កីឡាជាតិ
ជាតិ
កីឡា ៥ ប្រភេទ​នឹង​ដាក់​ឱ្យ​ប្រកួត​និង​សម្ដែង​​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ
14, Apr 2015 , 7:40 am        
រូបភាព
ដោយ:
យ៉ាងហោច​ណាស់​មាន​កីឡា​ចំនួន ៥ ប្រភេទ​រួម​មាន អុកចត្រង្គ, ទាញ​ព្រ័ត្រ, ល្បុក្កតោ, ចំបាប់ និង ប្រណាំង​រទេះគោ នឹង​ដាក់​ឱ្យ​ប្រកួត និង សម្ដែង​ក្នុង​ពិធី​​អង្គរ​សង្ក្រាន្ត អំឡុង​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​នេះ​ដែល​រៀបចំ​នៅ​ខេត្ត​សៀមរាប។



លោក ​នាក់ សើ​គី​រី​ន​ ប្រធាន​ក្រុម​ផ្នែក​រៀបចំ​​ល្បែង​ប្រជាប្រិយ​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ធ្លាប់​បាន​លើក​ឡើង​ថា ការ​ដាក់​ឱ្យ​ប្រទេស​កីឡា​ទាំង​នេះ​ក្នុង​ពិធី​អង្គរ​សង្ក្រាន្ត​គឺ​​ដើម្បី​​បង្ហាញ​ពី​សិល្បៈ​អរូបី​របស់​កម្ពុជា តាំង​ពី​បូរាណកាល​ ដែល​បាន​ចាក់ឫស យ៉ាង​ជ្រៅ​ទៅ​ក្នុង​ជីវភាព​​​​រស់​នៅ​របស់​ប្រជាជន​ខ្មែរ​គ្រប់​សម័យកាល។

សម្រាប់​អុកចត្រង្គ នៅ​សល់​បេក្ខភាព​ចំនួន ៨ នាក់​ដើម្បី​ប្រកួត​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​​ចាប់​ពី​​ថ្ងៃ​ទី ១៤ ដល់ ១៦ ខែ មេសា ឆ្នាំ ២០១៥ នៅ​មុខ​ប្រាសាទ​អង្គរវត្ត តែ​ម្ដង។ តាម​គម្រោង​ជើង​ឯក​នឹង​ទទួល​បាន​ប្រាក់​ចំនួន ៥០០០ ដុល្លារ​សហរដ្ឋអាមេរិក ​ជើង​ឯក​រង​នឹង​ទទួល​បាន ៣០០០ ដុល្លារ ចំពោះ​អ្នក​លេខ ៣ ទទួល​បាន​ ២០០០ ដុល្លារ និង​លេខ ៤ នឹង​ទទួល រង្វាន់​លួង​ចិត្ត ៥០០ ដុល្លារ។

ចំណែក​​ទាញព្រ័ត្រ​ជា​លក្ខណៈ​មិត្តភាព​វិញ មាន​គម្រោង​​ដាក់​ឱ្យ​ជាប់​ក្នុង​កំណត់ត្រា​ពិភពលោក (Guinness World Record​)ដោយ​ប្រកួត​នៅ​ថ្ងៃ​ទី ១៤ ខែ មេសា ពោល​គឺ​ថ្ងៃ​ទី ១ នៃ​ពិធី​ចូលឆ្នាំ​ខ្មែរ។ ខ្សែ​ព្រ័ត្រ​មាន​ប្រវែង ២៥០ម៉ែត្រ ស្រប​ពេល​អ្នក​ចូលរួម​ទាញ​មាន​ចំនួន​សរុប ២.៥០០នាក់ ក្បែរ​លាន​ជល់​ដំរី។

ចំណែក ការ​សម្ដែង​ក្បាច់គុន​ល្បុក្កតោ ប្រកួត​កីឡា​ចំបាប់ និង ប្រណាំង​រទេះគោ នឹង​ធ្វើ​ឡើង​ទាំង ៣ ថ្ងៃ​ក្នុង​ពិធី​តែ​ម្ដង ដោយ​ប្រណាំង​រទេះគោ ធ្វើ​ឡើង​នៅ​​អង្គរឃ្យុងយូ ចាប់​ពី​ម៉ោង ៣ រសៀល​តទៅ និង មាន​ខ្លះ​សម្ដែង​នៅ​លាន​ជល់​ដំរី។

ក្រៅ​ពី​ការ​ប្រកួត និង សម្ដែង​កីឡា ព្រឹត្តិការណ៍​​​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នេះ​ក៏​មាន​ប្រគំតន្រ្តី តាំងពិពណ៌​ពានិជ្ជកម្ម និង ឧស្សាហកម្ម ពិពណ៌​ម្ហូប​អាហារ លេង​ល្បែង​ប្រជាប្រិយ សម្ដែង​របាំ​ប្រពៃណី និង​កម្មវិធី​កម្សាន្ត​នានា ជូន​មហាជន​ទស្សនា​ផង​ដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com