កីឡាជាតិ
ជាតិ
World Cup៖ ក្រៅពីអាហ្វហ្គានី​ស្ថាន កម្ពុ​ជាមាន​ប្រវត្តិ​ប៉ះ​ជប៉ុន ស៊ី​រី និង​សឹង្ហ​បុរី
20, Apr 2015 , 10:16 am        
រូបភាព
ពីឆ្វេងទៅស្តាំ៖ Shinji Kagawa (ជប៉ុន) Sanharib Malki (ស៊ីរី) Amredin Sharifi (អាហ្វហ្គានីស្ថាន) Khairul Amri (សឹង្ហបុរី) និង ឃួន ឡាបូរ៉ាវី (កម្ពុជា)
ពីឆ្វេងទៅស្តាំ៖ Shinji Kagawa (ជប៉ុន) Sanharib Malki (ស៊ីរី) Amredin Sharifi (អាហ្វហ្គានីស្ថាន) Khairul Amri (សឹង្ហបុរី) និង ឃួន ឡាបូរ៉ាវី (កម្ពុជា)
លទ្ធផល​នៃ​ការចាប់​ឆ្នោត​រើស​ពូ​លវគ្គ​ជម្រុះ​ជុំ​ទី​ពីរ​ប្រចាំ​តំបន់​អាស៊ី​នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ បានបង្ហាញ​ឲ្យ​ឃើញថា កម្ពុជា​ស្ថិតនៅក្នុង​ពូ​ល E ជាមួយ​ជប៉ុន ស៊ី​រី អា​ហ្វ​ហ្គា​នី​ស្ថាន និង​សឹង្ហ​បុរី។ ក្នុងចំណោម​គូប្រជែង​ទាំង៤ អា​ហ្វ​ហ្គា​នី​ស្ថាន​គឺជា​ក្រុម​តែមួយគត់​ដែល​កម្ពុជា​មិន​ធ្លាប់បាន​ជួប​ប្រកួត។ សារព័ត៌មានថ្មីៗ សូម​ធ្វើការ​បង្ហាញ​ពី​កំណត់ត្រា​មួយចំនួន​នៃ​ការប្រកួត​របស់​កម្ពុជា ជាមួយ​ជប៉ុន ស៊ី​រី និង​សឹង្ហ​បុរី។



កម្ពុជា​ចាញ់​ជប៉ុន២លើក​កាលពី​ជាង៤០ឆ្នាំមុន
កម្ពុ​ជាមាន​ប្រវត្តិ​ជួប​ក្រុម​ជម្រើសជាតិ​ជប៉ុន​ចំនួន​ពីរលើក​កាលពី​ជាង៤០ឆ្នាំមុន។ ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី Asian Games នៅ​កីឡដ្ឋាន Suphachalasai Stadium ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៧០ កីឡាករ Eizo Yuguchi បាន​នាំ​ឲ្យ​ជប៉ុន​ទទួល​ជ័យជម្នះ ១-០ លើ​អតីត​សាធារណរដ្ឋ​ខ្មែរ នា​ការប្រកួត​នៅក្នុង​ពូ​ល B ។

ពីរ​ឆ្នាំ​ក្រោយមក ក្រុម​សាធារណរដ្ឋ​ខ្មែរ បាន​ជួប​ជប៉ុន​ម្តងទៀត​នៅក្នុង​ព្រឹត្តិការណ៍ Merdeka Cup នៅ​កីឡដ្ឋាន Merdeka Stadium ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី។ នា​ជំនួប​ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៧២ ជប៉ុន​បាន​យកឈ្នះ​កម្ពុជា ៤-១  ដោយ​ខ្សែប្រយុទ្ធ​ជប៉ុន Kunishige Kamamoto រកបាន៤គ្រាប់​តែម្នាក់ឯង ខណៈ​ខ្សែប្រយុទ្ធ ឌឿ​ក មា​លដរ (Doeuk Miladord) ស៊ុត​គ្រាប់​បាល់​បញ្ចូល​ទី​បង្គ្រប់កិច្ច​ឲ្យ​កម្ពុជា​នៅ៨នាទី មុន​បញ្ចប់​ការប្រកួត។

កម្ពុជា​ធ្លាប់​ចាញ់​ស៊ី​រី ៥-១ នៅលើ​ទឹកដី​ឥណ្ឌា​កាលពី​ឆ្នាំ២០០៧
កាលពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០០៧ ក្រោម​ជម្រើសជាតិ​ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​គ្រូបង្វឹក​អូស្ត្រាលី លោក Scott O’Donell បាន​ចាញ់​ស៊ី​រី ៥-១ ក្នុង​ព្រឹត្តិការណ៍ Nehru Cup នៅ​ទីក្រុង​ញូ​វ​ដេលី ប្រទេស​ឥណ្ឌា។ កម្ពុជា បាន​ហាលអាវ​ដោយ​បញ្ចប់​ចំណាត់ថ្នាក់​ចុង​គេ​ក្នុងចំណោម​ក្រុម​ចំនួន៥ ខណៈ​ស៊ី​រី បាន​ឈានទៅ​វគ្គ​បន្ត មុននឹង​ចាញ់​ម្ចាស់ផ្ទះ​ឥណ្ឌា ១-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ។

កីឡាករ​ដែល​ស្ថិតក្នុង​ជម្រើស​របស់លោក Scott នាពេលនោះ​មាន អ្នកចាំទី ពេជ្រ រ៉ូ​វិ​ន​យោធិន ចាន់ ដា​រ៉ា (អូ​ម ថាវរៈ ៨៣) គឹម ចាន់​ប៊ុន​រិ​ទ្ធ ធុល សុធា​រិ​ទ្ធ ស៊ុន ធួន ចាន់ រិទ្ធី សំអែល ណា​សា ទៀប វឌ្ឍនៈ សម មិនា (កែវ កុសល ៤៦ ) ហុក សុ​ទិ​ត្រា (ឃឹម បូរី ៦៨) ប៉ុក ចាន់ថន។ ទៀប វឌ្ឍនៈ គឺជា​កីឡាករ​ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទីមួយ​គ្រាប់​ឲ្យ​កម្ពុជា ក្រោយ ស៊ី​រី​នាំមុខ ៣-០ រួចទៅហើយ។

កម្ពុជា និង​សឹង្ហ​បុរី ប៉ះគ្នា១៤លើក ដោយ​កម្ពុជា​ធ្លាប់​ឈ្នះ​តែមួយ​លើក​គត់
យោងតាម​កំណត់ត្រា​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក (FIFA) កម្ពុជា និង​សឹង្ហ​បុរី មាន​ប្រវត្តិ​ជួបគ្នា​ជា​ផ្លូវការ​ចំនួន១៤លើក ដោយ​សឹង្ហ​បុរី​ឈ្នះ១១ លើក កម្ពុជា​ឈ្នះ១លើក និង​ស្មើគ្នា២លើក។ ក្រុម​ទាំង​ពីរបាន​ជួបគ្នា​ជា​លើកដំបូង​នា​ការប្រកួត​ជម្រុះ​ព្រឹត្តិការណ៍ Merdeka Cup ឆ្នាំ១៩៥៧ នៅក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ដោយ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ។ នៅ​ឆ្នាំ១៩៧២ កម្ពុជា​ដែល​ក្លាយជា​សាធារណរដ្ឋ​ខ្មែរ បាន​យកឈ្នះ សឹង្ហ​បុរី ៣-០ នា​ព្រឹត្តិការណ៍ Jakarta Anniversary Tournament ដែល​សម្រេចបាន​ដោយ កីឡាករ ឌឿ សុខុម ២គ្រាប់ និង កីឡាករ ទេស សៀន ១គ្រាប់។

សម្រាប់​ជំនួប​លើក​ទី​បី​នា​ឆ្នាំ១៩៧២ដដែល សាធារណរដ្ឋ​ខ្មែរ បាន​ចាញ់​សិង្ហ​បុរី ១-០ នា​ព្រឹត្តិការណ៍ Quoc Khanh Cup នៅក្នុង​ពូ​ល ប៉ុន្តែ​បើតាម​កំណត់ត្រា ក្រុម​សាធារណរដ្ឋ​ខ្មែរ បាន​ឈានទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​បំបាក់​ម្ចាស់ផ្ទះ​វៀតណាម​ខាងត្បូង ១-០ ដើម្បី​លើក​ពាន​ជា​ប្រវត្តិសាស្ត្រ។

ក្រុម​ទាំង​ពីរបាន​ជួបគ្នា​ជា​បន្តបន្ទាប់​ទៀត​ក្នុង​ព្រឹត្តិការណ៍ Merdeka Cup, ស៊ី​ហ្គេម(ពេល​មិនទាន់​កំណត់​អាយុ​ក្រោម២៣ឆ្នាំ) និង​ជាពិសេស​ពានរង្វាន់ AFF Suzuki Cup (អតីត Tiger Cup)។ ជំនួប​ចុងក្រោយ បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០០៨ ដោយ​សឹង្ហ​បុរី បាន​យកឈ្នះ​កម្ពុជា ៥-០ នា​ការប្រកួត​ពូ​ល A នៃ​ការដណ្តើម​ពានរង្វាន់ AFF Suzuki Cup នៅ​កីឡដ្ឋាន Gelora Bung Karno Stadium ក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី។ ខ្សែប្រយុទ្ធ គួច សុគ​ម្ភៈ និង​ខ្សែការពារ ស៊ុន សុវណ្ណ​រិទ្ធី គឺជា​សមាជិក​នៃ​ក្រុម​ជម្រើសជាតិ​ដែល​បាន​បង្ហាញខ្លួន​ក្នុងការ​ប្រកួត​ក្រោម​ការដឹកនាំ​របស់លោក ប្រាក់ សុវណ្ណារ៉ា។

លទ្ធផល​នៃ​ការចាប់​ឆ្នោត​កាលពី​រសៀល​ថ្ងៃទី១៤ ខែមេសា នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី
A៖ អារ៉ាប់​រួម​អេ​មី​រ៉េត អា​រ៉ា​បី​សា​អូឌីត ប៉ា​ឡេ​ស្ទី​ន ទី​ម័​រ​ខាងកើត ម៉ាឡេស៊ី
B៖ អូស្ត្រាលី ហ្ស៊​ក​ដង់ តា​ហ្ស៊ី​គី​ស្ថាន គៀក​ហ្ស៊ី​ស្ថាន បង់​ក្លា​ដែ​ស
C៖ ចិន កាតា ម៉ា​ល់​ឌី​វ ប៊ូ​តង់ ហុងកុង
D៖ អ៊ីរ៉ង់ អូ​ម៉​ង់ ឥណ្ឌា តួ​កមេ​នី​ស្ថាន ហ្គា​ម
E៖ ជប៉ុន ស៊ី​រី អា​ហ្វ​ហ្គា​នី​ស្ថាន សឹង្ហ​បូរី កម្ពុជា
F៖ អ៊ីរ៉ាក់ វៀតណាម ថៃ ឥណ្ឌូនេស៊ី ចិន-តៃប៉ិ
G៖ កូរ៉េខាងត្បូង គូ​វ៉ែត លី​បង់ មី​យ៉ាន់​ម៉ា ឡាវ
H៖ អ៊ូ​បេ​គី​ស្ថាន បា​រ៉ែ​ន ហ្វីលីពីន កូរ៉េខាងជើង យ៉េ​មែន

កម្មវិធី​ប្រកួត​សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា៖
ជើង​ទីមួយ៖

-១១ ខែមិថុនា៖ កម្ពុជា ជួប សឹង្ហ​បុរី
-១៦ ខែមិថុនា៖ កម្ពុជា ជួប អា​ហ្វ​ហ្គា​នី​ស្ថាន
-៣ ខែកញ្ញា៖ ជប៉ុន ជួប កម្ពុជា
-៨ ខែកញ្ញា៖ កម្ពុជា ជួប ស៊ី​រី

ជើង​ទី​ពីរ៖

-១៣ ខែតុលា៖ សឹង្ហ​បុរី ជួប កម្ពុជា
- ១២ ខែវិច្ឆិកា៖ អា​ហ្វ​ហ្គា​នី​ស្ថាន ជួប កម្ពុជា
-១៧ ខែវិច្ឆិកា៖ កម្ពុជា ជួប ជប៉ុន
-២៤ ខែ​មិនា ២០១៦៖ ស៊ី​រី ជួប កម្ពុជា



© រក្សាសិទ្ធិដោយ thmeythmey.com