ជាតិ
ទេវតា​ឆ្នាំ​ថ្មី​ព្រះនាម«រា​គ្យ​សៈ​ទេវី» ទ្រង់​សោយ«លោហិត»ជា​ភ​ក្ស​ហារ
14, Apr 2015 , 10:30 am        
រូបភាព
ដោយ: ថ្មីៗ



ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ ឆ្នាំមមែ សប្តស័ក ឆ្នាំ២០១៥នេះ សង្ក្រាន្ត​នឹង​ចូលមក​ដល់​នៅ​ថ្ងៃ១១រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី១៤ ខែមេសា ឆ្នាំ២០១៥ វេលា​ម៉ោង១៤ និង០២នាទី។ ទេពធីតា​ព្រះ​អង្គជា​មគ្គនាយិកា​ព្រះនាម «រា​គ្យ​សៈ​ទេវី» ជា​កូន​ទី​បី របស់​កបិល​មហាព្រហ្ម នឹង​មក​គ្រប់គ្រង និង​ថែរក្សា​ចក្រ​វា​សម្រាប់​ឆ្នាំ​ថ្មី​នេះ។ ព្រះ​នាង​សោយ«លោហិត»ជា​ភ​ក្ស​ហារ និង​ព្រះ​នាង​ទ្រង់​គង់​លើ​ខ្នង អស្សតរ (សេះ) ជា​ពាហនៈ។



ថ្ងៃ​អង្គារ ១១រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី១៤ ខែមេសា គ.ស. ២០១៥ វេលា​ម៉ោង ១៤ និង០២នាទី ជា​ថ្ងៃ​ចូលឆ្នាំ​មមែ សប្តស័ក (ជា​ថ្ងៃ​មហាសង្ក្រាន្ត)។

ថ្ងៃ​ពុធ ១២ រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី១៥ ខែមេសា គ.ស. ២០១៥ ជា​វារៈ​វ័​បត។

ថ្ងៃ​ព្រ​ហ្ប​តិ៍ ១៣ រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែមេសា គ.ស. ២០១៥ នៅវេលា​ម៉ោង ១៨និង២១នាទី ៣៦វិនាទី ជា​វារៈ​ឡើងស័ក គម្រប់​ជា​សង្ក្រាន្ត​បី​ថ្ងៃ​ស្រេច​បរិបូណ៌​ចូល​ជាស​កល ឆ្នាំមមែ សប្តស័ក ចុ.ស. ១៣៧៧ និង​ម.ស. ១៩៣៧ តទៅ។

នៅ​ក្នុងឱកាស​សង្ក្រាន្ត​ទាំងបី​ថ្ងៃ សូម​អស់​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ផង​ទាំងឡាយ​រៀបចំ​ពលិការ គ្រឿង​សក្ការបូជា អុច​ប្រទីបជ្វាលា ថ្វាយ​ព្រះ​រតនត្រ័យ និង​ទទួល​ស្វាគមន៍ ទេវបុត្រ ទេវធីតា​ឆ្នាំ​ថ្មី ហើយ​ខំ​លះបង់​ចិត្តអាក្រក់​អន្យតិរ្ថីយ ជា​ចិត្តអប្រីយ៍​ជាប់​ដោយ​គំនុំ​គុំ​គួ​ន​ព្យាបាទ​ឈ្នានីស ដែល​កើតមាន​ក្នុង​ឆ្នាំ​ចាស់​ឲ្យ​ជ្រះស្រឡះ​តាំងចិត្ត​ប្រព្រឹត្ត​ល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង​បញ្ញា ធ្វើបុណ្យ​ស​ន្ទ​រ៍​ទាន​តាម​ប្រពៃណី រក្សាសីល​ប្រាំ​ឲ្យ​បាន​ជាប់​ជានិច្ច នោះ​ទេវតា​នឹង​ឲ្យ​ពរ​សព្ទសាធុការ លោកអ្នក​នឹងមាន​សិរី​សួស្តី សុភមង្គល វិបុល​សុខ​គ្រប់ប្រការ​តាំងពី​ឆ្នាំ​ថ្មី​នេះ​តរៀង​ទៅ៕

ប្រភព៖ សៀវភៅ​មហាសង្ក្រាន្ត ឆ្នាំមមែ សប្តស័ក (ព.ស.២៥៥៩-គ.ស.២០១៥)



© រក្សាសិទ្ធិដោយ thmeythmey.com