​ដើម្បីអោយ​ក្មេងជំនាន់ក្រោយ​ងាយ​ចងចាំ​ផង។ ឧទាហរណ៍ ដូចជា នៅក្នុង​រឿង ការប្រកួត​រវាង​បុរស​ស្ត្រី ក្នុង​ការសង់​ប្រាសាទបន្ទាយស្រី និង​បន្ទាយសម្រែ ដោយ​ប្រឌិត អោយ​ស្ត្រី​នាំគ្នា​ចង​គោម​មាន​រូប​ផ្កាយ​នៅពេល​កណ្តាលអធ្រាត្រ ដើម្បី​បន្លំ​ភ្នែក​ផ្នែក​បុរស ថា​ជា​ផ្កាយព្រឹក អោយ​ខាង​បុរស​ចូលដេក​មុន​អស់​ទៅ នៅពេល​ផ្នែក​ស្ត្រី​នៅ​បន្តការងារ ក្រោម​ពន្លឺ​គោម​ផ្កាយ​នោះ រហូត​ដល់ពេល​ផ្កាយព្រឹក មែនទែន​រះ​ឡើង​បំភ្លឺលោក​ជាដើម។

៣- សូម​ចំណាំ៖ គោម​ដែល​គេ​អុជ​បង្ហោះ នៅ​រដូវ​ចេញ​វស្សា ច្រើន​ជា​គោម​មាន​រាង​មូល​ទ្រវែង ឬ រាង​ជា​ធុង​បួន​ជ្រុង មាន​បន្តោង​ចង្កៀងខ្លាញ់ នៅ​ចំ​កណ្តាល។ ចំណែក​ចង្កៀងគោម ដែល​គេ​ច្រើន​អុជ​បំភ្លឺ​កណ្តាល​ធ្លា​ភូមិ ក្នុងពេល​បុណ្យ ឬ​សម្រាប់​ដាក់​តាំងនៅ​ក្លោងទ្វារ​ចូល ច្រើន​មាន​រាង​ផ្កាយ។ ចំពោះ គោម​ដែល​គេ​ដាក់តាំង អម​សងខាង​ក្លោងទ្វារ ច្រើន​មាន​រាង​កន្ទុយ​ត្រី កន្ទុយ​នាគ ឬ​កន្ទុយក្រពើ។ ចំណែក​គោម ដែល​គេ​ដុត​បំភ្លឺ សម្រាប់​តាំងតុ ច្រើន​មាន​រាង​ផ្កាឈូក ឬ រាង​ជា​ត្រឡោក​មូល ដូច​ផែនដី។




© រក្សាសិទ្ធិដោយ thmeythmey.com